រាជធានីភ្នំពេញ ៖ មានការលើកឡើងខុសៗគ្នារវាងការគិត ការធ្វើរបស់អ្នកមាន និងអ្នកក្រ ដោយអ្នកជំនាញ និងអ្នកឯកទេសមួយចំនួនភាគច្រើននៃការលើករបស់ពួកគាត់ គឺចង់បង្រៀនឱ្យមនុស្សជាច្រើនដែលកំពុងភ្លើតភ្លើន និងមានទម្លាប់មិនល្អដែលធ្វើឱ្យពួកគាត់មិនបានទៅដល់គោលដៅ ។
អ្នកជំនាញម្នាក់លើកឡើងថា ទម្លាប់អាក្រក់ គឺបានរាងរាំមនុស្សមិនឱ្យក្លាយទៅជាអ្នកមាន ទម្លាប់ល្អប្រែក្លាយមនុស្សឱ្យទៅជាអ្នកមានបាន ។លោកគ្រូ អួន សារ៉ាត់ ជាអ្នកបណ្តុះបណ្តាលម្នាក់នៅក្នុងក្លិបអ្នកជំនួញឆ្លាតបានលើកយកទម្លាប់មួយចំនួនយ៉ាងដូច្នេះថា «ខ្ញុំសូមលើកយកទម្លាប់ខ្លះៗ ដើម្បីចែកជូនបងប្អូន ជាពិសេសបងប្អូនដែលកំពុងតែស្ថិតនៅក្នុងក្រញាំនៃទម្លាប់អាក្រក់របស់ខ្លួន ទម្លាប់ទាំងនោះវាកំពុងតែចាប់ក្រញិចយើងដែលមិនឱ្យយើងរើបំរះរួច ប្រសិនបើយើងអន់ៗ វាក្រញិចយើងឱ្យឆ្លក់ឱ្យថប់ដង្ហើមនៅនឹងក្រញាំវានឹង» ។
លោកបន្តថា ទម្លាប់អាក្រក់ ១០ ចំណុច ដែលធ្វើឱ្យមនុស្សក្លាយជាអ្នកក្រមានដូចជា ៖ ១ – ទម្លាប់ចង់តែស្រួល ៖ មានន័យថា គាត់មិនចង់ធ្វើការណាដែលលំបាកៗនោះទេ គាត់មិនចង់ទៅឆ្ងាយៗ គាត់ចុះចាញ់នឹងភាពក្តៅ ចុះចាញ់នឹងភាពត្រជាក់ពេក មិនទ្រាំនឹងភាពស្អុះស្អាប់ទាំងនោះ។ ២- ទម្លាប់ខ្ជិល ៖ ទម្លាប់នេះ គឺមិនចង់ធ្វើអ្វីទាំងអស់ ចង់តែដេក ចង់តែកំសាន្ត ចង់តែលែង facebook ចង់តែមើលទូរទស្សន៍ ឬក៏ថា ចង់តែនៅស្ងៀម បើនៅតែបែបនឹងសកម្មភាព ហើយបើសកម្មភាពមិនមាន ចឹងលិទ្ធផលក៏អត់កើតឡើង ។
បុគ្គលដែលខ្ជិលកុំថា មាន តែចេះក៏មិនចេញដែរ ។ ៣ – ទម្លាប់ខ្ជិលគិត ៖ គាត់រស់នៅហៃៗ គេគិត គាត់មិនគិត គេគិត គាត់ស៊ី គឺគ្មានការគិតរកវិធីសាស្ត្រនិងរបៀបប្រកបអាជីវកម្ម ដើម្បីបង្កើតទ្រព្យទេ ។ នៅពេលដែលអភិវឌ្ឍគំនិត នោះយើងនឹងធ្វើអ្វីដដែលៗ។ ៤ – ទម្លាប់គិតអវិជ្ជមាន ៖ មុននេះអត់គិត តែទម្លាប់នេះគិតដែរ តែគិតតែអវិជ្ជមាន ។ មានន័យថាគិតអ្វីសុទ្ធតែមិនអាចទៅរួច ខ្ញុំមិនអាចក្លាយទៅជាអ្នកមានទេ ខ្ញុំមិនមែនដូចគេទេ អូ! ធ្វើមិនកើតទេ ធ្វើទៅនឹងបរាជ័យហើយ អូរធ្វើទៅប្រហែលជាត្រូវខាតបង់ហើយ។ នេះជាចំណុចអវិជ្ជមានទាំងអស់ ទាំងដែលខ្លួនមិនទាន់បានជួបប្រទះផងនោះ។
