ប្តីខំប្រឹងតាមរកប្រពន្ធដែលបាត់២ថ្ងៃមិនដឹងមូលហេតុអ្វី មានតែអំពាវនាវអ្នកឃើញផ្តល់ដំណឹងផង (មានវីដេអូ)
ខេត្តកណ្តាល៖ ស្ត្រីមានរូបសម្រស់ស្រស់ស្អាតម្នាក់មានប្តី និងកូនប្រុសស្រី២នាក់ បានបាត់ខ្លួនចេញពីផ្ទះរយ:ពេល២យប់២ថ្ងៃហើយ ដោយពុំដឹងមូលហេតុនោះទេ ទោះបីជាប្តី និងក្រុមគ្រួសារសាច់ញាតិខំប្រឹងប្រែងតាមរក ក៏នៅតែរកមិនឃើញ ដោយសង្ស័យថា ចាញ់ល្បិចជនខិលខូចល្បួងលួងលោមបោកយកម៉ូតូ និងគ្រឿងអលង្ការនៅជាប់នឹងខ្លួន។
បុរសជាប្តីឈ្មោះ សន គង់ អាយុ៣៦ឆ្នាំ មានទីលំនៅភូមិរាំងជួរ ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល បានរៀបរាប់ប្រាប់កាលពីព្រឹកថ្ងៃទី២៣ សីហានេះទាំងអួលដើម.កថា គាត់និងប្រពន្ធឈ្មោះ ណេង សុខា អាយុ៣៣ឆ្នាំ បានរៀបការជាមួយគ្នារយ:ពេលជាង១០ឆ្នាំហើយ មានកូនប្រុសស្រី២នាក់ ដោយកូនប្រុសបងអាយុជិត១០ឆ្នាំ។ បច្ចុប្បន្នកូនទាំង២នាក់រស់នៅជាមួយយាយតា ហើយរូបគាត់ជាប្តីនៅធ្វើការដឹកទំនិញអោយគេនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ រីឯប្រពន្ធវិញបំរើការងាររោងចក្រនៅតាមបណ្តោយផ្លូវជាតិលេខ៣ រាជធានីភ្នំពេញ។ បុរសរូបនេះ រៀបរាប់ថាតាំងពីរៀបការរួចរហូតមានកូន២នាក់ ប្តីប្រពន្ធគាត់មិនដែលមានរឿងជម្លោះក្នុងគ្រួសារធុំដុំនោះឡើយ តែវាធម្មតាចានក្នុងរាវ វាតែងតែប៉ះទង្គិចគ្នាពាក្យសម្តីបន្តិចបន្តួចមាន។ ហើយក្នុងអំឡុងដែលពួកគាត់ទាំង២នាក់ប្តីប្រពន្ធ ទៅធ្វើការនៅរាជធានីភ្នំពេញជិត១ឆ្នាំ គឺរស់នៅផ្ទះជួលឆ្ងាយបែកពីគ្នា ក្រៅពីពិធីបុណ្យទានធំៗមកជួបជុំគ្នានៅស្រុក ក៏ប្រពន្ធតែងតែមកជួបរូបគាត់ជាប្តីជាញឹកញាប់នៅផ្ទះជួលជារៀងរាល់ថ្ងៃសម្រាកពីការងារ ហើយចំពោះលុយប្រាក់ខែវិញ និងលុយរកក្រៅ រូបគាត់ក៏បានផ្ញើទៅអោយប្រពន្ធកូនជាប្រចាំមិនដែលខានឡើយ។ ប៉ុន្តែរយ:ពេលប្រហែលកន្លះខែនេះ ប្រពន្ធគាត់ហាក់បីដូចជាប្លែកៗ ពេលដែលរូបគាត់ជាប្តីតេទៅសួរសុខទុក្ខ ប្រពន្ធតែងតែបិទទូរស័ព្ទ ឬប្រាប់ថា ជាប់រវល់រហូត លុះដល់រូបគាត់សួរដេញដោលប្រពន្ធប្រាប់ថា ខឹងប្តី តែមិនបញ្ជាក់ពីមូលហេតុអោយដឹងនោះទេ។ ចំណែកទូរស័ព្ទប្រពន្ធដាក់លេខកូដសម្ងាត់ជាប់ រកតែខ្លួនជាប្តីឆែកមើលអ្វីក៏មិនបានដែរ។
