កន្លងមក មានសេចក្ដីរាយការណ៍ថា រដ្ឋាភិបាលថៃកំពុងតែពិចារណាអំពីការលើកលែងទោសដល់អ្នកនយោបាយទាំងអស់ ដែលមានដីកាចោទប្រកាន់ ហើយកំពុងតែនិរទេសខ្លួន ប៉ុន្ដែត្រូវបានរដ្ឋាភិបាលទីក្រុងបាងកក ច្រានចោល។
លោកស្រី Narumon Pinyosinwat អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានថ្លែងថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលមិនមានគម្រោងលើកលែងទោសដល់អ្នកនយោបាយទាំងអស់ ដែលមានទោសទណ្ឌនោះឡើយ។ បច្ចុប្បន្ន រដ្ឋាភិបាលកំពុងតែរវល់នឹងការជួយដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់អំពីកូវីដ១៩។ រីឯការផ្ដល់នូវការលើកលែងទោសដល់អ្នកនយោបាយដែលជាប់ទោសទណ្ឌ មិនមែនជាអាទិភាពរបស់រដ្ឋាភិបាលនោះដែរ។
បើយោងតាមសេចក្ដីរាយការណ៍ជាច្រើន បានឲ្យដឹងថា រដ្ឋាភិបាលកំពុងពិចារណាពីការលើកលែងទោសដល់អ្នកនយោបាយទាំងអស់ដែលជាប់ទោស ដើម្បីបង្កើតនូវភាពសុខដុមរមនា និងសន្ដិភាព ក៏ដូចជាការបង្កើតនូវឯកភាពជាតិផងដែរ។ ប៉ុន្ដែការលើកឡើងខាងលើនេះ ត្រូវបានរដ្ឋាភិបាលច្រានចោលទាំងស្រុង។
លោកស្រី Narumon បានបញ្ជាក់ថា នាយករដ្ឋមន្រ្ដីថៃ លោក ប្រាយុទ្ធ ចាន់អូចា និងជារដ្ឋមន្រ្ដីក្រសួងការពារជាតិផងនោះ បានច្រានចោលនូវសេចក្ដីរាយណ៍ខាងលើ។ រីឯរដ្ឋាភិបាល ក៏មិនបានដឹងថា ការអះអាងបែបនេះ បានកើតមកពីណាដែរ។
ទោះជាយ៉ាងណា អ្នកនាំពាក្យរដ្ឋាភិបាលថៃរូបនេះ បានបន្ថែមថា មានតែក្រសួងយុត្ដិធម៌ប៉ុណ្ណោះ ទើបអាចដោះស្រាយនីតិវិធីនេះបាន ដោយរួមទាំងព្រះរាជក្រឹត្យលើកលែងទោសពីព្រះមហាក្សត្រផងដែរ។ ក្រសួងយុត្ដិធម៌អាចធ្វើដូច្នេះបាន ដោយមិនមានការជ្រៀតជ្រែកពីរដ្ឋាភិបាល។
លោក Somsak Thepsutin រដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌ថៃ បានឲ្យដឹងថា លោកមិនបានឮសេចក្ដីរាយការណ៍នោះឡើយ។ ក្រសួងនឹងកោះប្រជុំដើម្បីពិភាក្សាអំពីបញ្ហានេះ ប្រសិនបើក្រសួងត្រូវបានគេប្រាប់ឲ្យធ្វើដូច្នេះមែន។ រីឯការលើកលែងទោស អាចនឹងស្នើ ដោយបុគ្គលមួយចំនួន តែលោកមិនបានដឹងរឿងនេះទេ។
កាលពីអំឡុងឆ្នាំ២០១៣ ការលើកលែងទោសដល់អតីតនាយករដ្ឋមន្រ្ដីថៃ លោក Thaksin Shinawatra ត្រូវបានរៀបចំឡើយ ដោយរដ្ឋបាលរបស់លោកស្រី Yingluck Shinawatra តែមិនបានសម្រេច ខណ:មានភាពតានតឹងផ្នែកនយោបាយ នៅក្នុងប្រទេសថៃ៕ ប្រែសម្រួលដោយ Nuon