Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រទេស​មហា​អនុ​តំបន់​ទន្លេមេគង្គ ចែក​បទ​ពិសោធន៍​គ្នា​ក្នុង​ការ​ស្ដារ​វិស័យ​ទេសចរណ៍​ក្រោយ​ពេល​វិបត្តិ​កូ​វី​ដ

រាជធានី​ភ្នំពេញ​៖ ខណៈ​ការ​រា​ត្បា​តនៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​តែ​អូស​បន្លាយ​អស់​ពេល​ជា​ច្រើន​ខែ​មក​ហើយ​នោះ បាន​ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​ពិភពលោក​ជួប​នូវ​វិបត្តិ​យ៉ាងធ្ងន់ធ្ងរ ប៉ុន្តែ​ប្រទេស​ជា​ច្រើន​ក៏​បាន​ខិតខំ​ប្រឹងប្រែង​ស្ដារ​វិស័យ​ទេសចរណ៍​របស់​ខ្លួន​ខ្លាំង​ណាស់​ដែរ ដោយ​ប្រទេស​ខ្លះ​អាច​ទប់ទល់​ស្ថានការណ៍​បាន រីឯ​ប្រទេស​ខ្លះ​ទៀត​ក៏​ជួប​នូវ​ការ​បរាជ័យ​ទៅ​វិញ​ក៏​មាន​។

ជាក់ស្ដែង​នា​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២០​នេះ ក្រុម​ប្រទេស​នៃ​មហា​អនុ​តំបន់​ទន្លេមេគង្គ រួម​មាន​៖ ចិន មី​យ៉ា​ន់​ម៉ា ថៃ ឡាវ កម្ពុជា និង​វៀតណាម បាន​បើក​កិច្ចប្រជុំ «The 1st Destination Mekong Summit» តាម​រយៈ​ប្រព័ន្ធ​វី​ដេ​អូ​ខន់​ហ្វឺ​រិ​ន ក្នុង​គោលបំណង​រួម គឺ​ធ្វើ​យ៉ាងណា​ត្រូវ​ស្ដារ​វិស័យ​ទេសចរណ៍​ឡើង​វិញ​ឱ្យ​បាន នា​កំលុង​ពេល និង​ក្រោយ​ពេល​វិបត្តិ​កូ​វី​ដ​។ ថ្វី​ដ្បិត​កិច្ចប្រជុំ​នេះ​ជា​រឿង​របស់​ក្រុម​ប្រទេស​នៃ​មហា​អនុ​តំបន់​ទន្លេមេគង្គ​ក៏​ពិតមែន ប៉ុន្តែ​ក្នុង​នោះ​ក៏​មាន​អ្នកចូលរួម​ផ្សេង​ទៀត​មក​ពី​ជុំវិញ​ពិភពលោក ដែល​មាន​ទាំង​ស្ថាប័ន​សាធារណៈ និង​ផ្នែក​ឯកជន​សរុប​ប្រមាណ ១.០០០​នាក់​។

ភាគី​កម្ពុជា​ត្រូវ​បាន​ដឹកនាំ​ការ​ចូលរួម​ដោយ​លោក​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ដោយ​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ចូលរួម​ចែករំលែក​បទ​ពិសោធន៍​ជា​ច្រើន​ជូន​អង្គប្រជុំ​អន​ឡាញ នេះ​។

ប្រធានបទ​ដែល​បាន​លើកយក​មក​ពិភាក្សា គឺ​មាន​ដល់​ទៅ ១០​ជំពូក ពាក់ព័ន្ធ​នឹង​កិច្ចការ​នយោបាយ​ដែល​បាន​ដាក់​ចេញ​ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​ក្នុង​មហា​អនុ​តំបន់​មេគង្គ ការ​អនុវត្ត​គោលការណ៍​នៃ​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរ ពី​គោលដៅ​ទេសចរណ៍​មាន​សុវត្ថិភាព​ទៅ​កាន់​គោលដៅ​ទេសចរណ៍​ដែល​មាន​សុវត្ថិភាព​មួយទៀត និង​កិច្ច​ពិភាក្សា​លើ​ការ​ដោះស្រាយ​ផល​ប៉ះពាល់​វិបត្តិ កូ​វី​ដ​១៩ និង​ការ​ស្តារ​វិស័យ​ទេសចរណ៍​ក្នុង​តំបន់​ឡើង​វិញ​ជាដើម​។

