សម្រាប់អ្នកដែលបានបង្ហាញសមត្ថភាពយ៉ាងច្បាស់លាស់ក្នុងការងារហាត់ការរបស់ខ្លួន និងមានសំណាងទទួលបានសំណើរឲ្យអ្នកចូលធ្វើការពេញម៉ោង អ្នកគួរតែគិតគូរឲ្យបានច្បាស់លាស់ជាមុនសិនមុនធ្វើការសម្រេចចិត្តដ៏ធំមួយនេះ។
ព្រោះការពិតជាក់ស្តែង អ្នកអាចនឹងមើលរំលងឱកាសល្អៗដទៃទៀតដោយមិនអនុញ្ញាតឲ្យខ្លួនស្វែងរកឱកាសការងារក្នុងទីផ្សារ។ ខាងក្រោមគឺជាចំណុចមួយចំនួនដែលអ្នកត្រូវពិចារណាមុនពេលសម្រេចចិត្តធ្វើការពេញម៉ោងឲ្យកន្លែងហាត់ការរបស់អ្នក៖
១. ស្គាល់ក្រុមហ៊ុន ឬស្ថាប័នការងារឲ្យបានច្បាស់
ទោះជាអ្នកបានធ្វើការឲ្យកន្លែងនោះបានប៉ុន្មានខែហើយពិតមែន អ្នកប្រហែលជាមិនដឹងថាការធ្វើការពេញម៉ោងនៅកន្លែងនោះមានលក្ខណៈយ៉ាងដូចម្តេចទេ។ មុនពេលសម្រេចចិត្ត អ្នកគួរតែធ្វើការស្រាវជ្រាវឲ្យបានច្បាស់លាស់សិនដូចជាសាកសូរបុគ្គលិកដែលធ្លាប់ជាអ្នកធ្វើការហាត់ការដែរជាដើម។
២. ដឹងពីអ្វីដែលអ្នកចង់បានសិន
វាល្អហើយដែលអ្នកបើកទូលាយសម្រាប់ឱកាសផ្សេងៗ ប៉ុន្តែការស្ទាក់ស្ទើរអាចធ្វើឲ្យអ្នកខាតបង់ឱកាសល្អៗបាន។ ដើម្បីជៀសវាងការស្ទាក់ស្ទើរនេះ អ្នកគួរតែកំណត់ពេលវេលាសម្រាប់ការពិចារណាឲ្យបានច្បាស់ដើម្បីធានាថាអ្នកមិនប្រើពេលយូរពេករហូតធ្វើឲ្យឱកាសកន្លងផុតបាត់។
បន្ទាប់មកទៀតអ្នកត្រូវសម្រេចចិត្តពីអ្វីដែលអ្នកកំពុងតែចង់បានដូចជាអត្ថប្រយោជន៍ផ្សេងៗជាដើម ឬក្រុមហ៊ុនដែលអ្នកចាប់អារម្មណ៍។
៣. តើអ្នកអាចរៀនសូត្រ និងអភិវឌ្ឍន៍ខ្លួនបន្តបានទេ?
ការងារដំបូងរបស់អ្នកមិនប្រាកដជាការងារចុងក្រោយរបស់អ្នកទេ ជាពិសេសក្នុងពេលដែលមនុស្សកាន់តែច្រើនឧស្សាហ៍ប្តូរកន្លែងការងារពីមួយឆ្នាំទៅមួយឆ្នាំ។ ដូច្នេះប្រសិនបើអ្នកសប្បាយចិត្តជាមួយនឹងមិត្តរួមការងារបស់អ្នក អត្ថប្រយោជន៍ផ្សេងៗដែលអ្នកទទួលបាន និងឱកាសក្នុងការអភិវឌ្ឍន៍ខ្លួនក្នុងអាជីពរបស់អ្នកនោះ អ្នកគួរតែទទួលយកសំណើរនោះទៅ ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព