សង្គមស៊ីវិល ស្នើសុំឱ្យរក្សាទុកខ្លឹមសារដើម នៃមាត្រាមួយចំនួន ក្នុងសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល
មន្ត្រីតំណាងអង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធជាច្រើនទៀត ដែលមិនស្ថិតនៅក្នុងស្ថាប័នរាជរដ្ឋាភិបាល បានដាក់សំណើសុំឱ្យរក្សាទុកនូវមាត្រាមួយចំនួន ដែលស្ថិតនៅក្នុងច្បាប់ ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីការរៀបចំកិច្ចប្រជុំក្រុមការងាររបស់រាជរដ្ឋាភិបាល ដើម្បីសម្របស្រួលដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គមស៊ីវិល ដែលបានរៀបចំធ្វើឡើងកាលពីថ្ងៃទី២៥ សីហា ឆ្នាំ២០២០បានឱ្យដឹង កន្លងមកនេះ ក្រុមការងាររបស់រាជរដ្ឋាភិបាល ដើម្បីសម្របសម្រួលដោះស្រាយសំណើ និងសំណូមពររបស់អង្គការសស៊ីវិល បានរៀបចំកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោលបល់ចំនួន៦លើក ជាមួយតំណាងអង្គការសង្គមស៊ីវិល។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើង គឺដើម្បីស្វែងយល់ពីគោលបំណង និងហេតុផលក្នុងការលើកសំណើសុំធ្វើវិសោធន៍កម្មចំនួន១៧មាត្រា នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
ជាលទ្ធផល នៃកិច្ចប្រជុំនេះ គឺបានពិភាក្សា និងពិគ្រោះយោលបល់ លើមាត្រាចំនួន១៤រួមមាន៖ មាត្រា១ មាត្រា៧ មាត្រា៨ មាត្រា៩ មាត្រា១០ មាត្រា១១ មាត្រា២០ មត្រា២៤ មាត្រា២៥ មាត្រា២៦ មាត្រា៣០ មាត្រា៣១ មាត្រា៣២ មាត្រា៣៥។
ដោយឡែក មាត្រាចំនួន៣ គឺមាត្រា៣ មាត្រា៤ និងមាត្រា២៧ តំណាងអង្គការសង្គមស៊ីវិល បានស្នើសុំរក្សាទុកនូវខ្លឹមសារដើមដដែល។
លើមូលដ្ឋាននេះ ក្រុមការងាររបស់រាជរដ្ឋាភិបាលនឹងរៀបចំកិច្ចប្រជុំមួយទៀត នៅថ្ងៃសុក្រ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៨និង៣០នាទីព្រឹក នៅសាលប្រជុំអាគារS ទីស្តីក្រសួងមហាផ្ទៃខាងមុខនេះ។
ដើម្បីពិនិត្យលើខ្លឹមសារ នៃមាត្រាទាំង១៤ នៃច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ដែលបានស្នើសុំធ្វើវិសោធនកម្ម ដោយតំណាងអង្គការសង្គមស៊ីវិល៕ ដោយ៖ ឃួន លក្ខិណា