លោក Lee Do-hoon បានទៅបំពេញទស្សនកិច្ច នៅលើទឹកដីអាមេរិក ក្នុងពេលស្ថានភាពទំនាក់ទំនងជាមួយកូរ៉េខាងជើង កាន់តែតានតឹង បន្ទាប់ពីការកាត់ផ្តាច់ទំនាក់ទំនងនិងបំផ្ទុះការិយាល័យទំនាក់ទំនងឧបទ្វីបកូរ៉េ។
លោក Lee Do-hoon បានទៅកាន់ទីក្រុងវ៉ាស៊ីនតោន ជាបន្ទាន់ កាលពីថ្ងៃទី១៧ ខែមិថុនា ដើម្បីជួបពិភាក្សាជាមួយអាមេរិក ពាក់ព័ន្ធនឹងកូរ៉េខាងជើង ដែលបានបង្កភាពតាន់តឹកាន់តែខ្លាំងឡើង នៅលើឧបទ្វីបកូរ៉េ។
ដំណើរទស្សនកិច្ចខាងលើ គឺមិនបានប្រកាសឲ្យដឹងជាមុននោះឡើយ ក្នុងពេលស្ថានភាពព្រំដែនជាមួយកូរ៉េខាងជើង កាន់តែតានតឹង។ បើតាមគម្រោង លោក Lee Do-hoon នឹងជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់អាមេរិក ក្នុងនោះមានរដ្ឋលេខាធិការក្រសួងការបរទេស Stephen Biegun ប្រធានគណៈប្រតិភូពិភាក្សា ស្តីពីរការរំសាយអាវុធបរមាណូជាមួយកូរ៉េខាងជើង។ ជាមួយគ្នានេះដែរ លោក Lee Do-hoon នឹងជួបពិភាក្សាជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Robert O’Brien។
រូបភាពដែលបានផ្សព្វផ្សាយតាមកញ្ជក់ទូរទស្សន៍ បង្ហាញឲ្យឃើញថា លោក Lee Do-hoon បានបង្ហាញវត្តមាន នៅអាកាសយានដ្ឋានអន្តរជាតិ Dulles ក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី១៧ ខែមិថុនា ។
សកម្មភាពខាងលើ បានកើតឡើង ក្រោយពេលក្រសួងការបរទេសកូរ៉េខាងត្បូង បង្ហាញក្តីបារម្ភយ៉ាងខ្លាំង ក្រោយពេលកូរ៉េខាងជើង បំផ្ទុះទីតាំងទំនាក់ទំនង នៅឧបទ្វីបកូរ៉េ។ មិនតែប៉ុណ្ណោះកូរ៉េខាងជើង ក៏បានបញ្ជូនកម្លាំងទាហាន ចូលទៅកាន់តំបន់ព្រំដែនទៀតផង៕ ប្រែសម្រួលដោយ៖ MEO