ស្របពេលទិវាជ័យជម្នះលើកទី៧៥ លើរបបណាហ្ស៊ី នៅអាល្លឺម៉ង់ កាន់តែខិតចូលមកដល់ហើយនោះ រុស្ស៊ីបានដាក់ប្រព័ន្ធមីស៊ីល ប្រឆាំងនឹងយន្ដហោះចម្បាំង ប្រភេទ Buk-M3 មានសមត្ថភាពអាចស្ទាក់ចាប់ យន្ដហោះចារកម្មគ្មានមនុស្សបើក រយ:ចម្ងាយឆ្ងាយ នៅភាគខាងលិចប្រទេស។
ការិយាល័យព័ត៌មានរបស់តំបន់ប្រតិបត្ដិការសឹកភាគខាងលិចរបស់រុស្ស៊ី បានចេញសេចក្ដីរាយការណ៍ កាលពីថ្ងៃទី១៥ ខែមិថុនា ថា កងកម្លាំងមីស៊ីលបាញ់ពីលើអាកាស ប្រភេទ Buk-M3 បានអនុវត្ដការបាញ់ប្រហារទៅលើយន្ដហោះចារកម្មគ្មានមនុស្សបើក រយ:ចម្ងាយឆ្ងាយ នៅក្នុងការធ្វើសមយុទ្ធ នៅតំបន់ Kursk នៅភាគខាងលិចប្រទេសរុស្ស៊ី។ សមយុទ្ធនេះ ក៏
ដើម្បីស្វែងរក និងតាមដានសកម្មភាពយន្ដហោះគ្មានមនុស្សបើក កំពុងពិនិត្យលើភូមិសាស្រ្ដ ដោយមានល្បឿនលឿន និងបង្ហាញពីសមត្ថភាពខ្ពស់របស់កងកម្លាំងប្រព័ន្ធមីស៊ីលប្រឆាំងនឹងយន្ដហោះផងដែរ។
ប្រភពព័ត៌មានដដែល បានបន្ដថា កងកម្លាំងប្រឆាំងនឹងយន្ដហោះ ក៏អាចអនុវត្ដបេសកកម្ម ដើម្បីការពារគោលដៅវាយប្រហារ ក្នុងរយ:កម្ពស់ទាប នៅក្នុងចម្ងាយ រហូតដល់១៥គីឡូម៉ែត្រ ដោយតាមសមត្ថភាពរបស់កងទ័ព ដើម្បីបាញ់ទៅលើគោលដៅណាមួយ។ សរុបមក ការសមយុទ្ធនេះ មានកងទ័ពចូលរួម ចំនួន៦០០នាក់ និងមានសម្ភារសឹក ជាច្រើនប្រភេទទៀត។
ប្រភពព័ត៌មានដដែល បានបញ្ជាក់ថា Buk-M3 ជាប្រភេទមីស៊ីល វាយប្រហារតាមអាកាស ហើយមីស៊ីលប្រភេទនេះ ត្រូវបានរចនា និងផលិតឡើង សម្រាប់ស្ទាក់ចាប់មីស៊ីល និងគោលដៅវាយប្រហារនានាតាមអាកាស៕ ប្រែសម្រួលដោយ Nuon