សំបុកអណ្តើកសមុទ្រទី១៥ ត្រូវបានគេរកឃើញនៅលើឆ្នេរខ្សាច់មួយស្ថិតក្នុងកោះសាមុយដែលនាំឱ្យចំនួនស៊ុតដែលត្រូវបានរកឃើញនៅលើកោះមានចំនួនដល់ទៅជាង ១០០០គ្រាប់ក្នុងឆ្នាំនេះ។
អណ្តើកញីមួយក្បាលបានដាក់ពងនៅក្នុងសំបុកចំនួន៤កន្លែង នៅលើកោះ។ លោក Wichawut Jinto អភិបាលខេត្ត Surat Thani បាននិយាយថា អណ្តើកនោះបានមកដល់ឆ្នេរសមុទ្រម្តងទៀតកាលពីយប់ថ្ងៃចន្ទ ហើយវាបានធ្វើសំបុកទី៥ នៅលើឆ្នេរ Ao Thong Nan នៃកោះសាមុយ ដែលនាំឱ្យសំបុកសរុបនៅក្នុងកោះមានដល់ទៅ១៥កន្លែង។
លោកអភិបាលខេត្តបានមានប្រសាសន៍ថា មន្ត្រីបានដាក់របងព័ទ្ធជុំវិញសំបុកទាំងនោះ ដើម្បីការពារសត្វអណ្តើកនិងពង។ សត្វអណ្តើកដែលមានស្នូកប្រវែងបណ្តោយប្រហែល ៨៣សម ទទឹង ៧៦សម និងមានស្លាកនៅលើជើងខាងឆ្វេងរបស់វាដែលបានសរសេរថា TH៣៧២ តែងតែពងនៅលើកោះសាមុយរៀងរាល់២ឆ្នាំម្តង។ ចាប់តាំងពីដើមឆ្នាំមកដល់ពេលនេះអណ្តើកសមុទ្របានទៅដល់ឆ្នេរនិងដាក់ពងចំនួន ១៥សំបុកដោយមានចំនួនពងសរុបច្រើនជាង ១០០០គ្រាប់។ ក្នុងចំណោមស៊ុតទាំងនេះមានចំនួន ២៦៩ក្បាលហើយដែលបានញាស់ ហើយកូនអណ្តើកសមុទ្រទាំងនោះត្រូវបានដោះលែងទៅក្នុងសមុទ្រ។
លោកអភិបាលខេត្ត Surat Thani បានមានប្រសាសន៍ថា នេះជាដំណឹងល្អសម្រាប់ប្រជាជននៅកោះសាមុយ និងជនជាតិថៃនៅទូទាំងប្រទេស។យោងទៅតាមអ្នកអភិរក្សសត្វអណ្តើកសមុទ្របានឱ្យដឹងថា ជាមធ្យមអណ្តើកសមុទ្រពង ១១០គ្រាប់នៅក្នុងមួយសំបុក ហើយអាចដាក់ពងជាមធ្យមចន្លោះពី២ ទៅ ៨ សំបុកក្នុងមួយរដូវ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post