នា​ឱកាស​នោះ លោក​រដ្ឋមន្ត្រី ថោ​ង ខុន ក៏​បាន​លើក​បង្ហាញ​ថា នៅ​ចំពោះ​ការ​តស៊ូ​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​បិសាច​កំណាច​កូ​វី​ដ​នេះ ប្រទេស​កម្ពុជា​មិន​បាន​នៅ​ស្ងៀម​នោះ​ឡើយ ដោយ​រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រោម​ការ​គាំទ្រ​ពី​សំណាក់​អង្គការ​សុខភាព​ពិភពលោក​ផង​នោះ បាន​ដាក់​ចេញ​នូវ​វិធានការ​បង្ការ ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំង​យ៉ាង​សស្រាក់សស្រាំ និង​មានការ​យកចិត្តទុកដាក់​ជាទី​បំផុត​។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ថ្នាក់ដឹកនាំ មន្ត្រីរាជការ​នៃ​ក្រសួង ស្ថាប័ន អង្គភាព​នានា ព្រមទាំង​ប្រជាពលរដ្ឋ​កម្ពុជា​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​បង្ការ ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​សកល​នេះ ក្នុង​នោះ​ក្រសួងទេសចរណ៍​ក៏​តែង​ចេញ​ធ្វើ​សកម្មភាព​ជាប់​ជា​ប្រចាំ​នៅ​តាម​ដែន​សមត្ថកិច្ច​របស់​ខ្លួន លើ​ការ​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​នៅ​តាម​តំបន់​រមណីយដ្ឋាន សហគមន៍​ទេសចរណ៍ មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ស្នាក់​នៅ មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ម្ហូបអាហារ អាជីវកម្ម​សេវាកម្ម​ដឹក​ជញ្ជូន​ផ្លូវគោក និង​ផ្លូវទឹក​។

ការ​ខិតខំ​នេះ​គឺ​ដើម្បី​ធ្វើ​យ៉ាងណា​អាច​ស្ដារ​វិស័យ​ទេសចរណ៍​ក្នុង​ប្រទេស​បាន​ខ្លះ ដើម្បី​ជួយ​កុំ ឱ្យ​ជួប​នូវ​វិបត្តិ​ដុនដាប​ខ្លាំង​ពេក ក្នុង​នោះ​ក្រសួងទេសចរណ៍​បាន​ជំរុញ​ឱ្យ​មាន​ចលនា​ទេសចរ​ក្នុងស្រុក​ខ្លះ​ៗ ដោយ​ភ្ជាប់​ជាមួយ​ការ​ពង្រឹង​ការ​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ នៅ​តាម​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ទាំង​៦​ផ្នែក​ខាងលើ ដើម្បី​ឱ្យ​ដង្ហើម​វិស័យ​ទេស​ចរណ៍​ជាតិ​នៅ​តែ​អាចរ​ស់បាន​។

លោក​ថា​ ក្រសួងទេសចរណ៍​តែង​បាន​ស្វែងរក​កិច្ច​សហប្រតិបត្តិការ និង​កិច្ចសហការ​ពី​សំណាក់​ដៃគូ​ជាតិ​-​អន្តរជាតិ​នានា ដើម្បី​ពង្រឹង​ការ​អនុវត្ត​ការងារ​សំខាន់​ក្នុង​វិស័យ​ទេសចរណ៍​របស់​ខ្លួន​ជា​រឿយ​ៗ​។

អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​កិច្ចប្រជុំ​នេះ ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជា​ច្រើន​បាន​សម្លឹង​ឃើញ​ថា កម្រិត​នៃ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​នៅ​ក្រុម​ប្រទេស​មហា​អនុ​តំបន់​ទន្លេមេគង្គ គឺ​នៅ​មាន​កម្រិត​តិច​តូច​ជាង​តំបន់​ដទៃ ដែល​ទៅ​ថ្ងៃ​មុខ​គួរតែ​រៀបចំ​ឱ្យ​មាន​ទេសចរ​មក​លេង​កម្សាន្ត​បាន ប៉ុន្តែ​ក៏​ត្រូវ​តែ​ធានា​សុវត្ថិភាព​ទេសចរណ៍​ខ្ពស់ និង​ច្បាស់លាស់​ដែរ​។