ដោយឡែក នៅថ្ងៃឈប់សម្រាកជំនួសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែររយ:ពេល៥ថ្ងៃនេះ កាលពីថ្ងៃទី១៧ ខែសីហា ប្រពន្ធរបស់គាត់បានមកផ្ទះលេងកូននៅក្អមសំណ ដោយមិនបានតេទូរស័ព្ទប្រាប់រូបគាត់ជាប្តីអោយដឹងឡើយ ខណៈដែលរូបគាត់កំពុងរវល់ដឹកអីវ៉ាន់អោយគេនៅរាជធានីភ្នំពេញមិនបានមកផ្ទះលេងកូន។ លុះដល់ល្ងាចថ្ងៃទី២០ ខែសីហា ម្តាយក្មេក និងប្អូនថ្លៃក៏ទូរស័ព្ទទៅសួររូបគាត់ជាប្តីថា ឃើញប្រពន្ធទៅកន្លែងផ្ទះជួលគាត់ទេ ព្រោះនាងចេញទៅតាំងពីព្រឹកមកម្ល៉េះ។ ភ្លាមៗនោះរូបគាត់ជាប្តីក៍ប្រញាប់ប្រញាល់មកស្រុក រួមជាមួយក្រុមគ្រួសារបងប្អូនសាច់ញាតិជិះម៉ូតូតាមស្វែងរកសឹងតែគ្រប់ទីកន្លែង រហូតមកដល់ថ្ងៃទី២៣ សីហានេះ នៅតែរកមិនទាន់ឃើញឡើយ។
តាមការបញ្ជាក់ពីបុរសជាប្តី គឺប្រពន្ធរបស់គាត់មានសម្បុរសសណ្តែកបាយ ស្លៀកខោខូវបូយ អាវខូវបូយ ជិះម៉ូតូម៉ាកស្កុបពី ស៊េរីឆ្នាំ២០១៦ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១CD.២០២៩ ដោយភ្ជាប់មកជាមួយនូវលុយ និងគ្រឿងអលង្ការតម្លៃរាប់ពាន់ដុល្លារនៅជាប់នឹងខ្លួនទៀតផង។ ហើយប្រពន្ធរបស់គាត់កន្លងមក ទោះបីជាខឹងគាត់ប៉ុណ្ណា ក៏មិនដែលបិទទូរស័ព្ទដែរ តែពេលនេះទូរស័ព្ទតេអត់ចូលរហូត។ តែបើតាមការរកគ្រូទាយមើលគាត់ថា ប្រពន្ធគាត់មិនទៅណាទេ មានគេលាក់ទុកនៅឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ហេតុដូច្នេះទើបគាត់ជាប្តី និងក្រុមគ្រួសារបងប្អូនសាច់ញាតិមកប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលគគីរធំ ដើម្បីឱ្យជួយសាកសួររកតាមភូមិនៅតែមិនឃើញដដែល។
ទោះបីជាយ៉ាងណា ក្នុងនាមជាប្តីដែលស្រលាញ់ និងអាឡោះអាល័យប្រពន្ធបានអំពាវនាវដល់បងប្អូនប្រជាជន ក៏ដូចជាអាជ្ញាធរសមត្ថកិច្ចទាំងអស់ បើបានឃើញប្រពន្ធគាត់តាមភិនភាគជិះម៉ូតូ និងរូបថតនេះ សូមមេត្តាជួយទំនាក់ទំនងតាមរយៈលេខទូរស័ព្ទរូបលោកជាប្តីផ្ទាល់ ៖ 070 494 378 ផង។ ខាងក្រោមជាវីដេអូរៀបរាប់របស់លោក សន គង់ ជាប្តីរបស់ប្រពន្ធឈ្មោះ ណេង សុខា ៖
ផ្តល់សិទ្ធដោយ៖ កោះសន្តិភាព