ការឆ្លងរាលដាលនៃវីរុស COVID-19 នៅបន្តកើនឡើងយ៉ាងខ្លាំងនៅលើពិភពលោក ប៉ុន្តែបណ្ដាទិន្នន័យប្រចាំសប្ដាហ៍ចុងក្រោយដែលបានចេញផ្សាយកាលពីថ្ងៃទី២៥ សីហា ដោយអង្គការសុខភាពពិភពលោក WHO បង្ហាញពីការចុះថយនៃការឆ្លងក្នុងតំបន់ជាច្រើន លើកលែងតែនៅអាស៊ី និងតំបន់មេឌីទែរ៉ាណេខាងកើត ។
អ្នកឆ្លងវីរុសថ្មីជាង១,៧លាននាក់ និងអ្នកបាត់បង់ជីវិតថ្មីជាង៣៩.០០០នាក់ត្រូវបានកត់សម្គាល់ឃើញ ដោយ WHO កាលពីសប្ដាហ៍មុន(១៧ទៅ២៣សីហា) ដែលនោះតំណាងឲ្យការចុះថយប្រមាណជា៥%នៃអ្នកឆ្លងថ្មី និង១២%នៃចំនួនអ្នកបាត់បង់ជីវិត បើប្រៀបធៀបទៅនឹងសប្ដាហ៍មុននេះ(១០ទៅ១៦ សីហា) ។ WHO បន្តទៀតថាការចុះថយនោះកត់សម្គាល់ឃើញគ្រប់តំបន់ លើកលែងតែនៅអាស៊ី និងតំបន់មេឌីទែរ៉ាណេខាងកើត ។ ទ្វីបអាមេរិកនៅតែជាតំបន់រងការប៉ះពាល់ខ្លាំងជាងគេ ដោយ
តំណាងឲ្យពាក់កណ្ដាលនៃចំនួនអ្នកឆ្លងថ្មីនិង៦២%នៃចំនួនអ្នកបាត់បង់ជីវិត កត់សម្គាល់ឃើញកាលពីសប្ដាហ៍មុន ។ ប៉ុន្តែតំបន់នោះដែលការឆ្លងរាលដាលនៃវីរុសមានខ្លាំងបំផុត ចំនួនអ្នកឆ្លងថ្មីមានការចុះថយ១១% និងចំនួនអ្នកបាត់បង់ជីវិតធ្លាក់ចុះ១៧% មួយផ្នែកដោយសារការចុះថយនៃការឆ្លងនៅសហរដ្ឋអាមេរិកនិងប្រេស៊ីល ជាប្រទេស២ដែលរងការប៉ះពាល់ខ្លាំងជាងគេលើពិភពលោក ។ ការឆ្លងរាលដាលនៃវីរុស COVID-19 ចំនួនអ្នកឆ្លងលើពិភពលោកមកដល់ថ្ងៃទី២៥ សីហា មានដល់២៣.៦៨០.២៦៧នាក់ហើយចំនួនអ្នកបាត់បង់ជីវិតកើនដល់៨១៣.៨៤៣នាក់ ។ រីឯចំនួនអ្នកព្យាបាលជាសះស្បើយវិញមាន១៥.៣៦០.៦៨៥នាក់ ៕ ដោយ៖ ត្នោត