អាជ្ញាធរខេត្តកំពង់ចាម ព្រួយបារម្ភតំបន់៣ ដែលងាយរងគ្រោះ ក្នុងអំពើជួញដូរមនុស្ស និង អាជីវកម្មផ្លូវភេទ
សំណុំរឿងទាក់ទងនឹងជួញដូរមនុស្ស និងការធ្វើអំពើអាជីវកម្មផ្លូវភេទ ក្នុងខេត្តកំពង់ចាម ត្រូវបានលើកមកផ្សព្វផ្សាយ នៅក្នុងស្រុកចំនួន៣ ដែលមានស្រុកស្ទឹងត្រង់ ស្រុកកងមាស ស្រុកចំការលើ ដែលជាស្រុកគោលដៅ ប្រជាជនធ្វើចំណាកស្រុក និងធ្លាក់ក្នុងអន្ទាក់រងគ្រោះ ក្នុងអំពើជួញដូរមនុស្ស។
ការលើកយកសំណុំរឿងជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ មកធ្វើការផ្សព្វផ្សាយក្នុងតំបន់ទាំង៣នេះ គឺក្នុងគោលបំណង ដើម្បីជំរុញឱ្យមានការយកចិត្តទុកដាក់ លើហានីភ័យ នៃការធ្វើចំណាកស្រុក និងការប្រើប្រាស់គ្រឿងញៀន ដែលជាមូលហេតុ ឈានទៅរកការប្រព្រឹត្ត អំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទកើតឡើង។
ជុំវិញរឿងនេះ កាលពីព្រឹកថ្ងៃទី២៥ សីហា ឆ្នាំ២០២០នេះ លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានរៀបចំពិធីបើកសិក្ខាសាលាស្តីពី “កិច្ចរបស់មន្រ្តីនគរបាលយុត្តិធម៌ក្នុងសំណុំរឿងជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។
នៅក្នុងពិធីផ្សព្វផ្សាយនេះ ក៏មានមន្ត្រីនគរបាលចម្រុះ មកពីស្រុកចំនួន៣ ដែលមានស្រុកស្ទឹងត្រង់ ស្រុកកងមាស ស្រុកចំការលើ ជាស្រុកគោលដៅដែលមានប្រជាជនធ្វើចំណាកស្រុក និងធ្លាក់ក្នុងអន្ទាក់រងគ្រោះក្នុងអំពើជួញដូរមនុស្ស។
ជាមួយគ្នានេះ លោកអ៊ុន ចាន់ដា បានស្នើឱ្យអ្នកពាក់ព័ន្ធត្រូវបន្តយុទ្ធនាការ អប់រំផ្សព្វផ្សាយអំពីទម្រង់នៃអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ដោយសហការ ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក-ក្រុង ដើម្បីបញ្ជ្រាបចំណេះដឹង និងពន្យល់ពីហានិភ័យ ដែលអាចកើតឡើងក្នុងអំពើជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទ ដល់បងប្អូនប្រជាពលរដ្ឋយើងនៅថ្នាក់មូលដ្ឋាន។
គួរកត់សម្គាល់ថា អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ គឺជាឧក្រិដ្ឋកម្មមួយដ៏ធ្ងន់ធ្ងរ ពោលគឺជនរងគ្រោះមួយចំនួន ដែលធ្លាក់ចូលក្នុងអន្ទាក់នៃឧក្រិដ្ឋកម្មនេះ គឺអាចប្រឈមនឹងការបាត់បង់សតិញៀន ដោយសារគ្រឿងញៀន ក្លាយជាស្រី្តបម្រើសេវាផ្លូវភេទ និងបាត់បង់អាយុជីវិត។
ស្របពេល នៃការបន្តរីករាលដាលនៃជម្ងឺកូវីដ១៩ ជាសាកលបានបង្កផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋ ហើយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនេះ នឹងបន្តរុញច្រានឲ្យប្រជាពលរដ្ឋមួយចំនួនជួបប្រទះនឹងបញ្ហាលំបាកផ្នែកជីវភាព និងងាយស្រួលចាញ់បោកការអូសទាញរបស់មេខ្យល់ ដែលធ្វើការអូសទាញប្រជាពលរដ្ឋ ឲ្យធ្លាក់ខ្លួនទៅក្នុងអន្ទាក់នៃទម្រង់ជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ៕ ដោយ៖ ឃួន លក្ខិណា