៥ – ទម្លាប់មានភាពឆ្អែតឆ្អន់ ៖ នេះយើងតែងតែលឺអ្នកមានជីវភាពមធ្យម តែងតែនិយាយថា អូរខ្ញុំគ្រប់ហើយ ខ្ញុំមានអស់ហើយ មិនបាច់ចាំរកអ្វីទេ ។ គាត់គិតថា ប្រាក់ប៉ុណ្ណឹងគ្រប់គ្រាន់ហើយ ប៉ុន្តែនៅពេលមានអាសន្នកើតឡើង ឧទាហរណ៍ថាឈឺ ចុះបើជំងឺនោះត្រូវប្រើលុយអស់រាប់ម៉ឺន តើបានលុយមកណា បើពឹងតែប្រាក់ខែនឹង ។ អាសន្នអ្វីមួយវាមិនដែលមកប្រាប់យើងទុកមុននោះទេ ដូចនេះត្រូវរកឱ្យច្រើនជាតាមលទ្ធិភាពដែលអាចធ្វើទៅបាន ដើម្បីត្រៀមនូវអ្វីមួយអាចកើតឡើង។ ៦- ទម្លាប់ធ្វើសកម្មភាពដដែលៗ ៖ ឧទាហរណ៍ថាអ្នកធ្វើស្រែ មានដីច្រើន ប៉ុន្តែគាត់ទុកសម្រាប់តែធ្វើស្រែនោះទេ មិនបានគិតថានឹងបន្ថែម ចិញ្ចឹមមាន់ ទា គោ ក្របីអ្វីផ្សេងទេ ធ្វើតែប៉ុណ្ណឹង ២០ ទៅ៣០ឆ្នាំ ក៏នៅតែប៉ុណ្ណឹង មិនមានការរីកចំរើនទៅមុខ។ អ្នកចិញ្ចឹមជ្រូកវិញ ចាប់ផ្តើមដំបូងមាន ២០ក្បាល ទាល់តែ៣០ឆ្នាំ ក្រោយក៏នៅតែប៉ុណ្ណឹង មិនបានគិតថាចង់បំបែកសាខា ឬពង្រីកអាជីវកម្មនឹងឱ្យឌធំជាងមុននោះទេ។ ៧ – ទម្លាប់ចាយខ្ជះខ្ជាយ ៖ អ្នកខ្លះចាយលុយដូចទឹក ចាយលុយទៅលើភាពមិនចាំបាច់ចាយនេះតិចនោះតិច ហើយបើខោអាវ សំលៀកបំពាក់នោះពេញទូរ ស្បែកជើងនោះ ៥០ទៅ៦០គូរ និងការចាយរទៅលើរបស់ថ្លៃៗ ប្រេនៗ កាហ្វេនោះក៏ប្រេនទៀត ប៉ុន្តែខ្លួននឹងមិនទាន់នឹងប្រេនផង ។ អ្នកខ្លះនៅត្រឹមបន្ទប់ជួល ក្នុងមួយខែតែ ៦០ ដុល្លារអាមេរិក ប៉ុន្តែប្រើទូរស័ព្ទនោះ ១០០០ដុល្លារអាមេរិក ហើយបង់រំលោះគេទៀត ។
៨ – ទម្លាប់ភ្លើតភ្លើន ស៊ីវីឡៃ ៖ ត្រង់នេះមានមនុស្សជាច្រើនដែលកំពុងភ្លើតភ្លើន មិនទាន់ស្គាល់ខ្លួនឯងជានរណានោះទេ អ្នកខ្លះចេញចរឹកមកធ្វើខ្លួនយើងដូចកូនអ្នកមាន ឬកូនមហាសេដ្ឋី ធ្វើខ្លួនឡើងស៊ីវីឡៃ ខ្លួនមិនទាន់មានអ្វីផង ចូលសុទ្ធតែហាងថ្លៃៗ ហឺរហា កាឡីបៗ ដល់ភ្លើតភ្លើនចឹងទៅ គាត់ក៏រាប់អានតែមិត្តភ័ក្តភ្លើតភ្លើនដែរ។ អ្នកខ្លះរកតែ៥០ ដុល្លារអាមេរិកមិនបានផង តែកុំសួរក្លឹបណាក៏គាត់ស្គាល់ដែរ ហើយបើថាទៅណាវិញ តុកៗមិនជិះទេ ជិះ taxi។
៩ – ទម្លាប់សេពគប់មិត្តមិនត្រឹមត្រូវ ៖ មិត្តមិនត្រឹមត្រូវ គឺជាមិត្តដែលគ្មានគំនិតរកស៊ី ឬក៏មានគំនិតអន់ៗ មិត្តដែលមានគំនិតអវិជ្ជមាន ឬក៏ជាអ្នកដែលមិនសូវជាមានការចេះដឹងហើយ អន់ចរឹកទៀត ។ នោះមិនមែនសំដៅទៅលើមិត្តជាអ្នកមាននិងអ្នកក្រនោះទេ ជួនកាលមិត្តនោះក្រមែន តែគាត់មានគំនិតក្នុងការរកស៊ី ជាអ្នកឆ្លាត ពូកែ និងមានការតស៊ូ នេះហើយជាមិត្តដែលនាំឱ្យយើងចំរើនគំនិត បើទោះបីមិនទាន់មានឳកាសក្នុងការមានបានក៏ដោយ។
១០- ទម្លាប់ស្ពឹកឬទុយមុយ ៖ គឺយឺតយ៉ាវ ធ្វើអ្វីៗមួយៗ ធ្វើសកម្មភាពមួយៗ ហើយបន់ឱ្យតែដល់ពេលសម្រាក ដល់ពេលបរិភោគ នេះគឺប្រើពេលវេលាមួយថ្ងៃៗ ឥតប្រយោជន៍ ដូចនេះមួយថ្ងៃៗគ្មានអ្វីជាដុំកំភួន គ្មានអ្វីជាលទ្ធិផល ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព