(ភ្នំពេញ)៖ រហូតដល់ម៉ោង ៩:០០ព្រឹក ថ្ងៃទី២២ មិថុនា ឆ្នាំ២០២០ ពុំរកឃើញករណីជំងឺកូវីដ-១៩ ថ្មីទេ ដូច្នេះចំនួនសរុបកូវីដ-១៩ ១២៩នាក់ដដែល ខណៈចំនួនអ្នកសម្រាកនៅពេទ្យ សល់ ២នាក់ និងចំនួនអ្នកជាសះស្បើយសរុប ១២៧នាក់ និងស្លាប់គ្មាន។
គិតមកដល់ពេលនេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបង្ហាញថា បានធ្វើតេស្តចំនួន ៣១៦១៦ ស្មើនឹង ១៩០៤ ក្នុង ១លាននាក់។
តាមការលើកឡើងរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) បានឱ្យដឹងថា ជំងឺកូវីដ១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើង និងពិភពលោកកំពុងបន្តរាតត្បាត ដ៏ខ្លាំងក្លានៅឡើយ។
ករណីនេះ រដ្ឋាភិបាល នៅតែបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា និងឈរជជែកគ្នាគម្លាតពីគ្នាជាដើម។
សូមជម្រាបថា ប្រទេសកម្ពុជា បានរកឃើញករណីជំងឺកូវីដ១៩ ដំបូងបំផុតនៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ននេះ មានអ្នកឆ្លងសរុប ១២៩នាក់ មានស្រ្តីចំនួន ៣៩នាក់ និងបុរស ៩០នាក់ (គិតទាំងរលកទី១ និងរលកទី២ នៃករណីឆ្លងវីរុសកូវីដ១៩ នៅកម្ពុជា) ។ ក្នុងនោះ កម្ពុជាបានព្យាបាលជាសះស្បើយទាំងស្រុងបានចំនួន ១២៧នាក់ ដែលមានស្រី ៣៩នាក់ និងប្រុស ៨៨នាក់ ស្មើនឹង ៩៨,៤៥%៕