តុលាការបារាំង កាលពីថ្ងៃទី១៧ ខែមិថុនា បានដាក់ទោសឪពុកធំរបស់ប្រធានាធិបតីស៊ីរី លោក បាសា អាល់អាសាដ ឲ្យជាប់ពន្ធនាគារ៤ឆ្នាំ ពីបទលាងលុយខ្មៅ និងចាយវាយមូលនិធិសាធារណៈរបស់ប្រទេសស៊ីរី បម្រើប្រយោជន៍ផ្ទាល់ខ្លួន។
លោក Rifaat Assad អាយុ៨២ឆ្នាំ ជាបងប្រុសរបស់អតីតប្រធានាធិបតី Hafez Assad (ឪពុករបស់លោក បាសា អាល់អាសាដ ដែលជាប្រធានាធិបតីស៊ីរីបច្ចុប្បន្ន) មិនបានវត្តមានក្នុងបន្ទប់សវនាការនោះទេ ពេលកាត់ក្ដីនោះទេ ។ គាត់កំពុងស្ថិតក្នុងមន្ទីរពេទ្យ ចាប់តាំងពីខែធ្នូ ឆ្នាំ២០១៩មកម្ល៉េះ ដើម្បីព្យាបាលជំងឺឈាមហូរនៅក្នុងខ្លួន ។
តុលាការនៅក្នុងទីក្រុងប៉ារីស ក៏បានបញ្ជាឲ្យរឹបអូសទ្រព្យសម្បត្តិរបស់គាត់ នៅក្នុងប្រទេសបារាំង គិតជាប្រាក់មានតម្លៃប្រហែល៩០លានអឺរ៉ូ (ប្រហែល១០០លានដុល្លារអាមេរិក) និងទ្រព្យសម្បត្តិ នៅទីក្រុងឡុងដ៍តម្លៃប្រហែល២៩លានអឺរ៉ូ ។
លោក Rifaat Assad ត្រូវគេអះអាងថា ជាគូប្រជែងរបបស៊ីរីបច្ចុប្បន្នដឹកនាំដោយក្មួយប្រុសរបស់លោកនោះ រងការចោទប្រកាន់ថា បានដឹកនាំការសម្លាប់រង្គាល កាលពីឆ្នាំ១៩៨២ នៅក្នុងព្រឹត្តិការណ៍បះបោររបស់អ៊ិស្លាមស៊ីរី (Hama of Islamists) ដែលបះបោរប្រឆាំងការគ្រប់គ្រងរបស់បងប្អូនលោក។ មនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ ក្នុងអំឡុងពេលបង្ក្រាបនោះ ដែលធ្វើឱ្យលោក Rifaat Assad មានឈ្មោះហៅក្រៅថា “ ឃាតក Hama” ។
លោកបានរត់ភៀសខ្លួន ចាកចេញពីស៊ីរីក្នុងឆ្នាំ១៩៨៤ ក្រោយពីបរាជ័យធ្វើរដ្ឋប្រហារប្រឆាំងនឹងប្អូនប្រុសរបស់លោក។ ដំបូងឡើយ លោក Rifaat Assad បានទៅតាំងទីលំនៅក្នុងប្រទេសស៊ី្វស មុនពេលផ្លាស់ប្តូរទៅកាន់ប្រទេសបារាំងជាមួយក្រុមគ្រួសារ និងសហការីប្រហែល២០០នាក់ទៀត។ លោកបានបែងចែកពេលវេលាក្រោយមកទៀត រវាងការរស់នៅប្រទេសបារាំង និងប្រទេសអស់គ្លេស។
បន្ទាប់ពីផ្លាស់ទៅទ្វីបអឺរ៉ុប គាត់បានចាប់ផ្តើមសាងសង់ចក្រភពអចលនទ្រព្យ នៅបារាំង ចក្រភពអង់គ្លេស និងអេស្ប៉ាញ ដែលត្រូវបានគេរាយការណ៍ថា មានតម្លៃ ៨០០ លានអឺរ៉ូ។ លោក Rifaat Assad ជាម្ចាស់បុរីចំនួនពីរកន្លែង នៅទីក្រុងប៉ារីស ដែលមួយកន្លែងក្នុងចំណោមនោះ គឺស្ថិតនៅក្នុងវិថី Avenue Foch នៅជាប់នឹងផ្ទះទី១៦ ដែលជាកម្មសិទ្ធិរបស់អតីតអនុប្រធានាធិបតីស៊ីរី លោក Abdel Halim Khaddam ដែលបានទទួលមរណភាព កាលពីខែមីនា ក្នុងអាយុ៨១ ឆ្នាំ។ ជាងនេះទៀត លោកRifaat Assad ជាម្ចាស់អគារនៅតំបន់ Val-d’Oise និងនៅទីក្រុង Lyon ផងដែរ ។
គាត់ក៏បានប្រមូលផលបត្រអចលនទ្រព្យដ៏ធំមួយ នៅប្រទេសអេស្ប៉ាញ ដែលមានតម្លៃប្រហែល ៦៩៥ លានអឺរ៉ូ ។ ទ្រព្យសម្បត្តិនៅអេស្ប៉ាញទាំងអស់របស់គាត់ ត្រូវបានអាជ្ញាធររឹបអូសយក នៅឆ្នាំ២០១៧ ។
លោក Rifaat Assad ស្ថិតក្រោមការស៊ើបអង្កេត នៅប្រទេសបារាំង ចាប់តាំងពីឆ្នាំ ២០១៤ ។ លោកបានបដិសេធចំពោះការចោទប្រកាន់ប្រឆាំងនឹងគាត់។ មេធាវីរបស់គាត់បានអះអាងថា បណ្តឹងប្រឆាំងលោក Rifaat Assad ត្រូវបានស្នើឡើងដោយក្រុមប្រឆាំងស៊ីរី ហើយបាននិយាយថា ទ្រព្យសម្បត្តិរបស់លោក Rifaat Assad មិនបានលួចពីមូលនិធិសាធារណៈរបស់ស៊ីរីទេ ប៉ុន្តែត្រូវបានគេផ្តល់ឱ្យគាត់ ។
តុលាការបានច្រានចោលការចោទប្រកាន់ប្រឆាំងនឹងលោក Rifaat Assad ដែលជាប់ទាក់ទងនឹងរយៈពេលពីឆ្នាំ ១៩៨៤ ដល់ឆ្នាំ ១៩៩៦ ប៉ុន្តែបានរកឃើញថា លោក Rifaat Assad មានកំហុសចំពោះការលាងលុយខ្មៅ ដែលបានរៀបចំឡើង រវាងឆ្នាំ ១៩៩៦ និង ២០១៦ ពីមូលនិធិសាធារណៈរបស់ប្រទេសស៊ីរី ។ នេះបើតាមប្រភពAFP បានផ្សាយ ៕ ប្រែសម្រួលដោយ៖ thach yat