Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អេ យ៉ា​នុ​ត ត្រៀម​បង្កើត​មុខរបរ​មួយ ជំនួស​​ឱ្យ​ការ​លា​ចេញពី​ប្រដាល់

រាជធានី​ភ្នំពេញ ៖ មិនមែន​ជា​លើក​ទី​១​ទេ ដែល​កីឡាការិនី អេ យ៉ា​នុ​ត កូនស្រី​របស់​លោក អេ ភូ​ថង ប្រកាស​ថា លាឈប់​ពី​ប្រដាល់ ឬ​អាជីព​កីឡា​គ្រប់​ប្រភេទ ។ ប៉ុន្តែ​ការ​ប្រកាស​ទាំងនោះ រមែង​​រសាយ​វិញ ដោយសារ​តែ​ហេតុផល​នាង​ចង់បាន​លុយ​ដើម្បី​ចំណាយ​ផ្ទាល់ខ្លួន ។ យ៉ាង​ណាមិញ ម្ដាយ​របស់​នាង​បាន​អះអាង​ថា នៅ​ក្នុង​ពេល​នេះ អេ យ៉ា​នុ​ត ចាប់ផ្ដើម​នឿយណាយ​នឹង​ការ​ប្រដាល់ ឬ​កីឡា​មែនទែន​ហើយ ដោយសារ​តែ​ពេញវ័យ​ផង ហើយ​មាន​លទ្ធភាព​ដើម្បី​ដកខ្លួន​ផង​។

អ្នកស្រី សាំង សុ​ម៉ា​លី ភរិយា លោក អេ ភូ​ថង បាន​ថ្លែងប្រាប់​ថា កូនស្រី​របស់​អ្នកស្រី អេ យ៉ា​នុ​ត បាន​ប្រាប់​អ្នកស្រី​ពីរ​បី​ដង​ហើយ ថា​លែង​ចង់​ប្រកួត ។ អ្នកស្រី​ថា យ៉ា​នុ​ត ខាន​ហ្វឹកហាត់​មួយ​រយៈ​ធំ​មក​ហើយ ហើយ​មើលទៅ​ក៏​ចាប់ផ្ដើម​លែង​ចង់​នៅ​ក្នុង​វិស័យ​ប្រដាល់ ឬ​វ៉ូ​វី​ណា​ម​ទៀត​ដែរ ។ អ្នកស្រី​ថា អេ យ៉ា​នុ​ត កំពុង​ស្វែង​យល់​ពីមុខ​របរ​លក់​តែ​មេអំបៅ ដោយ​នាង​ក៏​ត្រៀម​បើក​លក់​តែ​មេអំបៅ ជំនួស​ឱ្យ​កីឡា​ផង​ដែរ ។ គាប់​ជួន​ជា​ការ​សម្រេចចិត្ត​គ្រប់យ៉ាង លើ​វិស័យ​កីឡា ឬ​រឿងរ៉ាវ​ផ្ទាល់ខ្លួន ទើប​អ្នកស្រី​ថា បើ​នាង​នឿយហត់​ចង់​ឈប់​ហើយ គឺ​គ្មាន​អ្នក​ណា​ជំរុញ​កើត​ទេ។

