អង្គការសហប្រជាជាតិ៖ យោងតាមការសិក្សារបស់អង្គការសហប្រជាជាតិ (UN) ចេញផ្សាយនៅថ្ងៃពុធនេះបានឱ្យដឹងថា ចំពេលមានការរីករាលដាលនៃជំងឺកូវីដ១៩ សាលារៀនមួយចំនួនត្រូវបានបិទទ្វារ ខណៈដែលសិស្សមួយភាគបីនៅលើពិភពលោក គ្មានលទ្ធភាពអាចរៀនអនឡាញបាន។
សរុបមកមានកុមារប្រមាណ ៤៦៣លាននាក់ ខ្វះខាតឧបករណ៍ ឬគ្រឿងអេឡិចត្រូនិចដើម្បីបន្តការសិក្សាពីចម្ងាយ (រៀនអនឡាញ)។ លោកស្រី Henrietta Fore នាយកប្រតិបត្តិមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនកុមារដែលការអប់រំរបស់ពួកគេត្រូវបានរំខានទាំងស្រុងអស់រយៈពេលជាច្រើនខែមកហើយនោះ គឺជាភាពអាសន្ននៃការអប់រំទូទាំងពិភពលោក។
លោកស្រីបានមានប្រសាសន៍ថា ៖ «ផលវិបាកអាចកើតមាននៅក្នុងសេដ្ឋកិច្ចនិងសង្គមរាប់ទសវត្សរ៍ខាងមុខ»។ អង្គការសហប្រជាជាតិប៉ាន់ប្រមាណថាកុមារចំនួន ១.៥ពាន់លាននាក់នៅទូទាំងពិភពលោកត្រូវបានរងផលប៉ះពាល់ដោយការបិទទ្វារ ឬការបិទសាលារៀនដែលកើតឡើងដោយសារជំងឺរាតត្បាត។របាយការណ៍នេះបានគូសបញ្ជាក់ពីភាពខុសគ្នានៃភូមិសាស្ត្រក្នុងការទទួលបានការអប់រំពីចម្ងាយ ដែលមានផលប៉ះពាល់ទៅផ្នែកអឺរ៉ុប តិចជាងនៅទ្វីបអាហ្វ្រិក ឬផ្នែកខ្លះនៃទ្វីបអាស៊ី។ របាយការណ៍របស់អង្គការសហប្រជាជាតិផ្អែកលើទិន្នន័យដែលប្រមូលបានពីបណ្តាប្រទេសប្រហែល ១០០ ដោយវាស់ស្ទង់ការចូលប្រើអ៊ីនធើរណេត ទូរទស្សន៍ និង វិទ្យុ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព