អាមេរិក បញ្ជូនយន្តហោះពីរគ្រឿង ប្រភេទ B-52H ហោះហើរឆ្លងកាត់ព្រំដែនកូរ៉េខាងជើង។ សកម្មភាពនេះបានកើតឡើង ក្រោយពេលស្ថានភាព នៅឧបទ្វីបកូរ៉េកាន់តែតានតឹងឡើង។
តាមគេហទំព័រ Aircraft Spots បានឲ្យដឹងថា យន្តហោះទម្លាក់គ្រាប់ ប្រភេទ B-52H បានហោះហើរឆ្លងកាត់តំបន់ភាគខាងជើង ប្រទេសជប៉ុន កាលពីថ្ងៃទី១៩ ខែមិថុនា ប៉ុន្តែគេមិនបានផ្តល់ព័ត៌មានលម្អិត ស្តីពីយន្តហោះខាងលើនោះឡើយ។ នេះជាលើកទី២ហើយ ដែលយន្តហោះនេះបានហោះហើរជិតព្រំដែនកូរ៉េទាំងពីរ នៅក្នុងសប្តាហ៍នេះ។
ដោយឡែកកម្លាំងទាហានអាកាសអាមេរិកប្រចាំ នៅអាស៊ីប៉ាសីហ្វិក បានឲ្យដឹងថា យន្តហោះ២គ្រឿង ប្រភេទ B-52H បានចូលរួមធ្វើសមយុទ្ធជាមួយកម្លាំងទាហានជប៉ុន កាលពីថ្ងៃទី១៧ ខែមិថុនា ។
អាមេរិកបានបញ្ជូនយន្តហោះទមា្លក់គ្រាប់ មកកាន់ឧបទ្វីបកូរ៉េ ក្នុងពេលកូរ៉េខងជើង គំរាមតបតកូរ៉េខាងត្បូង ដែលមិនអាចទប់ស្កាត់ការបង្ហោះសារប្រឆាំងនឹងកូរ៉េខាងជើង។ ចំណុចទាំងនោះហើយបានជាកូរ៉េខាងជើង កាត់ផ្តាច់ទំនាក់ទំនង ហើយបំផ្ទុះការិយាល័យទំនាក់ទំនងកូរ៉េទាំងពីរចោលទៀតផង៕ ប្រែសម្រួលដោយ៖ MEO