អ្នកស្រី​និយាយ​ថា «​មើលទៅ​បែប​ឈប់​ហើយ ព្រោះ​អា​នុ​ត​ខាន​ហាត់​យូរហើយ បើ​ចូល​ហាត់​ម្ដងទៀត​ក៏​ចំណាយពេល​យូរ​ដែរ អ៊ីចឹង​មើលទៅ​លើក​នេះ គាត់​អាច​ឈប់​មែនទែន ដោយសារ​ទី​១​គាត់​ជិត​រៀប​ការ​ផង និង ទី​២​គឺ​គាត់​កំពុង​រវល់​នឹង​មុខរបរ​លក់​តែ​មេអំបៅ ដែល​ត្រៀម​ដំណើរ​ការ​ផង​»​។ អ្នកស្រី​ថា ក្រោយ​រៀន​ចប់​ថ្នាក់​ទី​១២អេ យ៉ា​នុ​ត អត់​មាន​រៀន​ត​អ្វី​ទេ ដែល​នោះ​គឺជា​ការ​សម្រេចចិត្ត​របស់​នាង គឺ​មិនមែន​ដោយសារ​តែ​គ្រួសារ​មិន​មាន​លទ្ធភាព​ឱ្យ​រៀន​នោះ​ទេ ដោយសារ​នាង​ក៏​មាន​អ្នក​រាប់អាន​មួយ​ចំនួន​ជួយ​ស្ពុ​ន​ស័​រ ។

អ្នកស្រី​ថា​«​កូន​ខ្ញុំ​មួយ​ហ្នឹង អ្វី​ៗ​គឺ​គាត់​សម្រេច​ខ្លួនឯង អ៊ីចឹង​រឿង​ឈប់​ក៏​គាត់ រឿង​បន្ត​ក៏​គាត់ តែបើ​តាម​មើល​បែប​ឈប់​មែនទែន​ហើយ​លើក​នេះ ដោយសារ​គាត់​ចង់​រកស៊ី ហើយ​មិន​ដែល​ឃើញ​មក​កន្លែង​ហ្វឹកហាត់​សោះ​»​។ អ្នកស្រី​ថា សូ​ម្បី​តែ​មង្គលការ ក៏​កូនស្រី​ជា​អ្នក​សម្រេច​ថា​ធ្វើ​ក្នុង​ពេល​ណា​នោះ​ដែរ ដោយ​អ្នកស្រី និង​ស្វាមី បាន​ត្រឹមតែ​ជា​អ្នក​រៀបចំ​ឱ្យ​ប៉ុណ្ណោះ គឺ​មិនមែន​អាង​ថា​ជា​ឪពុក​ជា​ម្ដាយ ហើយ​ដាក់​សម្ពាធ​ដល់​កូនស្រី​នោះ​ទេ ។

អ្នកស្រី​ថា យ៉ា​នុ​ត សម​ល្មម​នឹង​ឈប់​ពី​កីឡា​ហើយ បើ​ទោះជា​អនាគត​ស្វាមី​នាង​មិន​មានការ​ហាមឃាត់​ក្ដី ។ អ្នកស្រី​ពោល​ថា​«​និយាយ​ការ​ពិត​គ្រួសារ​ខ្ញុំ អត់​ដែល​ចង់ឱ្យ​យ៉ា​នុ​ត​ចូល​កីឡា​ទេ ប៉ុន្តែ​ដោយសារ​តែ​គាត់​ចង់បាន​លុយ​ខ្លួន​គាត់ ទើប​កន្លង​មក​គាត់​ឡើង​វ៉ៃ ប៉ុន្តែ​កាល​យាយ​របស់​គាត់​នៅ​រស់ គាត់​ខឹង​ណាស់ ដែល​មានកូន​ស្រី​តែ​មួយ​ឱ្យ​កូន​ឡើង​វ៉ៃ ដោយ​វ៉ៃ​ចប់​ម្ដង​ៗ គឺ​ក្រៅពី​ឈឺខ្លួន របួស​នេះ​របួស​នោះ អ៊ីចឹង​ហើយ​ទើប​ការ​លាឈប់​លើក​នេះ បើ​គាត់​ឈប់​មែន ក៏​ខ្ញុំ​សប្បាយចិត្ត​»​។

