ពិធីដង្ហែក្បួនព្យុហយាត្រា ទិវាជ័យជម្នះ៧៥ឆ្នាំ នៅទីលានក្រហម ក្នុងទីក្រុងម៉ូស្គូ នាថ្ងៃទី២៤ ខែមិថុនានេះ មានទាហានមកពីប្រទេសចំនួន១២ នឹងចូលរួមក្នុងពិធីដង្ហែក្បួននោះ។
អគ្គមេបញ្ជាការកងទ័ពជើងគោករុស្ស៊ី លោក Oleg Salyukov បានលើកឡើងថា មានកម្លាំងទាហានមកពីប្រទេសចំនួន១២ នឹងចូលរួម ហើយប្រទេសទាំងនោះ ភាគច្រើនជាសម្ពន្ធមិត្ត និងជាអតីតរដ្ឋរបស់សម័យសហភាពសូវៀត រួមមាន ចិន ម៉ុងហ្គោលី Azerbaijan, Armenia, Belarus, Kazakhstan, Kyrgyzstan, Moldova, Serbia, Tajikistan, Turkmenistan និង Uzbekistan។
ពិធីដង្ហែក្បួននេះនឹងត្រូវប្រារព្ធឡើង នៅថ្ងៃទី២៤ ខែមិថុនា ដោយមានទាហាន រហូតដល់ទៅ១៣ ពាន់នាក់ចូលរួម។ ជាមួយគ្នានេះ នៅក្នុងពិធីនោះ ក៏បង្ហាញគ្រឿងសព្វាវុធ សម្ភារសឹក ២៣៤ប្រភេទ រួមមាន រថក្រោះ រថពាសដែក មីស៊ីល…ជាដើម។ ក្រៅពីនេះ ក៏មានយន្តហោះចម្បាំង៧៥គ្រឿងគ្រប់ប្រភេទ ហោះហើរនៅលើអាកាសផងដែរ។
ជាមួយគ្នានេះដែរ កម្លាំងទាហានជើងទឹក ក៏បានបញ្ជូននាវា២០គ្រឿង ក្នុងនោះមាននាវាមុជទឹក នាវាចម្បាំង ចូលរួមដង្ហែក្បួនព្យុហយាត្រា បន្ថែមទៀត ។ រដ្ឋាភិបាលទីក្រុងមូស្គូ បានស្នើដល់ពលរដ្ឋ ឲ្យតាមដានពិធីព្យុហយាត្រា តាមកញ្ចក់ទូរទស្សន៍ផ្សាយផ្ទាល់ នៅតាមផ្ទះ ចៀសវាងការឆ្លងកូវីដ១៩៕ ប្រែសម្រួលដោយ៖ MEO