កាលពីថ្ងៃពុធរដ្ឋាភិបាលថៃបានរាយការណ៍ថា មិនមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩ទេ ហើយប្រទេសនេះមិនមានអ្នកក្នុងស្រុកឆ្លងមេរោគអស់រយៈពេល ២៣ថ្ងៃមកហើយ។
រូបតំណាង
លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាលស្ថានភាពមេរោគកូវីដ-១៩ បានមានប្រសាសន៍ថា ថៃមិនមានអ្នកឆ្លងថ្មីក្នុងចំណោមប្រជាជនក្នុងស្រុក ឬអ្នកដែលត្រឡប់មកពីបរទេសនោះទេ។ ថៃនៅសល់រយៈពេល ៥ថ្ងៃទៀតដើម្បីបង្គ្រប់ចំនួន២៨ថ្ងៃដែលមិនមានអ្នកឆ្លងជំងឺក្នុងស្រុក។ លោកវេជ្ជបណ្ឌិត Taweesilp បានលើកទឹកចិត្តប្រជាពលរដ្ឋឱ្យបន្តពាក់ម៉ាស់ លាងដៃ និងគោរពគោលការណ៍រក្សាគម្លាតជាបន្តទៀតដើម្បីមានកំណត់ត្រាល្អសម្រាប់ប្រទេសថៃនិងពិភពលោក។ អ្នកឆ្លងសរុបនៅក្នុងប្រទេសថៃនៅរក្សាចំនួន ៣១៣៥នាក់ដដែល និងមានអ្នកជាសះស្បើយពីជំងឺចំនួន ២៩៩៦នាក់ហើយ។ មានអ្នកជំងឺ ៨១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ រីឯចំនួនអ្នកស្លាប់ក៏នៅរក្សាចំនួន ៥៨នាក់ដដែល។
រូបតំណាង
ទោះបីជាមិនមានអ្នកឆ្លងថ្មីក៏ដោយអ្នកនាំពាក្យរូបនេះបានក្រើនរំឮកថា រដ្ឋាភិបាលនៅតែត្រូវការកិច្ចសហប្រតិបត្តិការសាធារណៈក្នុងការត្រួតពិនិត្យចេញនិងចូលដោយប្រើកម្មវិធីThaichana ដែលនឹងជួយតាមដានជំងឺបានយ៉ាងឆាប់រហ័សប្រសិនបើមានការឆ្លង។ អ្នកឆ្លងជំងឺនៅទូទាំងពិភពលោកមានចំនួនសរុប ៨.២៦លាននាក់ និងមានអ្នកស្លាប់ចំនួន ៤៤៥៩៨៦នាក់។ តាមរបាយការណ៍បានឱ្យដឹងថាប្រហែលជា ៥២% នៃអ្នកឆ្លងសរុបបានជាសះស្បើយឡើងវិញ។
រូបតំណាង
សហរដ្ឋអាមេរិកមានអ្នកឆ្លងច្រើនបំផុតគឺ ២.២១លាននាក់និងមានអ្នកស្លាប់ច្រើនបំផុតគឺ ១១៩១៣២នាក់។ ប្រទេសប្រេស៊ីលជាប់ចំណាត់ថ្នាក់ទី២ក្នុងពិភពលោកដោយមានអ្នកឆ្លងសរុបតិចជាងសហរដ្ឋអាមេរិក ប៉ុន្តែប្រេស៊ីលជាប់ចំណាត់ថ្នាក់ទី១ ដោយមានអ្នកឆ្លងថ្មីច្រើនជាងសហរដ្ឋអាមេរិក។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post