អង់គ្លេស ៖ ក្លិបមេឃខៀវ Manchester City ត្រូវបានរាយការណ៍ថា បានត្រៀមផ្តល់ជូនក្លិប Barcelona នូវកញ្ចប់ទឹកប្រាក់ចំនួន ៨៩,៥ លានផោន (ជិត ១២០លានដុល្លារ) បូករួមជាមួយខ្សែបម្រើ Bernardo Silva, ខ្សែប្រយុទ្ធ Gabriel Jesus និងខ្សែការពារ Eric Garcia ដើម្បីជាការដោះដូរជាមួយប្រធានក្រុម Lionel Messi។
បច្ចុប្បន្ន Man City មានសុទិដ្ឋិនិយមក្នុងការឈានដល់កិច្ចព្រមព្រៀង ជាមួយក្លិបយក្សនៅតំបន់កាតាឡាន់ បន្ទាប់ពីការប្រកាសចង់ចាកចេញពីក្លិបនៅរដូវក្តៅនេះ របស់ខ្សែប្រយុទ្ធអាហ្សង់ទីនវ័យ ៣៣ឆ្នាំ។
កាលពីពេលថ្មីៗនេះ សារព័ត៌មានជាច្រើនទាំងនៅអង់គ្លេស និងអេស្ប៉ាញ បានរាយការណ៍ថា លោក Pep និង Messi បានទាក់ទងគ្នាតាមរយៈទូរស័ព្ទរួចទៅហើយ អំពីការផ្លាស់ប្តូរមកកាន់កីឡដ្ឋាន Etihad សូម្បីតែការពិភាក្សាអំពីរបៀបដែល Messi អាចរស់នៅ និងការរៀនភាសាអង់គ្លេស។
គំនិតនៃការចុះកុងត្រាលើ Messi គឺហាក់ដូចជាសុបិនមួយជាយូរមកហើយ សម្រាប់លោក Pep Guardiola ប៉ុន្តែជាមួយកញ្ចប់ទឹកប្រាក់ ៨៩.៥លានផោន ជាមួយនឹងការបន្ថែមកីឡាករ ៣រូបរបស់ខ្លួន វាអាចធ្វើឱ្យការផ្ទេរនេះ ក្លាយជាការពិត៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព