រាជធានីភ្នំពេញ៖ ជនសង្ស័យ២នាក់ បានជិះម៉ូតូ ទៅឆក់យកទូរស័ព្ទពីយុវតីម្នាក់ ខណៈនាងកំពុងឈប់តាមផ្លូវ អង្គុយលើម៉ូតូកាន់ទូរ សព្ទ័ឆាតទៅរកបងស្រីធម៌ កាលពីវេលា ម៉ោង៨ និង ៣០ នាទី យប់ថ្ងៃទី ២២ ខែសីហា ត្រង់ចំណុច មុខសួនឧស្សាហកម្មវឌ្ឍនៈ ២ ផ្លូវជាតិលេខ៣ ស្ថិតនៅ ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានី ភ្នំពេញ។ ក្រោយពេលឆក់ទូរស័ព្ទបានសម្រេចហើយ ជនសង្ស័យ បានបើកម៉ូតូគេចខ្លួនដែរ ប៉ុន្តែយុវតីជាម្ចាស់ទូរស័ព្ទ ក៏ជិះម៉ូតូដេញតាមពីក្រោយ បានចម្ងាយប្រមាណ៣០០ម៉ែត្រ នាងក៏ សម្រេចចិត្តបុកពីក្រោយម៉ូតូជនសង្ស័យ បណ្ដាលឲ្យដួលទាំងអស់គ្នាតែម្ដង។ ស្របពេលនោះ កម្លាំងនគរបាលប៉ុស្តិ៍ ក្រាំងពង្រ កំពុង ល្បាត ជិតនោះដែរក៏បានជួយដេញតាមឃាត់ខ្លួនជនសង្ស័យម្នាក់ ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោលដោយបាននាំយក ទូរស័ព្ទ របស់នាងទៅជាមួយ។
នគរបាល បាន ប្រាប់ ឲ្យ ដឹង ថា យុវតីជាម្ចាស់ទូរស័ព្ទ ខាងលើ ឈ្មោះ ណុះ ហ្វា រី តា អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មុខរបរ សិស្ស មាន ទីលំនៅ ក្នុងខណ្ឌ ឬ ស្សី កែវ រាជធានី ភ្នំពេញ ជិះម៉ូតូ ម៉ាក MSX ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1II-5040។
ចំណែក ជនសង្ស័យ ម្នាក់ ដែល ត្រូវ ឃាត់ខ្លួន ឈ្មោះ រិន ណារ័ត្ន ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់ នៅផ្ទះជួល ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានី ភ្នំពេញ រីឯ បក្សពួក ដែលរត់គេចខ្លួនរួច ឈ្មោះ មាស វិសាល ហៅ ប៉ាលី ភេទប្រុស អាយុ ២៣ ឆ្នាំ គឺជាមុខសញ្ញា លួច ឆក់ និង ប្លន់ ហើយ កន្លងមកធ្លាប់បាន ធ្វើសកម្មភាពជាច្រើនដងរួចមកហើយដែរ។
ក្រោយពេលឃាត់ខ្លួនម្នាក់នេះ នគរបាល ដកហូតយកម៉ូតូមួយគ្រឿង ម៉ាកស៊ុ យហ្ស៊ុយគីនិច ពណ៌សលាយក្រហម ពាក់ស្លាកលេខ កណ្តាល 1PC-1714 និង ដាវកែច្នៃ១ដើម៕ ដោយ៖ ត្នោត