និយាយតាមត្រង់ទៅចុះ តាមពិតទៅម៉ាក់ប៉ារបស់ខ្ញុំ ក៏ជាប្រភេទមនុស្សចាស់ ដែលនៅតែគោរពវប្បធម៌ចាស់កំរិលក្នុងសង្គមមួយនេះ ដូចតែម្ដាយឪពុកមួយចំនួនផ្សេងទៀតដែរចឹង។
ប៉ុន្ដែអ្វីដែលពួកគាត់ខុសគ្នាពីម្ដាយឪពុកមួយចំនួនផ្សេងទៀតនោះ គឺការដែរគាត់មិនប្រកាន់យកវប្បធម៌ទាំងនោះជ្រុលនិយមហួសហេតុពេកទេ តែគាត់បែរជាងាកមកជឿថា កូនស្រីរបស់គាត់ជាមនុស្សបែបណាទៅវិញ។
ទី១ :កាលពីខ្ញុំនៅតូចពួកគាត់ធ្លាប់ប្រដៅខ្ញុំថា «ខ្ញុំជាកូនស្រីកុំសូវដើរហើរជាមួយមនុស្សប្រុសច្រើនពេក ខ្លាចភ្នែកញាត្ដិគេមើលមកមិនសម ព្រោះអោយតែមនុស្សស្រីដើរជាមួយមនុស្សប្រុសដឹងតែសង្សារវាមិនដឹងនរណាគេខ្លះទេកូន។» ប៉ុន្ដែរហូតដល់ពេលនេះខ្ញុំធំឡើង ខ្ញុំបែរជាបំបែកវិន័យក្នុងគ្រួសារទៅវិញ គឺមិត្តភក្ដិដែលខ្ញុំស្គាល់ភាគច្រើន សុទ្ធតែមនុស្សប្រុស ។ ហើយមូលហតុ គឺខ្ញុំគ្រាន់តែចង់បញ្ជាក់ប្រាប់ពួកគាត់ថា មិនមែនអោយតែរាល់មនុស្សប្រុសដែលពួកគាត់ឃើញ មនុស្សស្រីដើរជាមួយគឺ សុទ្ធតែសង្សារម្នាក់ហ្នឹងទាំងអស់ទេ ហើយខ្ញុំក៏បានព្យាយាមពន្យល់ប្រាប់ពួកគាត់ថា ការរាប់អានមនុស្សប្រុសវាមិនបានបង្ហាញថាកូនស្រីរបស់គាត់ មានសង្សាររដូចពាក់ខោអាវទេ តែគាត់ត្រូវទទួលស្គាល់ការពិតថា ការអនុញ្ញាតអោយកូនស្រីសម្រេចចិត្ដរាប់អានមិត្តភក្ដិដោយមិនប្រកាន់ភេទ គឺកាន់តែធ្វើអោយកូនស្រីរបស់គាត់រៀនសូត្រពីអ្នកដទៃបានច្រើនទៅវិញទេ។
ទី២ : កាលខ្ញុំនៅតូច ខ្ញុំក៏ធ្លាប់លឺគាត់រិះគន់គេអោរឿង ស្លៀកពាក់ខ្លី ស្លៀកសុិចសុី ចាក់សាក់ ចុះក្រវិល7-8តង់ លាបសក់ពណ៌ស្អីគេអស់ហ្នឹងឆ្អែតអស់ហើយ។ នៅពេលនោះខ្ញុំក៏លួចអស់សំណើចក្នុងចិត្ដ ហើយក៏តាំងចិត្តថា ចាំមើលណាម៉ាក់ ពេលកូនធំឡើងកូនប្រហែលជាងបងៗប៉ុន្មាននាក់ហ្នឹងដែលម៉ាក់ឃើញទៀត ហើយពេលនេះបំណងប្រាថ្នាខ្ញុំក៏បានសម្រេច ក្បាលខ្ញុំមួយធ្លាប់លាបសក់មិនក្រោម៧ពណ៌ទេ ត្រចៀកខ្ញុំមួយពាក់ក្រវិលមិនក្រោមបួនទេ ហើយបើនិយាយពីរឿងស្លៀកពាក់វិញ ខ្ញុំអត់ខ្វល់ថាម៉ាក់ប៉ាខ្ញុំគិតថាវាខ្លីឬមិនខ្លីទេ អោយតែខ្ញុំគិតថាស្លៀកពាក់បែបនោះទៅខ្ញុំពេញចិត្តខ្ញុំស្លៀកហើយ។
