និស្សិតត្រូវចំណាយថវិកាជាច្រើនសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅ និងបង់ថ្លៃការសិក្សា ហើយគ្រួសារនិស្សិតកាន់តែច្រើនក៏កំពុងតែជួបប្រទះនូវបញ្ហាហិរញ្ញវត្ថុដែរព្រោះតែការផ្ទុះជំងឺកូវីដ ១៩ កន្លងមកនេះ។ ខណៈដែលកំពុងបន្តការសិក្សា និស្សិតនៅតែមមានឱកាសក្នុងការរកលុយបានតាមវិធីជាច្រើន។ខាងក្រោមគឺជាអាជីវកម្មងាយៗសម្រាប់និស្សិតដែលចាប់អារម្មណ៍ចង់រកលុយបន្ថែមខណៈដែលកំពុងបន្តការសិក្សា៖
១. ការថតរូប
នរណាៗក៏ចង់មានរូបភាពស្អាតសម្រាប់ខ្លួនឯង ឬអាជីវកម្មខ្លួនដែរ។ ដោយហេតុដូច្នេះហើយទើបមនុស្សជាច្រើនងាកទៅរកអ្នកមានជំនាញថតរូបច្បាស់លាស់សម្រាប់រូបភាពសំខាន់ៗ។ និស្សិតក៏អាចប្រឡូកចូលផ្នែកនេះបានដែរ ហើយអ្នកមិនចាំបាច់ត្រូវមានសញ្ញាប័ត្របញ្ជាក់អ្វីឡើយ។ ឲ្យតែអ្នកមានជំនាញពិតប្រាកដ នោះអ្នកនឹងមានមនុស្សទាក់ទងមក។
ប្រសិនបើអ្នកចាប់អារម្មណ៍លើផ្នែកនេះ អ្នកអាចចាប់ផ្តើមចែករំលែករូបថតដែលអ្នកបានថតលើប្រព័ន្ធសង្គមដូចជាហ្វេសប៊ុក និង Instagram ជាដើមដើម្បីផ្សព្វផ្សាយឲ្យអ្នកដទៃឃើញ។
២. ការបង្រៀនគួរ
សិស្ស និងនិស្សិតជាច្រើនជួបការលំបាកក្នុងការសិក្សា ហើយជាក់ស្តែង ការរៀននៅសាលារៀនតែម្យ៉ាងគឺមិនគ្រប់គ្រាន់ឡើយ។ ដោយហេតុដូចនេះទើបមាននិស្សិតមួយចំនួនឆ្លៀតឱកាសបើកការបង្រៀនបន្ថែមតាមផ្ទះដើម្បីជួយដល់សិស្សដទៃ។ ពួកគេអាចយកចំណេះដែលខ្លួនមានដើម្បីជួយដល់អ្នកដទៃខណៈដែលរកចំណូលបាននឹងនរផងដែរ។
៣. អ្នកច្នៃ Graphic
អាជីវកម្មកាន់តែច្រើនកំពុងតែប្រកួតប្រជែងគ្នាដណ្តើមអតិថិជនក្នុងសម័យអ៊ីនធើណែតនេះដែលធ្វើឲ្យអាជីវករកាន់តែច្រើនព្យាយាមរកវិធីដើម្បីបង្កើនភាពលេចធ្លោឲ្យអាជីវកម្មខ្លួនដែរ។ នេះជាហេតុដែលធ្វើឲ្យមានតម្រូវការខ្ពស់សម្រាប់ការច្នៃ Graphic នាពេលបច្ចុប្បន្ននេះ។ ប្រសិនបើអ្នកមានជំនាញប្រើ Adobe Photoshopt ឬកម្មវិធី Design ដទៃនោះ អ្នកអាចចាប់ផ្តើមច្នៃ Graphic ឲ្យអាជីវកម្មដទៃបាន។
៤. ធ្វើជា Influencer លើប្រព័ន្ធសង្គម
ពាក្យ Influencer ឬតារាប្រព័ន្ធសង្គមនេះជាពាក្យថ្មីមួយដែលចាប់ផ្តើមពេញនិយមក្នុងសម័យអ៊ីនធើណែត។ មនុស្សដែលមានប្រជាប្រិយភាព និងមានអ្នកគាំទ្រច្រើនលើប្រព័ន្ធសង្គមអាចរកចំណូលបានពីការជួយផ្សាយពាណិជ្ជកម្មឲ្យផលិតផល ឬក្រុមហ៊ុនដទៃ ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព