
ហុងកុង ៖ អ្នកដឹកនាំរឿងហុងកុងដ៏ល្បីល្បាញ លោក Benny Chan Muk-Sing ដែលដឹកនាំរឿងល្បីៗជាច្រើនសម្រាប់លោក Jackie Chan (ឈិន ឡុង) បានទទួលមរណភាពហើយ កាលពីថ្ងៃទី ២៣ ខែសីហា នៅក្នុងវ័យ៥៨ឆ្នាំ បន្ទាប់ពីលោកបានតស៊ូជាមួយជំងឺមហារីកចម្រុះយ៉ាងធ្ងន់ធ្ងរ។
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយហុងកុងបានឱ្យដឹងថា លោកត្រូវបានគ្រូពេទ្យធ្វើរោគវិនិច្ឆ័យថា មានជំងឺមហារីកច្រមុះកាលពីឆ្នាំមុន បន្ទាប់ពីធ្លាក់ខ្លួនឈឺ អំឡុងពេលកំពុងថតខ្សែភាពយន្តចុងក្រោយរបស់លោកគឺ «Raging Fire» ដែលរួមសម្តែងដោយលោក Donnie Yen (កុំកុំ) និងលោក Nicholas Tse។
សូមរំលឹកថា លោក Benny Chan បានចាប់ផ្តើមអាជីពជាអ្នកដឹកនាំរឿងដំបូងនៅឆ្នាំ ១៩៩០ ជាមួយខ្សែភាពយន្តទី១មានចំណងជើងថា A Moment of Romance ដែលចូលរួមសម្តែងដោយលោក Andy Lau (លី តាវហួ) និងលោកស្រី Jacklyn Wu ។ ស្នាដៃដឹកនាំរឿងជាច្រើនរបស់លោក បានបន្តទទួលប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ។ ហើយលោកបានបន្តដឹកនាំរឿង ដោយមានការចូលរួមសម្តែងពីតារាដ៏ល្បីល្បាញជាច្រើនរបស់ហុងកុង។
នៅក្នុងឆ្នាំ១៩៩៦ លោកបានដឹកនាំផលិត និងជាសហអ្នកនិពន្ធរឿង Big Bullet ដែលទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់មហាជន ព្រមទាំងបានឈ្នះពានរង្វាន់ភាពយន្តហុងកុងប្រចាំឆ្នាំ នៅឯមហោស្រពភាពយន្តសេះមាសផងដែរ។
ជុំវិញដំណឹងមរណភាពរបស់លោក Benny Chan បានធ្វើឱ្យវិស័យភាពយន្តហុងកុង រួមជាមួយតារាល្បីល្បាញ និងអ្នកគាំទ្រមានការសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់បុគ្គលដ៏មានសមត្ថភាពដូចជារូបលោក៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព