បារាយណ៍ទឹកថ្លា ឬ បារាយណ៍ខាងលិចចាប់ផ្តើមកសាងឡើងនៅសតវត្សទី ១១ (១០០២ ដល់ ១០៦៦) ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី ១ (១០០២ ដល់ ១០៥០) ហើយបានបញ្ចប់ជាស្ថាពរនៅក្នុងរជ្ជកាលបន្ទាប់ គឺរជ្ជកាលព្រះបាទឧទយាទិត្យវរ្ម័នទី ២ ដែលត្រូវជាព្រះរាជបុត្រព្រះអង្គ (១០៥០ ដល់ ១០៦៦) ។
បារាយណ៍នេះមានបណ្តោយប្រវែង ៨ គីឡូម៉ែត្រ និងទទឹង ២,២ គីឡូម៉ែត្រ ហើយផ្គត់ផ្គង់ទឹកតាមរយៈស្ទឹងពីរ គឺស្ទឹងសៀមរាប និងស្ទឹងពួក (ភ្ជាប់ដោយអូរខ្លូត) ។តាមរយៈការធ្វើកំណាយស្រាវជ្រាវដែលរួមសហការរវាងសាលាបារាំងចុងបូព៌ា និងអាជ្ញាធរជាតិអប្សរាគេអាចដឹងបានទៀតថា នៅផ្នែកខាងលិចនៃបារាយណ៍មានមនុស្សមករស់នៅយូរមកហើយ ពោលគឺមុនការកសាងរាជធានីខាងលើទៅទៀត ។ នៅក្នុងឆ្នាំ ២០០០ គេបានរកឃើញផ្នូរបុរាណដែលស្ថិតនៅជិតប្រាសាទព្រៃក្មេងហើយផ្នូរទាំងនោះមានអាយុកាលក្នុងយុគសម័យដែក (យុគលោហៈ) និងបន្តរហូតមក ។
កាលពីពាក់កណ្តាលឆ្នាំ ២០០៥ មុននេះ គេរកឃើញផ្នូរបុរាណមួយទៀតស្ថិតនៅចំកណ្តាលបារាយណ៍ ។ ផ្នូរបុរាណនេះមានអាយុកាលស្ថិតនៅ ក្នុងយុគសម័យសំរិទ្ធ ពោលគឺប្រហែល ១០០០ ឆ្នាំមុនគ្រឹស្តសករាជ ។
បច្ចុប្បន្នបារាយណ៍ខាងលិចបានស្ថិតនៅក្នុងគំរោងរបស់នាយកដ្ឋាន គ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា ។ ការងារអភិរក្ស និងលើកតម្លៃនេះ បានចាប់ផ្តើមតាំងតែពីឆ្នាំ ២០០៧ ក្រោមការដឹកនាំរបស់ លោក ហង់ ពៅ ប្រធាននាយកដ្ឋានគ្រប់គ្រងទឹក។ ក្រុមការងារបាននឹងកំពុងប្រតិបត្តិការងារយ៉ាងសកម្ម ដើម្បីសង្គ្រោះស្ថានភាពដ៏គ្រោះថ្នាក់បច្ចុប្បន្ន របស់បារាយណ៍ ។ ការខិតខំប្រឹងប្រែងរបស់ក្រុមនេះ ស្ថិតក្នុងគោលបំណងថែរក្សាការពារកុំឲ្យសំណង់បារាយណ៍ ទទួលនូវការខូចខាតបន្តទៅទៀត និងជាពិសេសខិតខំប្រឹងប្រែងស្តារឡើងវិញនូវតម្លៃដ៏អស្ចារ្យរបស់ សំណង់ធារាសាស្ត្របុរាណ ដែលនៅតែមានតួនាទីបំរើឲ្យវិស័យកសិកម្ម និងជំនឿតាំងពីសម័យបុរាណរហូតមកដល់ពេលបច្ចុប្បន្ននេះ ។
សូមបញ្ជាក់ផងដែរថា នៅចំកណ្ដាលបារាយណ៍ខាងលិច មានប្រាសាទមួយមានឈ្មោះថា ” ប្រាសាទមេបុណ្យខាងលិច” កំពុងទទួលបានការជួសជុល ហើយយើងសង្ឃឹមថាមិនយូរមិនឆាប់ ការងារនេះនឹងរួចរាល់ ហើយប្រាសាទទាំងមូលនឹងបង្ហាញរូបរាងដល់ទេសចរជាតិ និងអន្តរជាតិឲ្យបានស្គាល់ និងធ្វើឲ្យគេស្គាល់ពីបារាយណ៍ខាងលិចកាន់តែច្បាស់ថែមទៀត។