ទ្រព្យសម្បត្តិសរុបរបស់លោកមហាសេដ្ឋី អ៊ីឡុន ម៉ាស (Elon Musk) បានកើនឡើងយ៉ាងលឿនក្នុងឆ្នាំ ២០២០ នេះខណៈដែលថ្លៃភាគហ៊ុនក្រុមហ៊ុន Tesla កើនឡើងស្ទើរតែ ៤ដងតាំងពីដើមឆ្នាំនេះ ។ លោក ម៉ាស គ្រប់គ្រងភាគហ៊ុនប្រមាណ ២០% នៃភាគហ៊ុនទាំងអស់របស់ក្រុមហ៊ុន Tesla ដែលបច្ចុប្បន្នមានតម្លៃច្រើនជាង ៥០ប៊ីលានដុល្លារទៅទៀត ។
សរុបមក ទ្រព្យសម្បត្តិរួមរបស់លោក ម៉ាស ត្រូវបានព្យាករណ៍មកថា យ៉ាងតិចណាស់ក៏ ៦៦.៧ប៊ីលានដុល្លារដែរ បើយោងទៅតាម Wealth-X ។ ដូច្នេះតើលោកមហាសេដ្ឋីរូបនេះចំណាយលុយរាប់ប៊ីលានដុល្លាររបស់លោកលើអ្វីខ្លះ?
១. អចលនទ្រព្យ
ពេលដែលលោកមិនជាប់រវល់គ្រប់គ្រងក្រុមហ៊ុនជាច្រើន លោក ម៉ាស មានភាពសកម្មណាស់ក្នុងទីផ្សារអចលនទ្រព្យ ។ បន្ទាប់ពីលោកបានប្រកាសលើ Twitter ថាលោកនឹងលក់អចលនទ្រព្យនៅដើមខែឧសភាកន្លងមក អចលនទ្រព្យជាច្រើនរបស់លោកត្រូវបានដាក់លក់លើទីផ្សារដែលរួមមានអចលនទ្រព្យមួយដែលមានតម្លៃប្រមាណ ៣៥លានដុល្លារផងដែរ ។
យោងទៅតាមការសន្មត់របស់ Wealth-X មហាសេដ្ឋីរូបនេះមានអចលនទ្រព្យនៅ Los Angeles យ៉ាងតិចណាស់ក៏ ៤ ដែរ ដែលមានតម្លៃសរុបប្រមាណ ៤០លានដុល្លារ ។
២. សប្បុរសធម៌
នៅឆ្នាំ ២០១២ លោក ម៉ាស បានចូលរួមលោកមហាសេដ្ឋី វ៉ារេន បាហ្វេត (Warren Buffett) និងលោកមហាសេដ្ឋី ប៊ីល ហ្គេតស៍ (Bill Gates) ដើម្បីចុះឈ្មោះចូលក្នុងការផ្តួចផ្តើម The Giving Pledge ដែលតម្រូវឲ្យលោកបរិច្ចាគទ្រព្យសម្បត្តិភាគច្រើនរបស់លោកទៅសប្បុរសធម៌ ។
នៅឆ្នាំ ២០១៥ លោក ម៉ាស បានបរិច្ចាគ ១០លានដុល្លារឲ្យទៅ Future of Life Institute ដែលមានគោលដៅធានាថាបច្ចេកវិទ្យា Artificial Intelligence នឹងផ្តល់អត្ថប្រយោជន៍ដល់មនុស្សលោក ។ នៅឆ្នាំ ២០១៦ លោកក៏បានបរិច្ចាគភាគហ៊ុន Tesla ប្រមាណ ២៥៥លានដុល្លារទៅមូលនិធិ Musk Foundation របស់លោកដែរ ។
៣. រថយន្ត
នាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរូបនេះជាម្ចាស់របស់រថយន្តគួរឲ្យចាប់អារម្មណ៍មួយចំនួន ។ នៅឆ្នាំ ២០១៣ លោក ម៉ាស បានទិញរថយន្ត 1976 Lotus Esprit ដ៏កម្រក្នុងតម្លៃជិត ១លានដុល្លារក្នុងការលក់ដេញថ្លៃមួយ ។ រថយន្តនេះត្រូវបានប្រើដើម្បីថតភាពយន្ត James Bond នៅឆ្នាំ ១៩៧៧ ។
ក្រៅពីនេះហើយ លោកជាម្ចាស់រថយន្ត 1920 Ford Model T ដែលជាអំណោយពីមិត្តម្នាក់ ព្រមទាំង Jaguar Series 1 1967 E-type Roadster ផងដែរ ។ នៅខែកក្កដាឆ្នាំ ២០១៩ លោក ម៉ាស បាននិយាយលើ Twitter ថាលោកភាគច្រើនបើកបររថយន្ត Tesla Model S Performance របស់ក្រុមហ៊ុនលោក ។
៤. ការវិនិយោគ
លោក ម៉ាស បាននិយាយពីមុនមកថាជាទូទៅ លោកវិនិយោគលុយរបស់ខ្លួនលើក្រុមហ៊ុនរបស់លោក ។ នៅឆ្នាំ ២០១៨ លោក ម៉ាស បានវិនិយោគប្រមាណ ៩០% នៃថវិកា ១១២.៥លានដុល្លារដែលបានប្រមូលដើម្បីវិនិយោគលើក្រុមហ៊ុន The Boring Company របស់លោក ។ ប៉ុន្តែក្នុងពេលប៉ុន្មានឆ្នាំមកនេះ លោកក៏បានវិនិយោគលើក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ DeepMind និង NeuroVigil ផងដែរ ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព