ខេត្តព្រះវិហារ ៖ ប្រាសាទព្រះវិហារ ទស្សនានៅពេលថ្ងៃរះប្រៀបបានឋានសួគ៌ គឺបីដូចជាប្រាសាទឯឋានសួគ៌មកប្រតិស្ឋានឲ្យឃើញច្បាស់នឹងភ្នែក ។ ទស្សនីយភាពដ៏អស្ចារ្យពន្លឺពណ៌មាសចែងចាំងលើភ្នំហ៊ុមព័ទ្ធទៅដោយលំហូរនៃពពក ក្រោមចង្កេះភ្នំប្រាសាទព្រះវិហារចាំទទួលស្វាគមន៍អ្នកទេសចរ ។ ទិដ្ឋភាពទាំងនេះហើយឲ្យយើងប្រៀបប្រាសាទព្រះវិហារទៅនឹងឋានសួគ៌ ដូចទៅនឹងអ្វីដែលបុព្វបុរសយើងបានសាងថ្វាយចំពោះព្រះអាទិទេពព្រះនាមព្រះស្រីសិខរីស្វរៈ ប្រែថា «អាទិទេពនៃកំពូលភ្នំ» ។
ប្រាសាទព្រះវិហារបានចាប់ផ្តើមកសាងឡើងដំបូង នៅដើមសតវត្សទី៩ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ (៨០២-៨៥០) រហូតដល់រជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ (១១១៣-១១៥០) ។ ក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័នទី២ (៨៤៤-៩៦៨) បានសរសេរថា ព្រះអង្គម្ចាស់ឥន្ទ្រាយុទ្ធ ជាព្រះបុត្រារបស់ព្រះបាទជ័យវរ្ម័នទី២ បានទៅធ្វើតបៈនៅភ្នំលិង្គបព៌ត(ប្រាសាទវត្តភូ ចំប៉ាសាក់ប្រទេសឡាវ) ហើយបាននាំយកលិង្គព្រះឥសូរពីថ្មភ្នំធម្មជាតិ (ស្វយម្ភូលិង្គ) មកតម្កល់នៅលើភ្នំព្រះវិហារក្នុងព្រះនាមអាទិទេព ព្រះស្រីសិខរីស្វរៈ ដែលមានន័យថាអាទិទេពនៃកំពូលភ្នំ ។ ស្រីសិខរីស្វរៈនេះហើយដែលហៅចំពោះលិង្គព្រះឥសូរតម្កល់នៅប្រាសាទព្រះវិហារ និងជាឈ្មោះប្រាសាទព្រះវិហារសម័យបុរាណផង ។ ប្រាសាទព្រះវិហារសាងសង់សម្រាប់ឧទ្ទិសចំពោះព្រះឥសូរ ក្នុងសាសនាព្រាហ្មណ៍ ។
ប្រាសាទព្រះវិហារមិនគ្រាន់តែជាមោទនភាពក្នុងផ្នែកសិល្បៈវប្បធម៌ប៉ុណ្ណោះទេ ក៏ជាមោទនភាពដ៏ធំធេង ឧត្តុង្គឧត្តមរបស់ខ្មែរលើគ្រប់វិស័យ និងជាសក្ខីភាពនៃមហាអំណាចរបស់ខ្មែរ នៃការគ្រប់គ្រងដ៏ល្អប្រសើរមួយ ដែលមានទ្រឹស្តីពិតប្រាកដនិយម មានចក្ខុវិស័យល្អខ្ពង់ខ្ពស់ ជាសក្ខីភាពនៃសេចក្តីអង់អាចក្លាហាន ពូកែរបស់ខ្មែរចេះបន្តវេនគ្នាឱ្យមានចីរភាព ។ កត្តានេះហើយដែលធ្វើឱ្យប្រទេសខ្មែរមានទឹកដីដ៏ធំទូលាយក្លាយជាអាណាចក្រមួយយ៉ាងធំនៅអាស៊ីអាគ្នេយ៍ ។ ប្រាសាទព្រះវិហារបានដាក់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងសម័យប្រជុំលើកទី៣២ នៅក្នុងទីក្រុងកេបិក ប្រទេសកាណាដា នាថៃ្ងទី៧ ខែកក្កដា ឆ្នាំ២០០៨ ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព