ភ្នំពេញ៖ យោងតាមរបាយការណ៍ចេញផ្សាយដោយក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃពុធនេះ ចំនួនអ្នកឆ្លងកូវីដ ១៩ នៅកម្ពុជា មិនមានរកឃើញអ្វីថ្មីនោះឡើយ ដោយរក្សានៅត្រឹម ១២៨នាក់ ខណៈតួលេខអ្នកជាសះស្បើយ គឺកើនឡើង ដល់ ១២៦នាក់ នាំសេសសល់កំពុងសម្រាកនៅមន្ទីរពេទ្យ ត្រឹម ២នាក់ប៉ុណ្ណោះ។
ក្នុងរបាយការណ៍បញ្ជាក់ថា អ្នកជាសះស្បើយថ្មី គឺជាបុរសជនជាតិខ្មែរ អាយុ ២៦ឆ្នាំ ដែលរកឃើញផ្ទុកកូវីដ ១៩ ក្រោយពេលត្រឡប់មកពីប្រទេសហ្វីលីពីន ហើយទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ ខណៈបន្ទាប់ពីធ្វើតេស្តអវិជ្ជមាន ២លើក ក្រុមគ្រូពេទ្យជំនាញក៏អនុញ្ញាតឲ្យបុរសអ្នកស្រុកកំពង់ត្រាច ខេត្តកំពត រូបនេះ ត្រឡប់ទៅលំនៅឋានវិញ។
ដោយឡែក សម្រាប់អ្នកកំពុងសម្រាកព្យាបាលចំនួន ២នាក់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សុទ្ធសឹងជាពលរដ្ឋខ្មែរ ទើបត្រឡប់មកពីប្រទេសឥណ្ឌូនេស៊ី៕ ដោយ៖ ត្នោត