ខេត្តកែប៖ បង្គារចំនួនជិត១០០គីឡូក្រាម នៅក្នុងផ្សារក្តាម ត្រូវបានដកហូតយកទៅផុតបំផ្លាញចោល ក្រោយរកឃើញថាមានចាក់បញ្ចូលសារធាតុចាហួយ និងប្រើប្រាស់សារធាតុគីមីហាមឃាត់។ ចំពោះការរកឃើញករណីមិនត្រឹមត្រូវលើសុវត្ថិភាពចំណីអាហារនេះ គឺនៅពេលដែលអាជ្ញាធរខេត្តកែប ដឹកនាំដោយលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប និងមន្ត្រីជំនាញបានចុះត្រួតពិនិត្យគុណភាពទំនិញ នៅតំបន់ផ្សារក្តាម កាលពីថ្ងៃទី២២ ខែសីហា។
លោកអភិបាលខេត្តកែប ក៏បានសំណូមពរដល់អង្គភាព និងស្ថាប័នជំនាញពាក់ព័ន្ធទាំងអស់ បន្តចូលរួមសហការឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត និងបានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្ន ចំពោះផលិតផលក្លែងក្លាយ និងចូលរួមសហការ ផ្តល់ព័ត៌មានជូនសមត្តកិច្ច ក្នុងករណីពិនិត្យសង្ស័យឃើញថា មានទីតាំងលក់ផលិតផលផ្សេងៗ ដែលខុសច្បាប់ ដើម្បីចូលរួមទប់ស្កាត់ និងការពារសុខុមាលភាពជូនប្រជាពលរដ្ឋ។
យោងតាមហ្វេសប៊ុករបស់រដ្ឋបាលសាលាខេត្តកែប បញ្ជាក់ថា រដ្ឋបាលខេត្ត កំពុងខិតខំយ៉ាងសស្រាក់សស្រាំ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តច្បាប់ និងអនុវត្តន៍តាមអនុសាសន៍របស់រាជរដ្ឋាភិបាលក្នុងការធានាគុណភាពម្ហូបអារហារ និងទំនិញផ្សេងៗ តាមរយៈការស្រាវជ្រាវ ស៊ើបអង្កេត និងត្រួតពិនិត្យយ៉ាងហ្មត់ចត់ ដោយសហការជាមួយមន្ទីរអង្គភាពជំនាញ ប្រមូលផ្ដុំព័ត៌មាន ដើម្បីកំណត់អំពីមុខសញ្ញា និងទីតាំង ដើម្បីធ្វើការបង្ក្រាប ដោយមិនបណ្តោយទុកឲ្យមុខសញ្ញា ដែលជាឈ្មួញឆ្លៀតឱកាសធ្វើសកម្មភាពបន្លំនាំយកទំនិញអន់គុណភាព មកចរាចរលក់ក្នុងទីផ្សារខេត្តកែបបានឡើយ៕ ដោយ៖ ត្នោត