ហើយមូលហេតុដែលខ្ញុំធ្វើបែបនេះ មិនមែនមកពីខ្ញុំចង់ឈ្នះម៉ាក់ប៉ារបស់ខ្ញុំអីទេ គឺគ្រាន់តែខ្ញុំចង់បញ្ជាក់ និងពន្យល់ប្រាប់ពួកគាត់ថា សិល្បះនៃការតុបតែងខ្លួនរបស់អ្នកដទៃ គឺមិនបានបង្ហាញអំពីតម្លៃរបស់នរណាម្នាក់នោះទេ មនុស្សម្នាក់ៗមានការស្រលាញ់នឹងរូបរាងកាយរបស់ខ្លួនផ្សេងៗគ្នាតែប៉ុណ្ណោះ។ មិនប្រាកដថាអ្នកតែងខ្លួនរបៀបដែលខ្ញុំនិយាយខាងលើ សុទ្ធតែមនុស្សពាល និងបាតសង្គមទាំងអស់នោះទេ។
ខ្ញុំក៏បានបញ្ជាក់ប្រាប់ពួកគាត់ថា ខ្ញុំចូលចិត្ដនឹងអ្វីដែលខ្ញុំតុបតែងខ្លួនរាល់ថ្ងៃនេះ ហើយវាធ្វើអោយខ្ញុំមានទំនុកចិត្ដ និងសប្បាយចិត្ដ ក្រោយមកទៀតពួកគាត់ក៏បើកចិត្ដទូលាយ ហើយថែមទាំងនិយាយថា «កូនវាក្មេង សម័យឥឡូវក្មេងៗគេចូលចិត្ដបែបហ្នឹង អោយតែវាសប្បាយចិត្ដវាធ្វើទៅ»។
ទី៣ : ខ្ញុំគិតថាមិនមែនតែគ្រួសារខ្ញុំមួយទេដែលនិយាយថា «កូនស្រីកុំចេះដឹងរឿងផ្លូវភេទហ្នឹងអីច្រើន យើងនិយាយវាមិនសមទេខ្លួនជាស្រី» ប៉ុន្ដែថ្ងៃនេះ ខ្ញុំក៏ក្លាយជាមនុស្សស្រីម្នាក់ដែលធ្លាប់និយាយពីប្រធានបទ សិទ្ធិសេរីភាពក្នុងការនិយាយពីបញ្ហាផ្លូវភេទ និងការផ្លាស់ប្ដូរវប្បធម៌និងស្រ្ដីក្នងសម័យនេះ លើបណ្ដាញសង្គមទៅវិញ។ ប្រាកដណាស់ ខ្ញុំបំបែកវិន័យគ្រួសាររបស់ខ្ញុំទៀតហើយ ប៉ុន្ដែខ្ញុំសប្បាយចិត្ដនៅពេលដែលខ្ញុំមានឱកាសអាចពន្យល់ប្រាប់គ្រួសាររបស់ខ្ញុំដោយផ្ទាល់មាត់ថា ការយល់ដឹងពីបញ្ហាផ្លូវភេទ មិនមែនសម្រាប់តែបុរសនោះទេ ហើយការដែលមនុស្សស្រីយល់ដឹងច្រើនពីរឿងផ្លូវភេទ មិនមែនមានន័យថា ម្នាក់នោះធ្លាប់មានបទពិសោធន៍រឿងបន្ដពូជអីនោះដែរ ប៉ុន្ដែវាជាមេរៀនទូទៅមួយសម្រាប់មនុស្សគ្រប់គ្នាអាចពិភាក្សា និងយល់ដឹង ដើម្បីអោយខ្លួនឯងកាន់តែយល់ច្បាស់ពីខ្លួនឯង ព្រមទាំងចេះការពារខ្លួនពីបញ្ហាដោយប្រការណាមួយតែប៉ុណ្ណោះ។
ចុងបញ្ចប់ ខ្ញុំមិនមែនមានបំណងចង់បញ្ចុះបញ្ចូលអោយអ្នកទាំងអស់គ្នាមិនស្ដាប់ដំបូន្មានម្ដាយឪពុកនោះទេ តែខ្ញុំចង់សំណូមពរអោយលោកពូ អ្នកមីង ដែលកំពុងតែអានអត្ថបទមួយនេះ គួរផ្លាស់ប្ដូរគំនិតការគិតទៅនឹងផ្នត់គំនិតរបៀបនោះទៀតទៅ។ ការដែលជឿជាក់លើកូន មិនថាស្រី ឬប្រុស ចាកចេញពីវប្បធមរឹតត្បិតមួយចំនួននេះ គឺជាការផ្ដល់សិទ្ធិសេរីភាព ក្នុងការសម្រេចចិត្ដ និងធ្វើកិច្ចការអ្វីដោយគ្មានការរារាំង ដែលអនុញ្ញាតអោយពួកគាត់អាចអភិវឌ្ឍខ្លួន និងបង្កើតឯករាជ្យភាពដោយខ្លួនឯងទៅវិញទេ។