មានសំណូមពរចំនួន២ចំណុចរបស់ប្រជាពលរដ្ឋដែលមានផ្ទះនៅជាប់ផ្សារ និងអ្នកលក់ដូរខាងមុខផ្សារកងកេង ត្រូវបានរដ្ឋបាលស្រុក ទទួលយកទៅពិនិត្យ និងពិភាក្សា បន្ទាប់ពីចំណុចខាងលើនោះត្រូវបានរៀបចំសណ្តាប់ធ្នាប់ដោយរដ្ឋបាលស្រុកព្រៃនប់ ។
នៅព្រឹកថ្ងៃ២៦ សីហា ២០២០ មន្ត្រីអាជ្ញាធរស្រុកព្រៃនប់ បានទទួលយកសំណូមពរមួយចំនួនពីប្រជាពលរដ្ឋដែលមានផ្ទះនៅជាប់ផ្សារ និងអ្នកលក់ដូរខាងមុខផ្សារកងកេង យកទៅពិនិត្យដោះស្រាយ ។
ការសំណូមពរ២ចំណុចដែលប្រជាពលរដ្ឋស្នើសុំរួមមាន ទី១- អ្នកមានផ្ទះនៅជាប់ផ្សារ ស្នើសុំអាជ្ញាធរជួយបើកឲ្យមានផ្លូវចេញចូល ពីផ្លូវជាតិ កុំឲ្យមានចតម៉ូតូឬរថយន្តបិទផ្លូវ ចេញ-ចូល និងទី២-ប្រជាពលរដ្ឋមួយចំនួនដែលអះអាងថាគ្មានកន្លែងលក់ដូរ ស្នើសុំឲ្យអាជ្ញាធរអនុញ្ញាតបានលក់ដូរផ្នែកខ្លះលើដីខាងមុខផ្សារ ដែលអាជ្ញាធរស្រុកបានហាមឃាត់កន្លងមក មិនអោយលក់ដូរ ហួសចេញពីបង្គោលភ្លើងអគ្គិសនី។
បច្ចុប្បន្នមន្ត្រីផ្នែកសណ្តាប់ធ្នាប់រដ្ឋបាលស្រុកព្រៃនប់ ដែលចុះពិនិត្យផ្ទាល់ បានឱ្យដឹងបន្ថែមថា នឹងនាំយកសំណូមពរទាំងអស់ជូនថ្នាក់ដឹកនាំស្រុក ដើម្បីពិនិត្យសម្រេច ៕ដោយ៖ត្នោត