ប៉ុន្តែ​ទោះជា​យ៉ាងណា ក្រុម​ប្រទេស​ក្នុង​តំបន់​នេះ​មិន​ទាន់​ហ៊ាន​ទទួលយក​ភ្ញៀវ​ទេសចរ​អន្តរជាតិ​បាន​នៅឡើយ​ទេ ពីព្រោះ​ហានិភ័យ​ពី​ខាងក្រៅ​នៅ​មាន​កម្រិត​ខ្ពស់​នៅឡើយ គឺ​មាន​តែ​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ខ្លះ​ៗ​ប៉ុណ្ណោះ តួយ៉ាង​ដូច​ជា​កម្ពុជា ថៃ ចិន​ជាដើម​។ សម្រាប់​កម្ពុជា ទោះបី​មិន​ទាន់​អាច​ទទួលយក​ទេសចរ​អន្តរជាតិ​បាន ក៏​កម្ពុជា​នៅ​តែ​រៀបចំ​ខ្លួន​ជាប់​ជា​ប្រចាំ ដូច​ជា ពង្រឹង​វិធាន​សុវត្ថិភាព​ទេសចរណ៍ ការ​លើកទឹកចិត្ត​ឱ្យ​មានការ​វិនិយោគ​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី​ៗ និង​មាន​សុវត្ថិភាព​ខ្ពស់ ការ​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ចេះ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ដើម្បី​ដើរ​ឱ្យទាន់​នឹង​សម័យកាល​បដិវត្ត​ឧស្សាហកម្ម ៤.០ ការ​បង្វឹក​បំប៉ន និង​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​បន្ថែម ការ​លើក​ស្ទួយ និង​ជំរុញ​ឱ្យ​មានការ​វិនិយោគ​លើ​វិស័យ​កសិកម្ម ការ​បង្ការ ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ជំងឺ​កូ​វី​ដ ពិសេស​គឺ​ការ​ទប់ស្កាត់​មិន​ឱ្យ​ឆ្លង​ចូល​ទៅ​ក្នុង​សហគមន៍​ប្រជាពលរដ្ឋ​។

នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​លោក​រដ្ឋមន្ត្រី ថោ​ង ខុន ទៅ​កាន់​អង្គប្រជុំ «The 1st Destination Mekong Summit»​។ លោក​បណ្ឌិត ថោ​ង ខុន បាន​បង្ហើប​ឱ្យ​ដឹង​ថា ថ្មី​ៗ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​មានការ​ឈប់​សម្រាក​រយៈពេល​៥​ថ្ងៃ ដើម្បី​សង​ថ្ងៃ​ឈប់​សម្រាក​កាលពី​កំលុង​ពេល​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​កន្លង​ទៅ ដោយ​កំលុង​ពេល​៥​ថ្ងៃនេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ប្រមាណ ១.៤​លាន​នាក់​។ អ្វី​ដែល​ឱ្យ​រីករាយ​នោះ គឺ​គ្មាន​រក​ឃើញ​ថា​មាន​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ លើ​ប្រជាពលរដ្ឋ ឬ​ភ្ញៀវ​ទេសចរ​ណា​ម្នាក់​នោះ​ឡើយ​។

ចំណុច​ថ្មី​មួយទៀត​នៅ​ក្នុង​កិច្ចប្រជុំ​ខាងលើ គឺ​ប្រទេស​ថៃ​បាន​លើក​ឡើង​ពី​គម្រោង​ចង់​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​នៃ​ប្រទេស​ផ្សេង​ទៀត ដើម្បី​ពិនិត្យ​លើ​លទ្ធភាព​អនុវត្ត​នយោបាយ​ទេសចរណ៍ «Green Travel Bubble» ជា​លក្ខណៈ​ទ្វេភាគី ឬ​ត្រីភាគី ហើយ​ប្រសិនបើ​ជោគជ័យ គេ​នឹង​អាច​ឈាន​ដល់​ពហុភាគី​ថែម​ទៀត​៕

ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9628439