យ៉ាងណាមិញ​អ្នកស្រី​ថា អេ យ៉ា​នុ​ត ពេល​ខ្លះ ក៏​មិនសូវ​ច្បាស់លាស់​ដែរ ពោល​គឺ​ឱ្យ​តែ​ឮ​ថា​ការ​ប្រកួត​ណា​បាន​លុយ​ច្រើន ក៏​អាច​ទទួល​ប្រកួត​ផង​ដែរ លើកលែងតែ​មុខរបរ​ថ្មី​ដែល​នាង​គ្រោង​ដំណើរការ​ហើយ​តម្រូវ​ឱ្យ​នាង​ឡើង​ប្រកួត​យក​លុយ​មក​ផ្គត់ផ្គង់​តម្រូវការ​ណាមួយ ។ អ្នកស្រី​ថា បើ​មុខរបរ​តែ​មេអំបៅ កាក់កប គឺ​ប្រាកដជា​ឈប់​ប្រដាល់​មែនហើយ ។ អ្នកស្រី​ក៏​បញ្ជាក់​ផង​ដែរ​ថា មុខរបរ​ដែល យ៉ា​នុ​ត គ្រោង​បើក​នោះ គឺ​បើក​ជា​តូប​ប៉ុណ្ណោះ ហើយ​ក៏​ស្ថិត​ក្នុង​ការ​ព្រាង​ទុក​ប៉ុណ្ណោះ ដោយ​មិន​ទាន់​ដឹង​ថា បើក​រួច​ពេល​ណា​នោះ​ទេ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា អេ យ៉ា​នុ​ត បើ​ទោះជា​កន្លង​មក​មើលទៅ​មាន​ទីផ្សារ​ចេញ​ប្រកួត​ទាំង​ក្នុង និង​ក្រៅ​ស្រុក​ញឹ​ញាប់ ប៉ុន្តែ​ចំណូល​ពី​អាជីព​ប្រដាល់ មិន​អាច​ឱ្យ​នាង​រស់​កើត​នោះ​ទេ​។ សព្វថ្ងៃ​កញ្ញា​ពឹង​មួយ​ផ្នែក​លើ​ចំណូល​ពី​ការ​បង្ហាត់​សិស្ស​ជាមួយ​ម្ដាយ និង​លោកឪពុក​ប៉ុណ្ណោះ ខណៈ​ដែល​នាង​ក៏​រស់​ក្រោម​បន្ទុក​ឪពុក​ម្ដាយ​នៅឡើយ ថ្វី​ដ្បិត​ឱកាស​បាន​ចេញ​ប្រកួត​ម្ដង​ៗ ជួយ​ឱ្យ​នាង​ទទួល​បាន​ទឹកប្រាក់​លើកទឹកចិត្ត​ច្រើន​ក្តី ។ នោះ​គឺ​ដោយសារ​តែ​ការ​ប្រដាល់​ក្នុងស្រុក គឺ​ស្ទើរ​មិន​មាន​តែ​ម្ដង ដោយ​រង់​ចាំតែ​ឱកាស​ចេញ​ប្រកួត​តំណាង​ជាតិ ឬ​ប្រដាល់​ដាក់​ទ្រុង ដែល​មួយ​ឆ្នាំ​អាច​មាន​តែ​ម្ដង ឬ​ពីរ​ដង​។

អេ យ៉ា​នុ​ត គឺជា​កីឡាការិនី​ជម្រើសជាតិ​ផ្នែក​ប្រដាល់​សាកល ដែល​មានឱកាស​ស្នង​ប្រដាល់​ពី​ឪពុក ដោយសារ​តែ​ទេព​កោសល្យ និង​ក្ដី​ស្រឡាញ់ ។ នាង​ធ្លាប់​បង្ហាញមុខ​លើ​ឆាក​អន្តរជាតិ​ជា​ច្រើន​លើក​មក​ហើយ ដោយ​មិន​រាប់​បញ្ចូល​ការ​ហ្វឹកហាត់​នៅ​ក្រៅប្រទេស​នោះ​ផង​។

