ប្រទេសបេឡារុស ៖ បាតុករប្រឆាំងរដ្ឋាភិបាលច្រើនសិបពាន់នាក់ កាលពីថ្ងៃទី២៣ សីហាបានលើកគ្នាហែរក្បួន តាមដងវិថីនានានៃទីក្រុងមីនស្ក៍ ខណៈកងយោធាត្រូវបានដាក់ពង្រាយ ពេលកំពុងមានវិបត្តិនយោបាយនៅក្នុងរដ្ឋធានីបេឡារុស។
បាតុកម្មធំៗកើតមានជាប់រដឹកក្នុងរដ្ឋធានីបេឡារុស ចាប់តាំងពីការជាប់ឆ្នោតជាថ្មីទៀតរបស់ប្រធានាធិបតី លោកអាឡិចសង់ដ្រ៏លូកាឆេនកូកាលពីថ្ងៃទី៩សីហា ដោយពួកប្រឆាំងចោទថាពោរពេញដោយការក្លែងបន្លំ ។ លោកលូកាឆេនកូដែលដឹកនាំប្រទេសក្នុងកណ្ដាប់ដៃដែក ចាប់តាំងពី២៦ឆ្នាំមកហើយបានបដិសេធមិនឲ្យមានការបោះឆ្នោតឡើងវិញដែលជាហេតុនាំឲ្យគូប្រឆាំងសំខាន់ លោកស្រីស្វេតឡាណាស៊ីខាណូស្កាអ៊ីយ៉ា ដែលរត់ភៀសខ្លួនទៅកាន់លីទុយអានី អំពាវនាវឲ្យមានបាតុកម្មប្រឆាំង ។ វិថីនានានៃទីក្រុងមីនស្ក៍នាថ្ងៃទី២៣ សីហា ពេញប្រៀបដោយក្រុមបាតុករ ដែលនាំគ្នាលើកទង់ពណ៌ក្រហមនិងស ជានិមិត្តរូបនៃការប្រឆាំងរបស់ពួកគេចំពោះរបបលោកលូកាឆេនកូ ។ ក្រសួងការពារប្រទេសបេឡារុសបានព្រមានថា ខ្លួនត្រូវបានបញ្ជាឲ្យការពារបណ្ដាវិមានក្នុងរដ្ឋធានីនិងថា រាល់ការប៉ុនប៉ងរបស់ពួកបាតុករ ដើម្បីលើកគ្នាទៅកាន់កាប់វិមានទាំងនេះនឹងត្រូវកងយោធាបង្ក្រាប ។ដោយចាត់ទុកពួកបាតុករដូចជាពួកហ្វាស៊ីស្ត ក្រសួងការពារប្រទេសបេឡារុសថ្លែងថា វិមានទាំងនេះជាពិសេសបណ្ដាវិមានដែលជាទីតាំងគោរពវិញ្ញាណក្ខ័ន្ធបណ្ដាជនរងគ្រោះក្នុងសម័យសង្គ្រាមលោកលើកទី២ គឺជាទីតាំងគោរពបូជាដែលមិនត្រូវឲ្យមានការប៉ះពាល់បានឡើយ ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព