ភ្នំភ្លើងមួយដែលឈ្មោះហៅថា Merapi ស្ថិតនៅតាមព្រំដែនរវាងខេត្ត Central Java និងតំបន់ពិសេស ខេត្ត Yogyakarta ប្រទេសឥណ្ឌូនេស៊ីនោះ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ បានកម្រើកជះកម្អែលផេះទៅលើមេឃ និងឧស្ម័នក្តៅ ។ ប៉ុន្តែអាជ្ញាធរមិនបានចេញប្រកាសព្រមានកម្រិតអាសន្នអ្វីនោះឡើយ ។
ភ្នំភ្លើងនេះមានកម្ពស់ ២ ៩៦៨ ម៉ែត្រ កាលពីឆ្នាំ២០១០ បានផ្ទុះសម្លាប់មនុស្សរាប់រយនាក់ ។
មជ្ឈមណ្ឌលដោះស្រាយគ្រោះមហន្តរាយភ្នំភ្លើង និងភូគព្ភសាស្ត្រឥណ្ឌូណេស៊ី មិនបានប្រកាសអំពីស្ថានភាពអាសន្នបណ្តាលមកពីភ្នំភ្លើងនេះទេ ។ ផេះនិងឧស្មនក្តៅបាញ់ទៅលើមេឃ ក្នុងកម្ពស់ប្រហែល៦គីឡូម៉ែត្រ ។ ទីភ្នាក់ងារនេះបានប្រកាសថា អ្នកភូមិដែលរស់នៅលើជម្រាលភ្នំភ្លើង Merapi ត្រូវបានណែនាំឲ្យស្ថិតនៅចម្ងាយ៣គីឡូម៉ែត្រពីមាត់រណ្ដៅភ្នំភ្លើង ហើយគួរតែដឹង និងប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់មួយនេះ ។
ភ្នំភ្លើង Merapi គឺជាភ្នំភ្លើងសកម្មបំផុតក្នុងចំណោមភ្នំភ្លើងប្រហែល៥០០នៅក្នុងប្រទេសឥណ្ឌូនេស៊ី ។ ការផ្ទុះដ៏ធំចុងក្រោយរបស់ Merapiក្នុងឆ្នាំ ២០១០ បានសម្លាប់មនុស្ស ៣៥៣ នាក់។
ឥណ្ឌូនេស៊ីជាប្រទេសប្រជុំទៅដោយដែនកោះ មានប្រជាជនរស់នៅជាង២៧០លាននាក់ ។ ប្រទេសនេះប្រឈមគ្រោះធម្មជាតិកើតឡើងជាញឹកញាប់រៀងរាល់ឆ្នាំ ដូចជាគ្រោះរញ្ជួយដី ផ្ទុះភ្នំភ្លើង និងទឹកជំនន់ជាដើម ។ ប្រទេសនេះត្រូវបានជំនាញលើកឡើងថា លាតសន្ធឹងនៅតាមបណ្តោយមហាសមុទ្រប៉ាស៊ីហ្វី ឬដែលហៅថា តំបន់ «ចិញ្ចៀនភ្លើង ( Ring of Fire)»ទើបបណ្តាលឲ្យគ្រោះធម្មជាតិកើតឡើងបន្តបន្ទាប់ ៕ ប្រែសម្រួលដោយ៖ thach yat