ឆាកជីវិតបីដូចនឹងភាពសារដើមឥតឈប់ឈរ គ្មាននរណាអាចកំណត់បានថា អ្នកក្រនៅតែក្រ ហើយសេដ្ឋីនឹងនៅតែមាននោះទេ។ ព្រះអាទិត្យអស់ស្តង់គត់ ក៏ត្រូវមានពេលរះឡើងវិញ ឯផ្ទៃមេឃល្អស្រលះ ក៏គង់មានព្យុះបោកបក់ម្តងមួយគ្រាផងដែរ។
មនុស្សមួយចំនួនចូលចិត្តបញ្ចប់វាសនាល្អរបស់ខ្លួនឯងត្រឹមការចាប់កំណើតមកក្នុងគ្រួសារដែលគ្មានទ្រព្យធន ហើយបន្តវេនកម្មជីវិតទៅតាមកំលាំងអូសទាញនៃការពិតមួយនេះ រហូតក្លាយជាអ្នកក្របន្តត្រកូល បន្តជំនាន់។
អ្នកក្រ នឹងនៅតែក្រ បើរស់តាមព្រេងវាសនា។ អ្នកក្រ នឹងផុតពីទុក្ខលំបាកអត់ឃ្លាន បើប្រឹងជំនះងើបចេញពីរណ្តៅវាសនាអ្នករបស់អ្នកក្រ។
ចូរចាំថា ការបោះជំហានរបស់អ្នកមាន និងអ្នកក្រមិនដូចគ្នាទេ ហើយភាពជោគជ័យក៏បានមកដោយខុសគ្នាដែរ។ អ្នកមាន គាត់បោះត្រឹម ១០ជំហានក៏ដល់គោលដៅ ឯយើងក្រវិញត្រូវបោះ ១០០ជំហាន ដើម្បីឈានដល់គោលដៅយើងដែរ។ អ្នកប្រហែលជាគិតថា វាអយុត្តិធម៌ ប៉ុន្តែវាមិនបានអយុត្តិធម៌សម្រាប់អ្នកក្រនោះទេ តែជីវិត គឺតម្រូវអោយមនុស្សរៀនសូត្រខុសគ្នា ប្រើជីវិតខុសគ្នា និងទទួលបានខុសៗគ្នា។
មានភាពចាំបាច់មួយទៀតដែរដែលអ្នកត្រូវដឹងពីអ្នកដែលមានវាសនាល្អជាងអ្នក។ ខណៈពេលដែលអ្នកកំពុងសោយសោកនឹងជីវិត គេប្រហែលជាកំពុងតែបញ្ចេញសកម្មភាពយ៉ាងសកម្មដើម្បីធ្វើអោយវាសនាល្អរបស់ពួកគេរះឡើង។ ខណៈពេលដែលអ្នកកំពុង ដេកគិតពីទុក្ខលំបាកខ្លួនឯង អ្នកដទៃប្រហែលជាកំពុងបន្តផែនការជីវិតរបស់ពួកគេយ៉ាងហត់នឿយ បើទោះជាពួកគេមានដើមទុនជីវិតហើយក៏ដោយ។
ក្នុងវដ្តជីវិតរបស់មនុស្សម្នាក់ៗ គ្មាននរណាដឹងទេថា ម្នាក់នោះត្រូវប្រឈមនឹងបញ្ហាអ្វីខ្លះ ដូច្នេះមិនចាំបាច់ប្រៀបធៀបពីទុក្ខលំបាករបស់គ្នានឹងគ្នានោះទេ អ្នកគ្រាន់តែព្យាយាមអោយអស់ពីលទ្ធភាពធ្វើគ្រប់យ៉ាងដើម្បីកែប្រែវាសនាគឺគ្រប់គ្រាន់ហើយ។
បើប្រឹងហើយនៅតែក្រ មិនមែនត្រូវបោះបង់ហើយបន្តភាពក្រនោះទេ ត្រូវតែប្រឹងបន្ថែមទៀត៕