រាជធានីភ្នំពេញ ៖ តើលោកអ្នកបានធ្លាប់ដឹងទេថា អ្វីដែលជាទ្រព្យសម្បត្តិសុទ្ធរបស់យើង ? យោងតាមការពន្យល់ពីអត្ថន័យនេះ អ្នកឯកទេសម្នាក់បានឱ្យដឹងថា ទ្រព្យសម្បត្តិសុទ្ធគឺចង់សំដៅទៅលើទ្រព្យសម្បត្តិដែលយើងមានសរុប យកមកទូទាត់ជាមួយបំណុលចេញ ។ លោក ស៊ាន ធនិន ជាអគ្គនាយកក្រុមហ៊ុន CEO Master Club Investment បានបន្តថា ដើម្បីគណនារកទ្រព្យសម្បត្តិសរុបដែលយើងមាន យើងត្រូវយកមកដកជាមួយបំណុលដែលយើងកំពុងជំពាក់ ឬជាប់ជាមួយធនាគារជាដើម(មិនរាប់អ្នកមិនមានបំណុលនោះទេ) ។
លោកបានបន្តថា «ទ្រព្យសម្បត្តិសរុបរបស់យើង គឺជាទ្រព្យដែលជាកម្មសិទ្ធិផ្ទាល់របស់យើង អាចមានដូចជា ផ្ទះ ឡាន ដី អគារ គ្រឿងអលង្ការ ឬសំភារៈប្រើប្រាស់នានា លុយដែលមានក្នុងធនាគារ ក្នុងទូរដែក ឬក៏លុយដាក់ក្រោមគ្រែរ។ល។ ប៉ុន្តែសួរថា តើទ្រព្យសម្បត្តិទាំងអស់នឹងបានលុយមកពីណា ដើម្បីយកទៅទិញវា ដូចនេះវាអាចមានពីរប្រភេទ ទី១ ប្រភពលុយនោះបានមកពីខ្លួនឯងផ្ទាល់ ដែលយើងរកស៊ីបាននឹងយើងយកទៅទិញរបស់របរ យើងយកទៅវិនិយោគលើអចលនទ្រព្យនានា ។
ហើយប្រភពទី២ទៀត វាអាចបានមកពីលុយដែលជាប្រភេទបំណុល ដូចនេះមានបងប្អូនខ្លះ បានលុយទិញរបស់ទាំងនោះ ដោយសារការជំពាក់ ឬការខ្ចីលុយគេទិញ ។ ដូចនេះបំណុលអាចមានប្រភពមកពី បងប្អូន មិត្តភក្តិ ឬក៏អាចខ្ចីពីធនាគារ និងពីមីក្រូហិរញ្ញវត្ថុជាដើម ចឹងបំណុលទាំងនេះ អ្នកខ្លះខ្ចីលុយដើម្បីការវិនិយោគរបស់គាត់ទៅលើអចលនទ្រព្យ រីឯអ្នកខ្លះទៀតខ្ចីឬមានបំណុលដោយសារ ទិញឡានទំនើប ទិញសំភារៈថ្លៃៗ ដូចជាទូរស័ព្ទ ឬម៉ូតូជាដើម ។ ដូចនេះលុយដែលយើងប្រើនេះ វាអាចចេញមកពីទុនខ្លួនឯង និងទុនដែលយើងខ្ចីពីបំណុល។
ដូចនេះលោកថា បើយើងយកទ្រព្យសម្បត្តិទាំងអស់មកបូកដក ជាមួយបំណុលហើយ ចឹងយើងអាចដឹងហើយថា យើងសល់ប៉ុណ្ណា តើយើងចង់សល់បំណុលច្រើនជាងទ្រព្យសម្បត្តិសុទ្ធឬយ៉ាងណា ចឹងយើងអាចប្រើវិធីសាស្ត្រនេះបាន។ ហើយវាក៏អាចជួយយើង ឱ្យដឹងថា ពីមួយឆ្នាំទៅមួយឆ្នាំ យើងសល់ទ្រព្យប៉ុណ្ណា ដូចនេះយើងត្រូវធ្វើការប្រៀបធៀបវាប្រចាំឆ្នាំផងដែរ។ វាក៏បានជួយក្នុងការវាស់វែង ថាតើមួយឆ្នាំៗនឹង យើងបានធ្វើសកម្មភាពត្រូវ ដើម្បីបង្កើនទ្រព្យយើងឬអត់។ នៅស្រុកក្រៅ គេគណនាបែបនេះ ទើបដឹងថាអ្នកជាសេដ្ឋីលំដាប់ទីប៉ុន្មាន ហើយគេដឹងថាសេដ្ឋីណា មានលុយប៉ុណ្ណា សល់ទ្រព្យប៉ុណ្ណា។ លោកបានបន្តថា មិនមែនបំណុលទាំងអស់សុទ្ធតែមិនល្អនោះទេ បំណុលខ្លះយើងមានដើម្បីបង្កើនទ្រព្យ តែបំណុលខ្លះទៀតធ្វើឱ្យមិនចំណេញនោះទេ។
លោក ស៊ាន ធនិន បាននិយាយថា «ការបង្កើនទ្រព្យសម្បត្តិប្រចាំឆ្នាំមានពីរពប្រភេទ ទី១ ទ្រព្យដែលបង្កើនតំលៃ មានដូចជាការទិញ ដី ផ្ទះ អគារ ខុនដូរ ជាដើម ទាំងនេះពីឆ្នាំទៅមួយឆ្នាំកើនតំលៃ ហើយអាចឡើងដល់កំរឹតខ្ពស់ទៀតផង។ ទ្រព្យទី២ គឺទ្រព្យបន្ថយតំលៃ មានដូចជា ឡាន ម៉ូតូ ទូរស័ព្ទទំនើបៗ ជាដើម។ ឧទាហរណ៍ថា មានលុយ ៤ទៅ៥ម៉ឺនដុល្លារអាមេរិក មនុស្សម្នាក់យកទៅទិញដី មនុស្សម្នាក់ទៀតយកទៅទិញឡានទំនើបថ្មី ចឹងមួយឆ្នាំក្រោយមក តើឡានទំនើបនោះអាចលក់កើនតំលៃឬទេ ចុះងាកមកមើលអ្នកយកទៅទិញដីវិញ មួយឆ្នាំក្រោយអាចកើនលើតំលៃដែលយើងបានទិញ នេះបើសិនជាចំកន្លែងអភិវឌ្ឍណាមួយ»។ដូចនេះប្រសិនបើយើងយកលុយដែលយើងមានទៅបង្កើនលើទ្រព្យ ដែលធ្លាក់តំលៃជាប្រចាំឆ្នាំ នោះវានឹងទាញទ្រព្យសម្បត្តិសុទ្ធប្រចាំឆ្នាំរបស់យើងថយចុះហើយ។ មានអ្នកខ្លះលោកសួរលោកថា ចឹងមានតែមិនបាច់មានរបស់របរប្រើប្រាស់ ឬជិះឡានជិះអីទេឬ? លោកក៏បានបន្តឆ្លើយថា វាពិតជាមានបាន ប៉ុន្តែត្រូវមានការគិតពិចារណាខ្ពស់មុនសម្រេចចិត្ត កុំធ្វើខ្លួនហឺហារ ឬប្រើប្រាស់របស់លើសពីសមត្ថភាពរបស់ខ្លួន។ លោកក៏បានបន្ថែមថា ដូចនេះសរុបមក មនុស្សម្នាក់ៗ តែងមានជំរើសរៀងៗខ្លួនក្នុងជីវិតរបស់ពួកគេ ចង់កើនទ្រព្យវិនិយោគលើទ្រព្យដែលកើនទ្រព្យ ចង់ហឺហារទិញរបស់ដែលថយការកើនទ្រព្យ។ លោកបានបន្តថា ងាកមកបំណុលវិញម្តង មិនមែនបំណុលទាំងអស់សុទ្ធតែអាក្រក់នោះទេ បំណុលខ្លះល្អ យើងខ្ចីគេមកដើម្បីទិញដី ផ្ទះ អចលនទ្រព្យនានា ឬបើកអាជីវកម្មនានា ដែលវានឹងបានផលច្រើនមកវិញ។ រីឯបំណុលមួយប្រភេទទៀតនោះ គឺបំណុលដែលមិនបានចំណេញមកវិញ ឧទាហរណ៍ថា យើងទៅបង់រំលោះ ម៉ូតូ ឡាន ទូរស័ព្ទ ទំនើបៗ សម្រាប់ហឺហារ ទាំងនេះជាបំណុលដែលយើងប្រើប្រាស់ខុសហើយ ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព