អេស្ប៉ាញ ៖ វិបត្តិនៅក្លិប Barcelona បានកើតឡើងជាថ្មី កាលពីយប់ថ្ងៃព្រហស្បតិ៍ ជាមួយនឹងរបាយការណ៍ដែលបានបែកធ្លាយថា ប្រធានក្លិបគឺ លោក Josep Maria Bartomeu បានព្យាយាមដាក់ខ្សែប្រយុទ្ធ Antoine Griezmann ដល់អតីតក្លិបចាស់របស់គេ Atletico Madrid ក្នុងកិច្ចព្រមព្រៀងប្តូរជាមួយខ្សែប្រយុទ្ធវ័យក្មេង Joao Felix ។
កាសែត Marca បានរាយការណ៍ថា Bartomeu មានបំណងចង់កាត់បន្ថយប្រាក់ឈ្នួលរបស់កីឡាករមួយភាគធំ ដែលក្លិបបានចំណាយ អំឡុងពេលមានវិបត្តិកូវី១៩។ ហើយរឿងរ៉ាវនេះ ត្រូវបានរាយការណ៍ថា បានកើតនៅប៉ុន្មានថ្ងៃមុនពេលដែល Barca រងបរាជ័យយ៉ាងអាម៉ាស់ក្នុងលទ្ធផល ៨-២ ដោយក្រុម Bayern Munich នៅពានរង្វាន់ Champions League។
របាយការណ៍ដដែល បានលើកឡើងថា At.Madrid បានបដិសេធសំណើខាងលើ ក្នុងការចុះហត្ថលេខានាំយក Griezmann ត្រឡប់មកវិញ ពោលគឺមួយឆ្នាំ បន្ទាប់ពីខ្សែប្រយុទ្ធបារាំងរូបនេះ បានចាកចេញ។ Griezmann ត្រូវបានគេជឿថាអាចរកបានប្រហែល ១៨លានអឺរ៉ូក្នុងមួយរដូវកាល ខណៈពេលដែល Felix អាចរកបានត្រឹមតែ ៣,៥លានអឺរ៉ូប៉ុណ្ណោះ នៅក្នុងក្រុម At.Madrid។
សូមបញ្ជាក់ថា បច្ចុប្បន្នកៅអីជាប្រធានក្លិបរបស់លោក Bartomeu កំពុងមានកំដៅយ៉ាងខ្លាំង ខណៈដែលអ្នកគាំទ្របន្តទាមទារឱ្យក្លិប បញ្ចប់តំណែងរបស់បុរសជនជាតិអេស្ប៉ាញវ័យ ៥៧ឆ្នាំរូបនេះ។ ហើយអ្នកគាំទ្រជឿថា វត្តមានរបស់លោក Bartomeu នេះហើយ ដែលធ្វើឱ្យប្រធានក្រុម Lionel Messi មិនសប្បាយចិត្ត និងប្រកាសចង់ចាកចេញពីក្លិបនៅរដូវក្តៅនេះ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព