ហាណូយ ៖ សមាគមអ្នកនេសាទវៀតណាម បានរិះគន់ចំៗទៅលើប្រទេសឥណ្ឌូនេស៊ី ចំពោះការចាប់ខ្លួនអ្នកនេសាទវៀតណាមច្រើននាក់ដោយខុសច្បាប់ ហើយបានទាមទារឲ្យដោះលែងពួកគេ ព្រមទាំងប្រគល់ទូកទាំងអស់មកវិញ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AFP ។ កាលពីថ្ងៃទី២៤ សីហា សមាគមនេះ បាននិយាយថា អាជ្ញាធរឥណ្ឌូនេស៊ី ត្រូវតែធានាសុវត្ថិភាពរបស់ក្រុមអ្នកនេសាទវៀតណាម និងទូករបស់ពួកគេហើយថា ទង្វើរបស់អាជ្ញាធរឥណ្ឌូនេស៊ីនេះ មិនត្រូវកើតឡើងម្តងទៀតឡើយ ។
សមាគមនេះ ក៏បានអំពាវនាវដល់រដ្ឋាភិបាលវៀតណាមផងដែរ ឲ្យថ្កោលទោសចំពោះសកម្មភាពរបស់កងទ័ពជើងទឹកឥណ្ឌូនេស៊ី និងនាំក្រុមអ្នកនេសាទត្រឡប់មកប្រទេសវិញដោយសុវត្ថិភាព ហើយត្រូវពង្រឹងការល្បាតខ្លួន ដើម្បីជួយដល់ក្រុមអ្នកនេសាទវៀតណាម នៅដែនសមុទ្រ ។ កាលពីថ្ងៃទី១០ សីហា ទូកនេសាទវៀតណាមចំនួន៣គ្រឿង ជាមួយនឹងនាវិក២៦នាក់ ត្រូវបានក្រុមល្បាតដែនទឹកឥណ្ឌូនេស៊ីចាប់ឃាត់ ខណៈដែលពួកគេកំពុងនេសាទនៅក្នុងដែនទឹក ដែលសមាគមនេះ អះអាងថា ជារបស់វៀតណាម ប៉ុន្តែឥណ្ឌូនេស៊ីថា ជារបស់ខ្លួនទេ ។ ចាប់តាំងពីប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ Joko Widodo ឡើងកាន់អំណាចនៅឆ្នាំ២០១៤មក ទូកនេសាទបរទេសខុសច្បាប់រាប់រយគ្រឿង ត្រូវបានរឹបអូស និងបាញ់ពន្លិចចោលក្នុងសមុទ្រ ដែលទូកនេសាទទាំងអស់នោះជាងពាក់កណ្តាលជារបស់វៀតណាម ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព