បុរសជនជាតិរុស្ស៊ីអាយុ ៣៥ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួននៅលើផែមួយនៃកោះសាមុយ ដោយត្រូវចោទប្រកាន់ពីបទប្រើកាតឥណទានក្លែងក្លាយដើម្បីទិញទំនិញនៅលើកោះសាមុយ។
កាតឥណទានក្លែងក្លាយចំនួន៨ ត្រូវបានរកឃើញថាជារបស់គាត់។លោកប្រធានស្នងការប៉ូលិសប្រចាំតំបន់លោក Prawit Engchuan បាននិយាយថា ការចាប់ខ្លួននេះបានកើតឡើងបន្ទាប់ពីបុគ្គលិកធនាគារម្នាក់បានជូនដំណឹងដល់ប៉ូលិសចំពោះការសង្ស័យថាមានភាពមិនប្រក្រតីក្នុងការប្រើប្រាស់កាតឥណទានជាច្រើនដង។ ក្រុមអ្នកស៊ើបអង្កេតបានរកឃើញថា ប័ណ្ណក្លែងក្លាយទាំងនោះត្រូវបានប្រើដើម្បីទិញផលិតផលនៅឱសថស្ថាន Banjo នៅកោះសាមុយកាលពីថ្ងៃទី១៤ និងទី១៥ ខែមិថុនា។ នៅល្ងាចថ្ងៃសុក្រជនសង្ស័យត្រូវបានគេប្រទះឃើញថាកំពុងរៀបចំចាកចេញពីកំពង់ផែ Don Sak មានគោលដៅធ្វើដំណើរទៅខេត្តភូកេត។
រូបតំណាង
ប៉ូលិសបានឆែកឆេររថយន្តរបស់បុរសនោះនៅកំពង់ផែហើយបានរកឃើញកាតឥណទានចំនួន ១២ ដែលក្នុងនោះមាន ៨សន្លឹកជារបស់ក្លែងក្លាយ។ លើសពីនេះគេប្រទះឃើញឧបករណ៍ស្កេនកាតផងដែរ។ ជនសង្ស័យបានអះអាងថាកាតខ្លះជារបស់គាត់និងប្រពន្ធ ហើយខ្លះទៀតជារបស់អ្នកផ្សេងទៀត។ គាត់បានប្រាប់ប៉ូលិសថាឧបករណ៍ស្កេនកាតជារបស់មិត្តគាត់ដែលមានឈ្មោះថា Atom។ មន្ត្រីប៉ូលិសមិនបានជឿជាក់លើរឿងរ៉ាវប្រឌិតរបស់គាត់ទេ ព្រោះការស៊ើបអង្កេតបានរកឃើញថាគាត់គឺជាអ្នកដែលបានប្រើកាតនេះ។ លោក Vadim Valeev អាយុ ៣៥ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទកាន់ប័ណ្ណអេឡិចត្រូនិចក្លែងក្លាយហើយត្រូវបានប្រគល់ទៅឱ្យប៉ូលិសនៃកំពង់ផែ Don Sak ចាត់ការតាមផ្លូវច្បាប់។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post