ប្រទេស​ដែល​នាង​ធ្លាប់​ទៅ​ប្រកួត​រួម​មាន ចិន ថៃ ភូមា វៀតណាម និង​មាន​សមត្ថភាព​ក្នុង​ការ​បង្វឹក​ផ្នែក​ប្រដាល់ និង​ផ្នែក​ល្បុក្កតោ​ផងដែរ ។ ជាមួយនឹង​ចំណូល​ប្រដាល់​មិនសូវ​កាក់កប ទើប​ម្ដងម្កាល​នាង​តែង​ប្រកាស​លាឈប់ ប៉ុន្តែ​បណ្ដាល​មក​ពី​នាង​នៅ​សិក្សា​មិន​ទាន់​មាន​លទ្ធភាព​រក​ការងារ​ផ្សេង​នៅឡើយ ទើប​នាង​នៅ​តែ​លឹប​ល ។

អេ យ៉ា​នុ​ត បញ្ជាក់​ថា ក្រោយ​ពេល​រៀប​ការ និង​រៀន​ចប់​វិទ្យាល័យ នាង​នឹង​ពិចារណា​បង្កើត​មុខរបរ​មួយ​ជំនួស​ឱ្យ​អាជីព​នេះ ដោយសារ​តែ​ទីផ្សារ​ប្រដាល់​នារី មិន​អាច​ពឹង​បានឱ្យ​កក់ក្ដៅ ។ នាង​អាច​នឹង​គិតគូរ​មង្គលការ​នៅ​ក្រោយ​បាក់​ឌុ​ប ដែល​អាច​រង្វង់​ឆ្នាំ​២០២២ ឬ​មុន​ក្រោយ​នោះ ដោយ​មិន​ទាន់​ច្បាស់លាស់​នៅឡើយ​ទេ ពោល​គឺ​អាស្រ័យ​លើ​ការ​បញ្ចប់​នៃ​កូ​វី​ដ​-១៩ បន្ទាប់​ពី​សម្រេចចិត្ត​ភ្ជាប់ពាក្យ​ជាមួយ​គូ​ដណ្ដឹង​ឈ្មោះ លៀប ប៉​ហេង កាលពី​ថ្ងៃ​ទី​៩ កក្កដា ឆ្នាំ​២០២០ ។ គូ​ដណ្ដឹង​របស់​នាង ត្រូវ​បាន​គេ​អះអាង​ថា គឺជា​មន្ត្រី​បម្រើ​ការ​នៅ​ក្នុង​ក្រប​ខណ្ឌ​មន្ត្រី​នគរបាល​ជាតិ តែ​នៅ​មិន​ទាន់​មានការ​បង្ហើប​ថា មាន​តួនាទី​ជា​អ្វី​នៅឡើយ​ទេ ដោយ​គ្រាន់តែ​មានការ​បង្ហើប​ថា គឺជា​កូន​អ្នកមាន​មុខមាត់​ម្នាក់​ដែរ​នៅ​ក្នុង​ជួរ​មន្ត្រីរាជការ​។

នាង​ធ្លាប់​ទាំង​បាន​បញ្ជាក់​ថា បើ​កុំ​តែ​មានឈ្មោះ​ជា​កីឡាការិនី​ជម្រើសជាតិ ហើយ​នៅ​ស្ដាយ​កេរ្តិ៍​ឈ្មោះ ប្រហែលជា​បោះបង់​យូរហើយ ដោយ​មិន​អាច​តស៊ូ​មក​ដល់​ពេល​នេះ​ទេ បើ​តាមតែ​ការ​ប្រដាល់​នារី មិន​អាច​រក​ចំណូល​បាន​សមរម្យ ។ អេ យ៉ា​នុ​ត នៅ​តែ​ជា​កីឡាការិនី​ជម្រើសជាតិ ដោយ​នាង​ត្រួ​វ​បាន​បញ្ជូន​តំណាង​ប្រទេស​ជា​រឿយ​ៗ បើ​ទោះ​មិន​ទាន់​បាន​មេដាយ​មាស​ពី​អន្តរ​ជាតិ​នៅឡើយ​ក្ដី​៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9637190