កន្លងមក ចិនបានដាក់ទណ្ឌកម្មទៅលើកូរ៉េខាងត្បូង ព្រោះតែប្រទេសនេះអនុញ្ញាតឲ្យអាមេរិកបំពាក់មីស៊ីលការពារនៅលើទឹកដីនោះ ដែលមានគោលដៅមកលើចិន ដូចអាមេរិកដាក់អាវុធ នៅតំបន់អឺរ៉ុប សំដៅទៅលើប្រទេសរុស្ស៊ី អ៊ីចឹងដែរ។
នៅពេលនេះ ប្រធានាធិបតីអាមេរិក បានអញ្ជើញប្រធានាធិបតីកូរ៉េខាងត្បូង ឲ្យទៅចូលរួមកិច្ចប្រជុំ G-7 ដោយបើកទូលាយ ដែលជាសកម្មភាពត្រូវបានចិនចាត់ទុកថា អាមេរិកកំពុងតែកៀរគរប្រទេសមានសេដ្ឋកិច្ចរីកចម្រើន ដើម្បីដាក់គំនាបមកលើចិន ដោយអាមេរិកម្នាក់ឯង មិនអាចធ្វើអ្វីចិនបានឡើយ។
កូរ៉េខាងត្បូង គឺជាប្រទេសមួយក្នុងចំណោម៤ប្រទេសដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអញ្ជើញទៅចូលរួមកិច្ចប្រជុំ G-7 បើកទូលាយ នៅចុងឆ្នាំនេះ ដោយមានទាំងប្រទេសឥណ្ឌា អូស្ត្រាលី និងរុស្ស៊ី ផងដែរ។ សកម្មភាពខាងលើរបស់លោក ត្រាំ ត្រូវបានគេចាត់ទុកថា ជាសកម្មភាព ដើម្បីបង្កើតសម្ពន្ធមិត្តសេដ្ឋកិច្ចឲ្យកាន់តែច្រើន ដើម្បីប្រឆាំងនឹងចិន។
សារព័ត៌មាន South China Morning Post បានដកស្រង់សម្តីរបស់លោក Ji-Young Lee អ្នកឯកទេសវិភាគស្តីពីបញ្ហាឧបទ្វីបកូរ៉េ មកពីមជ្ឈមណ្ឌល Rand Corporation បានបញ្ជាក់ថា « សកម្មភាពខាងលើរបស់លោក ត្រាំ ក្នុងការអញ្ជើញមេដឹកនាំកូរ៉េខាងត្បូង ទៅចូលរួមកិច្ចប្រជុំ នៅទីក្រុងវ៉ាស៊ីនតោន គឺដើម្បីបញ្ជាក់ប្រាប់ចិនថា កូរ៉េខាងត្បូងក៏ជាសមាជិកក្នុងសម្ពន្ធមិត្តអន្តរជាតិ ដឹកនាំដោយអាមេរិក ក្នុងការរៀបចំសន្តិសុខសណា្តប់ធ្នាប់ នយោបាយ សេដ្ឋកិច្ច នៅលើពិភពលោក ដែរ។ សកម្មភាពរបស់ប្រធានាធិបតីដូណាល់ ត្រាំ កើតឡើង ចំពេលចិន និងអាមេរិក កំពុងប្រឈមមុខតានតឹងដាក់គ្នាកាន់តែខ្លាំងឡើង។
កូរ៉េខាងត្បូង ជាសម្ពន្ធមិត្តយោធាដ៏សំខាន់ជាមួយអាមេរិក។ ប៉ុន្តែប្រទេសនេះក៏ជាសម្ពន្ធមិត្តសេដ្ឋកិច្ចធំបំផុត មិនអាចខ្វះបានជាមួយចិន។ ក្នុងវិស័យពាណិជ្ជកម្មទ្វេភាគី នាពេលកន្លងមក មានដល់ទៅ ២៤៤,៣ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៩៕ ប្រែសម្រួលដោយ៖