រហូតមកដល់ពេលនេះ នៅមិនទាន់មានសញ្ញាណាមួយ បញ្ជាក់ពីការថមថយ នៃការឆ្លងកូវីដ១៩នៅឡើយ ហើយអង្គការសុខភាពពិភពលោក បានអះអាងថា ក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ មានករណីឆ្លងថ្មី នៅលើពិភពលោក ជិត១២ម៉ឺននាក់ និងស្លាប់ ៥ ៤៩៤នាក់។
អង្គការសុខភាពពិភពលោករបស់អង្គការសហប្រជាជាតិ ហៅកាត់ WHO បានសរសេរ នៅក្នុងព្រឹត្ដិបត្រប្រចាំថ្ងៃរបស់ខ្លួនថា ស្ថានភាពកូវីដ១៩ នៅលើពិភពលោក កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ មានករណីឆ្លងថ្មី ជិត១២ម៉ឺន។ នៅលើពិភពលោក ក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ មានការឆ្លងថ្មី នៃកូវីដ១៩ ចំនួន ១១៩ ៧៥៩ករណី និងស្លាប់ ៥ ៤៩៤នាក់។ ចំនួននេះ ធ្វើឲ្យតួលេខអ្នកឆ្លងសរុប បន្ដកើនឡើងដល់ ៨ ០៦១ ៥៥០នាក់ និងស្លាប់ ៤៤០ ២៩០នាក់។ ស្ថិតិទាំងនេះ ត្រូវបានអង្គការសុខភាពកំពូលមួយនេះ ទទួលបានទិន្នន័យផ្លូវការពីបណ្ដាប្រទេសនានា នៅជុំវិញពិភពលោក។
តំបន់អាមេរិកខាងត្បូង និងខាងជើង ត្រូវបានកត់ត្រា មានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេ ដោយមានអ្នកឆ្លងកើនដល់ ៣ ៨៩៩ ៨៥៩នាក់។ ប៉ុន្ដែក្នុងរយ:ពេល២៤ម៉ោងកន្លងមក តំបន់នេះមានការឆ្លងថ្មី ៥៨ ២៥០នាក់ និងស្លាប់ ១ ៩៨១នាក់ ធ្វើឲ្យចំនួអ្នកស្លាប់សរុប នៅក្នុងតំបន់នេះបន្ដកើនដល់ ២០៥ ៥៥៥នាក់។
តំបន់អឺរ៉ុប ត្រូវបានកត់ត្រា មានអ្នកឆ្លងច្រើនលំដាប់ទី២ ដោយមានអ្នកឆ្លងសរុប ២ ៤៥២ ២៤៧នាក់ និងស្លាប់ ១៨៩ ៥៨២នាក់។ ប៉ុន្ដែក្នុងរយ:ពេល២៤ម៉ោងកន្លងមក នៅអឺរ៉ុប មានការឆ្លងថ្មី ចំនួន១៨ ០៦៣ករណី និងចំនួនអ្នកស្លាប់ថ្មី ៨០៣នាក់។
តំបន់សមុទ្រមេឌីទែរ៉ាណេ មានអ្នកឆ្លងសរុប ចំនួន ៨១៧ ៤៥៨នាក់ និងស្លាប់ ១៨ ០៥៧នាក់ ដោយគិតត្រឹម ថ្ងៃទី១៧ ខែមិថុនា ។ ប៉ុន្ដែក្នុងរយ:ពេល២៤ម៉ោងកន្លងមក មានការឆ្លងថ្មី ចំនួន ២០ ៦៩៩ករណី និងចំនួនអ្នកស្លាប់ថ្មី ចំនួន ៤៩៩នាក់។
ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ អាមេរិកនៅតែជាប្រទេសរងគ្រោះដោយសារកូវីដ១៩ខ្លាំងជាងគេបំផុត នៅលើពិភពលោក ដោយមានអ្នកឆ្លង បន្ដកើនឡើងដល់ជាង២លាននាក់។ រីឯប្រទេសមានអ្នកឆ្លងកូវីដ១៩ច្រើន បន្ដបន្ទាប់ពីអាមេរិក រួមមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា អង់គ្លេស អេស្ប៉ាញ ប៉េរូ អ៊ីតាលី…ជាដើម។
បើតាមគេហទំព័រ Worldometer បានផ្សាយថា បើគិតត្រឹមវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ នៅលើពិភពលោក មានអ្នកឆ្លងកូវីដ១៩ ចំនួន ៨ ៤០០ ១២៩នាក់ ស្លាប់ ៤៥១ ២៦៣នាក់ និងជាសះស្បើយ ៤ ៤១៤ ៩៩១នាក់៕ ប្រែសម្រួលដោយ Nuon