ភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូចេញពីធ្វើការវិញត្រូវបានជនសង្ស័យមួយក្រុមជិះម៉ូតូឆក់ទូរស័ព្ទបានសម្រេចរួចជិះរត់គេចខ្លួន ហើយជនរងគ្រោះបើកម៉ូតូដេញតាមពីក្រោយត្រូវក្រុមពួកជនសង្ស័យជិះម៉ូតូមកធ្លាក់បណ្ដាលឲ្យដួលម៉ូតូរងរបួសបែកមុខបែកមាត់ ហេតុការនេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១១ យប់ថ្ងៃទី ២៥ ខែសីហាឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវលេខ២៧១ ចំណុចមុខផ្សារស្ទឹងមានជ័យចាស់ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ដុក មករា អាយុ៣០ ឆ្នាំ មុខរបរធ្វើជាងជួសជុលរថយន្ត ស្នាក់នៅភូមិព្រែកទល់ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យរាជធានីភ្នំពេញ ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថាមុនកើតហេតុរូបគាត់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០១១ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BB-5980ចេញពីធ្វើការនៅម្ដុំវត្តសំរោងអណ្ដែត ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ខណៈមកដល់ចំណុចស្តុបណូគា ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមិនចាំស្លាកលេខបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាក iphone 6 plus ខណះរូបគាត់កំពុងតែនិយាយ បានសម្រេចរួចនាំគ្នាជិះម៉ូតូគេចខ្លួន
ភ្លាមនោះជនរងគ្រោះកបានជិះម៉ូតូដេញពីក្រោយរហូតមកដល់ចំណុចមុខផ្សារស្ទឹងមានជ័យចាស់ ស្រាប់តែមានបក្សពួកជនសង្ស័យជិះម៉ូតូមកពីក្រោយធាក់ម៉ូតូគាត់បណ្តាលឲ្យដួលអូសទៅនឹងថ្នល់រងរបួសបែកមុខបែកមាត់ និងដៃជើងចំណែកជនសង្ស័យបាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់ បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកសួរនាំនឹងមានសាច់ញាតិជនរងគ្រោះចុះមកដល់កន្លែងកើតហេតុរួចក៏បានយកម៉ូតូដឹកជនរងគ្រោះទៅព្យាបាលរបួសដោយខ្លួនឯង ដោយមិនបានទៅដាក់ពាក្យបណ្ដឹងនោះទេ៕ផេង ភាព