មានសេចក្តីរាយការណ៍ថា ក្លិប Roma បានត្រៀមទឹកប្រាក់ចំនួន ១៧ លានអឺរ៉ូ ដើម្បីផ្តល់ជូនក្លិប Manchester United លើការផ្ទេរខ្សែការពារ Chris Smalling ជាអចិន្ត្រៃយ៍ បន្ទាប់ពីខ្ចីជើងបានមួយរដូវកាលរួចមក។
កាលពីដើមរដូវកាលឆ្នាំ២០១៩-២០២០ ក្លិប Roma និង Man Utd បានព្រមព្រៀងគ្នាផ្ទេរខ្សែការពារ Smalling ក្នុងតម្លៃ ៣ លានអឺរ៉ូ លើកិច្ចសន្យារយៈពេលមួយឆ្នាំជាមួយនឹងលក្ខខណ្ឌទិញផ្តាច់ផងដែរ។
បើយោងតាមកាសែតអ៊ីតាលី La Gazzetta dello Sport បានរាយការណ៍ថា ក្លិប Roma កំពុងរៀបចំសំណើផ្តល់ជូនក្លិប Man Utd ដែលមានតម្លៃប្រមាណ ១៧ លានអឺរ៉ូ ដើម្បីចុះហត្ថលេខាយក Smalling ជាអចិន្ត្រៃយ៍។
យ៉ាងណាមិញ អតីតខ្សែការពារក្រុមជម្រើសជាតិអង់គ្លេសរូបនេះ ក៏ត្រូវបានក្លិប Newcastle United ទាក់ទងចង់បានផងដែរ ដែលជាហេតុមួយធ្វើឱ្យក្លិប Roma ឈានទៅដល់ការដាក់សំណើផ្ទេរជាអចិន្ត្រៃយ៍តែម្តង។
គួរឱ្យដឹងដែរថា Smalling បានបង្ហាញខ្លួនចំនួន ៣៧ ដង សម្រាប់ក្លិប Roma ដោយរួមចំណែកទាត់បាល់បញ្ចូលបាន ៣ គ្រាប់ផងដែរក្នុងរដូវកាលនេះ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ football-italia