យន្តហោះស៊ើបការណ៍ EP-3E របស់កម្លាំងទាហានជើងទឹកអាមេរិក និង យន្តហោះ RC-12X របស់កម្លាំងទាហានអាមេរិក ឈរជើងនៅកូរ៉េខាងត្បូង បានហោះហើរនៅលើអាកាសស៊ើបការណ៍អំពីសកម្មភាពរបស់កូរ៉េខាងជើង។
សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូង នៅថ្ងៃទី១៧ ខែមិថុនា បានផ្សាយថា អាមេរិកបានបញ្ជូនយន្តហោះស៊ើបការណ៍ មកតាមដានស្ថានភាពយោធា នៅកូរ៉េខាងជើង ចំពេលប្រទេសទាំងពីរកំពុងតែតានតឹងដាក់គ្នាកាន់តែខ្លាំងឡើង នៅតំបន់ព្រំដែន។
សកម្មភាពនេះ បានកើតឡើង ក្នុងពេលកម្លាំងទាហានកូរ៉េខាងជើង ត្រូវបានបញ្ជូនមកកាន់ព្រំដែនជាថ្មី ក្រោយការដកចេញ អស់រយ:ពេលប៉ុន្មានខែរួចមក។ ប៉ុន្តែសកម្មភាពយោធារបស់អាមេរិក នាពេលនេះមិនខុសអ្វីពីការចាក់សាំងចូលក្នុងភ្លើងនោះឡើយ ហើយបញ្ហានេះនឹងធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ឡើងថែមទៀត។
ក្រុមអ្នកឯកទេសវិភាគ បានលើកឡើងថា សកម្មភាពរបស់កូរ៉េខាងជើង នាពេលនេះ គឺជាការដាក់គំនាបទៅលើកូរ៉េខាងត្បូង និងអាមេរិក ដើម្បីយកប្រៀប នៅក្នុងកិច្ចពិភាក្សាជាថ្មី ក្រោយការបោះឆ្នោតអាមេរិក។ កន្លងមក កូរ៉េខាងជើង បានប្រកាសថា កិច្ចពិភាក្សាជាមួយអាមេរិក អាចនឹងបន្តទៀត ក្រោយការបោះឆ្នោតប្រធានាធិបតីអាមេរិក៕ ប្រែសម្រួលដោយ៖ MEO