Lockheed Martin ឈ្នះការដេញថ្លៃ១ពាន់លានដុល្លារ ផលិតមីស៊ីល Patriot ឲ្យសម្ព័ន្ធមិត្តទាំង៧ របស់អាមេរិក
ក្រុមហ៊ុនផលិតអាវុធ Lockheed Martin បានឈ្នះការដេញថ្លៃទឹកប្រាក់១ពាន់លានដុល្លារអាមេរិក សម្រាប់ផលិតប្រព័ន្ធមីស៊ីលទំនើបផុតលេខ Patriotដើម្បីផ្គត់ផ្គង់ឲ្យដល់សម្ពន្ធមិត្តចំនួន៧ប្រទេស របស់សហរដ្ឋអាមេរិក ។
ក្រសួងការពារជាតិអាមេរិកបានប្រកាសថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Lockheed Martin បានឈ្នះទឹកប្រាក់ជាង១ពាន់លានដុល្លារ ក្នុងគម្រោងផលិតកាំជ្រួចមីស៊ីលលក់ទៅឲ្យប្រទេសសម្ព័ន្ធមិត្ត ។
សេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១០ ខែមិថុនា ក្រសួងការពារជាតិអាមេរិកបានបញ្ជាក់ថា សារជីវកម្ម Lockheed Martin បានឈ្នះកិច្ចសន្យាក្នុងទំហំទឹកប្រាក់ $1,042,250,000 សម្រាប់រាល់បច្ចេកទេស, ផែនការ, គ្រប់គ្រង, ផលិត និងសាកល្បងប្រព័ន្ធមីស៊ីល Patriot ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសសម្ពន្ធមិត្តសហរដ្ឋអាមេរិកចំនួន៧ ។
ប្រភពបានបញ្ជាក់ថា ប្រព័ន្ធមីស៊ីលទាំងនោះនឹងលក់ ស្ថិតនៅក្រោមកម្មវិធីលក់អាវុធយុទ្ធភ័ណ្ឌឲ្យកងកម្លាំងយោធាបរទេស ទៅឲ្យប្រទេសបារ៉ែន, អាល្លឺម៉ង់, ប៉ូឡូញ, កាតា, រ៉ូម៉ានី, កូរ៉េខាងត្បូង និងអារ៉ាប់រួម ដែលជាសម្ពន្ធមិត្តរបស់អាមេរិក ។
កាលបរិច្ឆេទបញ្ចប់គម្រោងនេះ អាចរហូតទៅដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ។
គួរបញ្ជាក់ថា កាលពីខែឧសភា ឆ្នាំ២០២០ ក្រុមហ៊ុនអវកាសយក្សមួយនេះ ក៏បានទទួលទឹកប្រាក់ប្រហែល៩០០លានដុល្លារ ដើម្បីផលិតឧទ្ធម្ភាគចក្រប្រយុទ្ធតាមសមុទ្រចំនួន២១គ្រឿងឲ្យប្រទេសឥណ្ឌា និង៣ គ្រឿងឲ្យដល់កងទ័ពជើងទឹកអាមេរិក ៕ ប្រែសម្រួលដោយ៖ thach yat