ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅមុននេះបន្តិច បានប្រកាសពីការរកឃើញករណីឆ្លងថ្មីម្នាក់ទៀត ដែលជាបុរសជនជាតិខ្មែរ ទើបត្រឡប់មកពីប្រទេសម៉ាឡេស៊ី។
បុរសជនជាតិខ្មែរដែលរកឃើញឆ្លងកូវីដ ១៩ មានអាយុ ២១ឆ្នាំ ស្រុកកំណើត នៅភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ត្រឡប់ពីប្រទេសម៉ាឡេស៊ី ចូលមកកម្ពុជា កាលពីថ្ងៃអង្គារ៍ ទី ១៦ មិថុនា នឹងត្រូវមន្ត្រីសុខាភិបាលតម្រូវឲ្យធ្វើចក្តាឡីស័ក និងយកសំណាកទៅពិនិត្យ លុះយប់ថ្ងៃទី ១៧ ម្សិលមិញ ទើបរកឃើញថា រូបគេពិតជាមានផ្ទុកជំងឺកូវីដ ១៩ ដែលឆ្លងមកពីបរទេស។
ជាមួយករណីរកឃើញថ្មីនេះ នាំឲ្យកម្ពុជា មានករណីឆ្លងកូវីដ ១៩ សរុប ១២៩ ករណី ភាគច្រើនសុទ្ធសឹងជាករណីនាំចូល ក្នុងនោះ ១២៦នាក់ ជាសះស្បើយ និង ៣នាក់សេសសល់ កំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ។
ដើម្បីរក្សាស្ថានភាពទប់ស្កាត់ជំងឺកូវីដ ១៩ កាន់តែមានប្រសិទ្ធភាព ក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ បានអំពាវនាវឲ្យពលរដ្ឋចូលរួមសហការ និងការពារ រក្សាគម្លាតសង្គម រក្សាអនាម័យឲ្យបានត្រឹមត្រូវ៕ ដោយ៖ ត្នោត