ការិយាល័យអន្តោប្រវេសន៍ (IB) កំពុងត្រៀមកងកម្លាំងទប់ស្កាត់ពលករចំណាកស្រុករាប់ពាន់នាក់ពីប្រទេសឡាវ និងកម្ពុជាដែលលួចចូលទៅប្រទេសថៃដោយខុសច្បាប់តាមរយៈផ្លូវលំតូចៗនៅតាមព្រំដែននិងតាមរយៈព្រៃធម្មជាតិដើម្បីស្វែងរកការងារធ្វើ។
រូបតំណាង
លោកឧត្តមសេនីយ៍ឯក Sompong Chingduang ប្រធានការិយាល័យ IB បាននិយាយកាលពីថ្ងៃសៅរ៍ថា ប៉ូលិសអន្តោប្រវេសន៍មានការព្រួយបារម្ភអំពីការឆ្លងព្រំដែនខុសច្បាប់ ទោះបីជាដែនត្រូវបានបិទដើម្បីការពារការីករាលដាលនៃមេរោគឆ្លងក៏ដោយ។ លោកបានមានប្រសាសន៍ថា ជនបរទេសមិនត្រូវបានអនុញ្ញាតឲ្យចូលក្នុងព្រះរាជាណាចក្រថៃទេ។ ក្រុមអ្នកសង្កេតការណ៍បាននិយាយថា ជនចំណាកស្រុកមួយចំនួនឆ្លងកាត់ព្រំដែនដោយខុសច្បាប់អាចនាំមកនូវមេរោគ ហើយពួកគេមិនត្រូវបានត្រួតពិនិត្យដោយអាជ្ញាធរទេ។
លោកឧត្តមសេនីយ៍ឯក Chakthip Chaijinda អគ្គស្នងការនគរបាលជាតិបានបញ្ជាឱ្យលោកឧត្តមសេនីយ៍ឯក Sompongប្រមូលព័ត៌មានដោយផ្ទាល់នៅខេត្តជាប់ព្រំដែនភាគឦសានចំនួន៤ គឺខេត្តUbon Ratchathani, Si Sa Ket, Bung Kan និង Nong Khai អំពីអ្នកឆ្លងដែនខុសច្បាប់។
រូបតំណាង
ខេត្ត Ubon Ratchathani, Bung Kan និង Nong Khai មានព្រំប្រទល់ជាប់នឹងប្រទេសឡាវ រីឯខេត្ត Ubon Ratchathani និង Si Sa Ket មានព្រំដែនជាប់នឹងប្រទេសកម្ពុជា។ លោកឧត្តមសេនីយ៍ Sompong បានមានប្រសាសន៍កាលពីម្សិលមិញនៅពេលដែលបានជួបជាមួយប៉ូលិសអន្តោប្រវេសន៍ស្ពានមិត្តភាពថៃ – ឡាវ Nong Khai ថា លោកបានបញ្ជាឱ្យប៉ូលិសអន្តោប្រវេសន៍ធ្វើការយ៉ាងជិតស្និទ្ធជាមួយប៉ូលិសព្រំដែននិងទាហានក្នុងការចាប់ខ្លួនអ្នកឆ្លងព្រំដែនខុសច្បាប់។
រូបតំណាង
ទោះបីជាព្រំដែនបានបិទទ្វារយ៉ាងតឹងតែងក៏ដោយ ពលករចំណាកស្រុកជាច្រើនបានព្យាយាមលួចឆ្លងតាមទន្លេមេគង្គ ហើយមានអ្នកខ្លះទៀតព្យាយាមរត់ពន្ធគ្រឿងញៀនផងដែរ។ ជាក់់ស្តែងប៉ូលិសអន្តោប្រវេសន៍ខេត្ត Nong Khai បានរឹបអូសថ្នាំញៀនជាង ៥លានគ្រាប់ និងថ្នាំជក់ស្ងួតមួយចំនួនធំក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post