ថៃ ៖ នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចានអូចា (Prayuth Chan-o-cha) និងបណ្តារដ្ឋមន្ត្រីរបស់លោក បានរក្សាជំហរយ៉ាងរឹងមាំ កាលពីថ្ងៃអង្គារ៍ ក្នុងការទាមទារឱ្យហ្វេសប៊ុកគោរពច្បាប់ថៃ នៅពេលដែលរដ្ឋាភិបាលស្នើសុំឱ្យមានការរឹតត្បិតការចូលប្រើគណនីមួយចំនួន។
ជាការឆ្លើយតបនឹងការគំរាមកំហែងរបស់ហ្វេសប៊ុកក្នុងការចាត់វិធានការតាមច្បាប់ប្រឆាំងនឹងការទាមទាររបស់រដ្ឋាភិបាល ដែលចង់ឱ្យហ្វេសប៊ុករឹតត្បិតការប្រើប្រាស់សារបង្ហោះប៉ះពាល់ដល់ស្ថាប័នព្រះមហាក្សត្រ។ លោកបានលើកយកផេក (Page) លើហ្វេសប៊ុកមួយឈ្មោះ Royalist Marketplace និងឈ្មោះអ្នកនៅពីក្រោយការគ្រប់គ្រងផេកនេះ គឺ Somsak និង Pavin។ លោកយល់ថា វាជាលោក Somsak Jeamteerasakul ដែលជាអតីតសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Thammasat ដែលកំពុងរស់នៅនិរទេសខ្លួននៅប្រទេសបារាំង បន្ទាប់ពីការរត់គេចពីការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រនៅប្រទេសថៃ និងលោក Pavin Chatchavalpongpun ដែលជានិស្សិតសាកលវិទ្យាល័យសិក្សានៅប្រទេសជប៉ុន។
លោកនាយករដ្ឋមន្ត្រីថា ៖ «អ្នកដឹងថា ពួកគេជានរណា និងនៅកន្លែងណា។ តើពួកគេទទួលខុសត្រូវចំពោះការខូចខាតប្រទេសរបស់យើងដែរឬទេ? បើទោះបីជាមានរឿងអីកើតឡើងនៅប្រទេសយើង ក៏ពួកគេមិនប៉ះពាល់ដែរ។ បញ្ហាគឺនៅប្រទេសយើង។ សកម្មភាពរបស់ផេកទាំងនោះ គឺប៉ះពាល់ដល់ច្បាប់ថៃ។ ខ្ញុំមិនប្រើអំណាចផ្តាច់ការណា ដែលត្រូវទៅបិទពួកគេឡើយ។ វាអាស្រ័យលើបទបញ្ជារបស់តុលាការ។ យើងបញ្ជាក់ថា យើងកំពុងអនុវត្តស្របតាមច្បាប់របស់ថៃ»។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឌីជីថល និងសង្គម លោក Buddhipongse Punnakanta បាននិយាយថា ក្រសួងរបស់លោកបានចេញសេចក្តីបង្គាប់របស់តុលាការ ក្នុងការស្វែងរកការដកហូតការបង្ហោះខុសច្បាប់ក្នុងរយៈពេល ១៥ថ្ងៃ។ លោកបានបន្តថា ហ្វេសប៊ុកបានលុបចោលការបង្ហោះមួយចំនួននៅលើទំព័រក្រុមរបស់លោក Parvin ពីព្រោះតុលាការបានរកឃើញថា ពួកគេខុសច្បាប់ ហើយដូច្នេះក្រសួងមិនបានចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងហ្វេសប៊ុកទេ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព