លោក ហង់ជួន ណារ៉ុន ៖ ការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញមិនមែនជាការប្រថុយប្រថានឡើយ
រាជធានីភ្នំពេញ ៖ បញ្ជាក់ពីការយកចិត្តទុកដាក់របស់ក្រសួងចំពោះសុវត្ថិភាពសិស្ស និងបុគ្គលិកសិក្សានៅពេលបើកសាលារៀនឡើងនៅក្នុងដំណាក់កាលទី២ នៅខែកញ្ញាខាងមុខនេះ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ការបើកដំណើរការឡើងវិញនៃគ្រឹះស្ថានសិក្សានេះ មិនមែនបើកទាំងប្រថុយប្រថាននោះទេ គឺបើកដំណើរការប្រកបដោយសុវត្ថិភាព ដោយអនុវត្តតាមស្តង់ដា SOP តាមការណែនាំរបស់ក្រសួងសុខាភិបាល សាលាត្រូវធានាបាននូវសុវត្ថិភាព អនាម័យ រៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ សមស្រប ពិសេសធានានូវគម្លាតសុវត្ថិភាព ជៀសវាសកុំឱ្យសិស្សជួបជុំគ្នា ដោយមានការត្រួតពិនិត្យត្រឹមត្រូវ ដើម្បីជៀសវាងនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ។
លោករដ្ឋមន្ត្រីបាន ប្រជុំណែនាំដល់អង្គភាពក្រោមឱវាទរួមមាននាយកដ្ឋានពាក់ព័ន្ធ និងមន្ទីរអប់រំ យុវជន និងកីឡា គ្រប់ខេត្តក្រុងទាំងអស់ កាលពីថ្ងៃទី២៦ សីហា ដើម្បីធានាបានថាការបើកដំណើរការសាលារៀនឡើងវិញ និងប្រព្រឹត្តទៅប្រកបដោយស្ដង់ដា និងសុវត្ថិភាព ។
សូមជម្រាបថា ក្រួសួងអប់រំយុវជន និងកីឡា បានអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សានឹងបើកដំណើរការឡើងវិញដំណាក់កាលទី២ នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ។ ចំពោះឆ្នាំសិក្សា២០២០-២០២១ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១តទៅ។
លោក ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថាតាមរយៈសេចក្ដីណែនាំរបស់ក្រសួង សាលារៀន ត្រូវរៀបចំបរិស្ថានសិក្សាប្រកបដោយសុវត្ថិភាព បរិយាបន្ន ផាសុកភាព និងមេត្រីភាព កៅអីអង្គុយសម្រាប់សិស្សានុសិស្ស ត្រូវរក្សាគម្លាតសុវត្ថិភាពយ៉ាងហោចណាស់២ម៉ែត្រ និងរៀបចំចំណុះថ្នាក់ ដោយកំណត់សិស្សមិនឱ្យលើសពី១៥ ទៅ២០នាក់ក្នុងមួយថ្នាក់ កាត់បន្ថយការប្រមូលផ្ដុំជាដើម ៕
ផ្តល់សិទ្ធដោយ៖កោះសន្តិភាព