ការឈ្លោះជាមួយអ្នកសម្ភាសការងារមិនតែងតែប៉ះពាល់ដល់ឱកាសក្នុងការត្រូវបានជ្រើសរើសនៅថ្ងៃអនាគតទេ។ អ្នកជំនាញបានប្រាប់មកថា គន្លឹះសំខាន់គឺការដែលអ្នកឆ្លើយតបនឹងអ្នកសម្ភាស។
គោលដៅនៃការសម្ភាសន៍ការងារនីមួយៗគឺដើម្បីធ្វើឲ្យអ្នកសម្ភាសរបស់អ្នកចាប់អារម្មណ៍កាន់តែខ្លាំងលើអ្នកគ្រប់គ្រាន់រហូតដល់ផ្តល់ឱកាសការងារដល់អ្នក។ ដោយហេតុដូចនេះទើបមនុស្សជាច្រើនសន្មត់ថា ពួកគេត្រូវតែយល់ស្របតាមអ្វីទាំងអស់ដែលអ្នកសម្ភាសលើកឡើងដើម្បីមានឱកាសជោគជ័យច្រើន។
ផ្ទុយមកវិញ ការធ្វើដូច្នេះមានតែអាចបង្កជាបញ្ហាធំៗផ្សេងទៀតទេ ជាពិសេសនៅពេលដែលអ្នកទទួលបានការងារនោះពិតមែន។ លោកថូម៉ាស ហ៊ីលស៍ (Thomas Hills) ដែលជាសាស្ត្រាចារ្យម្នាក់នៅសាកលវិទ្យាល័យ Warwick បានប្រាប់មកថា បេក្ខជនត្រូវតែព្យាយាមបង្ហាញពីខ្លួនឯងពិតប្រាកដពេលសម្ភាសន៍ការងារ។
លោកបានបន្តទៀតថា ប្រសិនបើអ្នកទទួលបានការងារនោះពិតមែន អ្នកនឹងត្រូវប្រឈមមុខជាមួយអ្នកសម្ភាសអ្នក ឬមនុស្សប្រភេទតែមួយច្រើន ដូច្នេះប្រសិនបើអ្នកកុហក នោះអ្នកនឹងមិនអាចចូលចុះក្នុងបរិស្ថានការងារថ្មីឡើយ។
យ៉ាងណាក្តី លោកបានប្រាប់មកថា គន្លឹះសំខាន់គឺអ្វីដែលអ្នកមិនយល់ស្របនឹងអ្នកសម្ភាសមានសារៈសំខាន់ និងទាក់ទងនឹងការងារដែលអ្នកកំពុងតែដាក់ពាក្យចង់បានដែរទេ។ ប្រសិនបើអ្នកសម្ភាសរបស់អ្នកនិយាយពីអ្វីមួយដែលអ្នកមិនយល់ស្របតែអ្នកមិនខ្វល់ខ្វាយលើវាច្រើននោះ អ្នកត្រូវសួរខ្លួនឯងថាតើអ្នកគួរចំណាយកម្លាំងលើការឈ្លោះទេ?
លើសពីនេះទៅទៀត ការឆ្លើយតបរបស់អ្នកសម្ភាសទៅនឹងការខ្វែងគំនិតជាមួយនឹងអ្នកអាចអនុញ្ញាតឲ្យអ្នកយល់ច្រើនពីពួកគេបន្ថែម ដូចជាដឹងថាពួកគេជាមនុស្សដែលបើកទូលាយក្នុងការផ្លាស់ប្តូរ និងសហការជាមួយអ្នកឬទេ។
អ្នកគួរតែយោងអំណះអំណាងរបស់អ្នកលើភស្តុតាងច្បាស់លាស់ពេលដែលអ្នកមិនយល់ស្រប។ ប្រសិនបើអ្នកមិនមានភស្តុតាងច្បាស់លាស់ទេ អ្នកមិនគួរលើកឡើងឡើយ។ ក្រៅពីនេះហើយ អ្នកត្រូវតែជៀសវាងការបង្ហាញថាអ្នកជាមនុស្សចចេះ និងមិនគោរពអ្នកដទៃ។ ប្រសិនជាអាច អ្នកគួរតែសុំការអនុញ្ញាតក្នុងការបញ្ចេញមតិផ្ទុយពីអ្នកដទៃមុននឹងលើកឡើងពីទស្សនៈផ្ទាល់ខ្លួនរបស់អ្នក ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព