យោងតាមសារព័ត៌មានបាងកកប៉ុស្ដិ៍ បានផ្សាយ កាលពីវេលាម៉ោង១១ និង៤២នាទីព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ថា ប៉ូលិសអន្ដោប្រវេសន៍ថៃ បានចាប់ពលរដ្ឋខ្មែរ ចំនួន១៤នាក់ ក្រោយពេលពួកគេត្រូវបានក្រុមមេខ្យល់នាំឆ្លងព្រំដែន ចូលទឹកដី នៃស្រុក Watthana Nakhon ប្រទេសថៃ កាលពីថ្ងៃទី១៦ ខែមិថុនា។
លោកវរសេនីយ៍ Arthit Yakaew ប្រធានប៉ូលិសអន្ដោប្រវេសន៍ ខេត្តស្រះកែវ (Sa Kaeo) បានថ្លែងថា មានពលករចំនួន១៤នាក់ ត្រូវបានឃាត់ខ្លួន នៅក្នុងរថយន្ដដឹកទំនិញ នៅតាមផ្លូវពីស្រុក Watthana Nakhon ឆ្ពោះទៅកាន់ Ta Phraya ស្ថិតក្នុងតំបន់ Tambon Chong Kum។ ការឃាត់ខ្លួនពលករទាំងនោះ បានធ្វើឡើង ក្រោយមន្រ្ដីនៅតាមព្រំដែនបានផ្ដល់ព័ត៌មានមក។
លោកវរសេនីយ៍ បានបញ្ជាក់ថា ក្នុងចំណោមពលករខ្មែរទាំងនោះ មានស្រ្ដីម្នាក់ និងបុរស១៣នាក់។ ពួកគេបានឆ្លងកាត់ព្រំដែន ដោយដើរកាត់ផ្លូវក្នុងព្រៃ និងមានការជួយពីអ្នកនាំផ្លូវជាជនជាតិថៃម្នាក់ ឈ្មោះ Saranyu Suangtho អាយុ៣៣ឆ្នាំ។ បន្ទាប់មក ពួកគេបានឡើងជិះរថយន្ដដឹកទំនិញ ហើយចូលមកក្នុងប្រទេសថៃ។
ប្រធានប៉ូលិសអន្ដោប្រវេសន៍ថៃរូបនេះ បានបន្ដថា ក្រោយមក ក្រុមការងាររបស់លោក ក៏បានទទួលដំណឹងនេះ ទើបឈានដល់ការឃាត់ខ្លួនពលករខុសច្បាប់ទាំងនោះ។ ជាមួយគ្នានេះ បុរសជនជាតិថៃ ឈ្មោះ Saranyu ក៏ត្រូវបានចាប់ខ្លួនផងដែរ។ បុរសជនជាតិថៃខាងលើ បានរងការចោទប្រកាន់ពីបទ «ផ្ដល់ជំនួយ និងផ្ដល់ជម្រកដល់ជនអន្ដោប្រវេសន៍ខុសច្បាប់»។
ប្រធានប៉ូលិសអន្ដោប្រវេសន៍ថៃរូបនេះ បានបន្ថែមថា ពលករខ្មែរទាំង១៤នោះ ក៏ត្រូវបានចោទប្រកាន់ពីបទ «ចូលប្រទេសថៃដោយខុសច្បាប់» ។ ពួកគេទាំងនេះ ត្រូវបានមេខ្យល់ជាជនជាតិខ្មែរ បញ្ចុះបញ្ចូលឲ្យឆ្លងដែនមកកាន់ថៃ ក្រោមការសន្យានាំពួកគេឲ្យទៅធ្វើការងារ នៅក្នុងទីក្រុងបាងកក ប្រទេសថៃ។
ក្រោយការឃាត់ខ្លួនរួចមក ប៉ូលិសថៃបានបញ្ជូនពលករខាងលើទៅឲ្យប៉ូលិស Nong Mak Fai ស្ថិតក្នុងស្រុក Watthana Nakhon ដើម្បីចាត់ការតាមច្បាប់៕ ប្រែសម្រួលដោយ Nuon