
រាជធានីភ្នំពេញ ៖ ខណៈអ្នកចម្រៀងមួយចំនួននៅផលិតកម្មថោន ហាក់គាំទ្រថៅកែ ជាងតារាចម្រៀង ខេម ជុំវិញបញ្ហារបស់លោក ខេម និងផលិតកម្មថោន រឿងថា មិនទាន់អស់កុងត្រា បែរទៅច្រៀងនៅក្នុងផលិតកម្មថ្មីនោះបែរជាពិធីការិនីលេចធ្លោមួយដួងបានបង្ហោះសារលើកទឹកចិត្តលោកឲ្យបន្តដំណើរទៅមុខកុំបាក់ទឹកចិត្ត ។
ប្រាកដណាស់ រឿងរ៉ាវស្មុគស្មាញដែលតារាចម្រៀង ខេម បាននឹងកំពុងពើបប្រទះ និងមានមហាជនមួយចំនួនបានធ្វើការរិះគន់ទៅលើតារាចម្រៀងប្រុសមួយនេះថា រមិលគុណម្ចាស់ផលិតកម្មដែលបានយិតយោងរូបលោកឲ្យល្បីនោះ ស្រាប់តែថ្មីៗនេះពិធីការិនីដ៏មានប្រជាប្រិយភាព និងមានសមត្ថភាពថ្នាក់ជាតិ និងអន្តរជាតិក្នុងការប្រើប្រាស់ភាសាអង់គ្លេសសម្រាប់កម្មវិធីធំៗ របស់រាជរដ្ឋាភិបាលផងនោះ អ្នក នាង ខៀវ សានសាណា បានបង្ហោះសារមួយចំនួនលើកទឹកចិត្តខេម ផ្ទុយពីអ្នកសិល្បៈមួយចំនួនដែលលោកធ្លាប់ជ្រកនៅផលិតកម្មថោនជាមួយ ។
ដោយនៅក្នុងការបង្ហោះសារលើកទឹកចិត្តនោះផងដែរ ខៀវ សានសាណា បានបង្ហោះរូបថតមួយសន្លឹកជាមួយ ខេម និង តន់ ច័ន្ទសីម៉ា និងបានប្រាប់ពីអារម្មណ៍នៅក្នុងចិត្តពិត របស់នាងទៅដល់អ្នកគាំទ្រថា « ជីវិតមិនងាយស្រួលទេ តែត្រូវចេះអត់ធ្មត់ និង តស៊ូ»។ យ៉ាងណាមិញ បន្ទាប់ពីពិធីការិនីមានឈ្មោះល្បីល្បាញមួយរូបនេះបង្ហើបពាក្យនៅក្នុងចិត្តរួចមក ក៏មានមហាជនអ្នកគាំទ្របានលើកឡើងថា អ្នកនាង ខៀវ សានសាណា ក្លាយជាសិល្បៈករទី១ ដែលបង្ហោះសារលើកទឹកចិត្តខេម ខណៈអ្នកនៅក្នុងទ្រនំចាស់ កំពុងតែវាយប្រហារទៅលើការរមិលគុណជាមួយផលិតកម្មជាដើម។
គួរបញ្ជាក់ផងដែរ មកទល់ពេលនេះមិនទាន់មានការដោះស្រាយជាមួយនឹងបញ្ហារវាងលោក ខេម និងផលិតកម្មថោននោះទេ ក្រៅពីភាគគីទាំងសងខាងបានបង្ហោះសារនិយាយពីភាពស្អាតស្អំរៀងៗខ្លួននៅតាមបណ្តាញសង្គមហ្វេសប៊ុក ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព