ភ្នំពេញ៖ មុននេះបន្តិច នាយកដ្ឋានប្រឆាំងនឹងជំងឺឆ្លង ក្រសួងសុខាភិបាល CDC បានចេញសេចក្តីជូនដំណឹងពីបច្ចុប្បន្នភាពវីរុសកូវីដ ១៩ ប្រចាំថ្ងៃក្នុងនៅប្រទេសកម្ពុជា ដោយគិតត្រឹមព្រឹកថ្ងៃច័ន្ទនេះ គឺមានអ្នកជាសះស្បើតម្នាក់ទៀតហើយ ខណៈគ្មានករណីឆ្លងថ្មីណាមួយត្រូវរកឃើញនោះទេ។
ជាមួយសេចក្តីជូនដំណឹងនេះ នាំឲ្យកម្ពុជាសល់តែអ្នកផ្ទុកមេរោគកូវីដ ១៩ ត្រឹម ២នាក់ប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយអ្នកទើបតែជាសះស្បើយជាបុរសជនជាតិខ្មែរ ហើយត្រូវអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ក្រោយធ្វើតេស្តជំងឺកូវីដ ១៩ លទ្ធផលអវិជ្ជមាន ចំនួន ២លើក។
ចាប់តាំងពីមានការឆ្លងរាតត្បាតកូវីដ ១៩ ដំបូងក្នុងប្រទេសកម្ពុជា នាថ្ងៃទី ២៧ មករា ឆ្នាំ២០២០ មក គិតទល់នឹងពេលនេះ គឺមានរយៈពេលសរុប ១៤៨ថ្ងៃហើយ ដោយកម្ពុជារកឃើញអ្នកឆ្លងសរុបត្រឹម ១២៩នាក់ ជាតួលេខទាបបំផុត បើធៀបទៅនឹងបណ្តាប្រទេសជិត ២០០ផ្សេងទៀតជុំវិញពិភពលោក ដោយក្នុងនោះ ១២៧នាក់ជាសះស្បើយ និងគ្មានករណីស្លាប់នោះឡើយ។
ទោះជាយ៉ាងណា ដើម្បីការពារករណីផ្ទុះរាតត្បាតកូវីដ ១៩ ទូទាំងប្រទេស រៀងរាល់ថ្ងៃមន្ត្រីជំនាញបានយកសំណាកសង្ស័យជាច្រើនរយនាក់ធ្វើការពិនិត្យរកមេរោគ ហើយត្រឹម ២៤ម៉ោង ថ្ងៃអាទិត្យ សំណាកសរុប ៣២១នាក់ ត្រូវបានយកទៅពិនិត្យ ប៉ុន្តែគ្មានរកឃើញវិជ្ជមានកូវីដ ១៩ នោះដែរ នាំឲ្យតួលេខសំណាកសរុបដែលបានពិនិត្យ មានដល់ទៅ ៣១ ៦១៦សំណាក៕ ដោយ៖ ត្នោត